+855 23 43 00 63

20

Apr, 2023

វគ្គបណ្តុះបណ្តាល “លើគ្រប់មុខសញ្ញាចំណាយថវិកាចរន្តដែលមិនមានធានាចំណាយដោយឡែក តាមប្រព័ន្ធ FMIS ទាំងស្រុង” ផ្អែកតាមនីតិវិធីតម្រង់ទិសថ្មីសម្រាប់ក្រសួងចំនួន ៧

ដោយ៖: | Tags: | មតិយោបល់: 0

នាថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែ មេសា ឆ្នំា ២០២៣ តាមប្រព័ន្ធសន្នីសិទវីដេអូ, លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាស្តីពី “លើគ្រប់មុខសញ្ញាចំណាយថវិកាចរន្តដែលមិនមានធានាចំណាយដោយឡែក តាមប្រព័ន្ធ FMIS ទាំងស្រុង”ផ្អែកតាមនីតិវិធីតម្រង់ទិសថ្មី ជូនថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសទទួលបន្ទុកថវិកាហិរញ្ញវត្ថុ នៃអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ នៅក្រសួងចំនួន ៧រួមមាន៖ ១-ក្រសួងសុខាភិបាល, ២-ក្រសួងផែនការ, ៣-ក្រសួងអប់រំ យុវជន និងកីឡា, ៤-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ៥-ក្រសួងសាធារណការ និងដឹកជញ្ជូន, ៦-ក្រសួងមុខងារសាធារណៈ និង ៧-ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, អគ្គនាយកដ្ឋានថវិកា ក្នុងនាមអភិបាលហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងមានគណនេយ្យករសាធារណៈ ។
វគ្គបណ្តុះបណ្តាលនេះតាមប្រព័ន្ធសន្នីសិទវីដេអូ មានរយៈពេល ២ ថ្ងៃនេះ គឺចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ និង ត្រូវបានបែងចែកទៅតាមមុខងារ និង អ្នកអនុវត្តជាមួយប្រព័ន្ធផ្ទាល់ ដែលក្នុងនោះមុខវិជ្ជារួមមាន៖
១. អ្នកបង្កើតប្រតិបត្តិការផ្នែកទូទាត់ចំណាយ (អាណត្តិទូទាត់)
២. អ្នកត្រួតពិនិត្យ និង អនុម័ត ប្រតិបត្តិការផ្នែកទូទាត់ចំណាយ (អាណត្តិទូទាត់)
៣. អគ្គនាយកដ្ឋានថវិកា ដំណាក់កាល អភិបាលហិរញ្ញវត្ថុ (អាណត្តិទូទាត់)
៤. អគ្គនាយកដ្ឋានរតនាគារជាតិ ដំណាក់កាល គណនេយ្យករសាធារណៈ (អាណត្តិទូទាត់)
ជាមួយគ្នានេះ ក្រុមការងារបានគ្រោងរៀបចំវគ្គបណ្តុះបណ្តាលដោយផ្ទាល់ នៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៣ នៅសាលប្រជុំ អគារ “ឃ” នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើមុខវិជ្ជា៖ អ្នកត្រួតពិនិត្យ, អ្នកអនុម័តប្រតិបត្តិការអាណត្តិទូទាត់ក្នុងកម្រិតអគ្គនាយក សម្រាប់ដំណាក់កាលអាណាប័ក និង ក្នុងកម្រិតថ្នាក់ដឹកនាំកំពូលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់ដំណាក់កាលអភិបាលហិរញ្ញវត្ថុផងដែរ ។
សូមបញ្ជាក់ថា បន្ទាប់ពីការចែករំលែកជាលក្ខណៈទ្រឹស្តីពីសំណាក់លោកគ្រូ អ្នកគ្រូ ពីការអនុវត្តនីតិវិធីតម្រង់ទិសថ្មីរួចរាល់ លោកក៏បានធ្វើការអនុវត្តបង្ហាញពីរបៀបប្រើប្រាស់នីតិវិធីថ្មីនេះនៅក្នុងប្រព័ន្ធ FMIS ផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងការអនុវត្តប្រព័ន្ធនាពេលខាងមុខនេះ ។
នីតិវិធីថ្មីនេះនឹងផ្តល់នូវអត្ថប្រយោជន៍ជូនអ្នកប្រើប្រាស់ដូចជា ៖
– មិនមានការរៀបចំ និង បញ្ជូនសំណុំឯកសារអាណត្តិបើកប្រាក់ជាក្រដាស ពីដំណាក់កាលមួយទៅដំណាក់កាលមួយ គឺអនុវត្តតាមប្រព័ន្ធ FMIS ទាំងស្រុង
– លិខិតយុត្តិការចំណាយមួយចំនួន ត្រូវបានស្គែនបញ្ចូលក្នុងប្រព័ន្ធ FMIS
– ជំហាននៃការអនុវត្តនីតិវិធីថ្មីមានលក្ខណៈសាមញ្ញ, ខ្លី, លឿន និង មានព័ត៌មានគ្រប់គ្រាន់ក្នុងការតាមដានអំពីស្ថានភាពនៃប្រតិបត្តិការ
– កាត់បន្ថយចំណាយមួយចំនួនដូចជា ចំណាយរដ្ឋបាល និង ចំណាយថ្លៃធ្វើដំណើរផ្សេងៗ
– មានភាពងាយស្រួលក្នុងការស្វែងរកប្រតិបត្តិការនៅក្នុង បើទោះជាប្រតិបត្តិការបានចប់រយៈពេលយូរឆ្នាំ បើប្រៀបធៀបនឹងការអនុវត្តពីមុន ។