+855 23 43 00 63

13

Oct, 2020

ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្តអបអរសាទរភាពជោគជ័យនៃគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចូលរួមកិច្ចប្រជុំប្រចាំខែកញ្ញារបស់អគ្គនាយកដ្ឋានរតនាគារជាតិ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជូ គឹមឡេង​ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំបានចាប់ផ្តើមអំពីការលើកឡើងនូវវឌ្ឍនភាពចម្បងៗនៃអគ្គនាយកដ្ឋានរតនាគារជាតិ ដោយឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូររាជដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ​ ព្រមទាំងមានការលើកឡើងអំពីបញ្ហាប្រឈមពីរតនាគាររាជធានី-ខេត្តទាំង២៥។ ក្នុងឱ្យកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ជូ គឹមឡេង​ បានអបអរសាទរសម្រាប់ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ FMIS បានយ៉ាងជោគជ័យនៅក្នុងដំណាក់កាលទី២ និងឈានចូលដំណាក់កាលទី៣ ក្នុងឆ្នាំ២០២១-២០២៥ខាងមុខ ។​ បន្ថែមពីនេះ ឯកឧត្តមក៏សង្ឃឹមយ៉ាងមុតមាំថា នៅថ្ងៃមុខឆាប់ៗនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ឱ្យអនុវត្តនូវប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗទៀត (ក្រៅពីការទូទាត់ប្រាក់បៀវត្សជូនមន្ត្រីរាជការ និងប្រតិបត្តិការទូទាត់ត្រង់)  នៅក្នុងប្រព័ន្ធ FMISទាំងស្រុង។  ឯកឧត្តមបានមានប្រសាសន៍ថា “សង្ឃឹមថា នាឆ្នាំ២០២១ យើងនឹងមានច្បាប់ទូទាត់ចេញពីប្រព័ន្ធ FMIS ទាំងស្រុងផងដែរ”។