
28
May, 2019
ក្រុមការងារ FMIS ចុះដំឡើង Wall point នៅក្រសួងវប្បធម៍ និងអាជ្ញាធរសវនកម្មជាតិ
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៩ បានបន្តបេសកកម្មរបស់ខ្លួន ដើម្បីចុះដំឡើង Wall point នៅក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងអាជ្ញាធរសវនកម្មជាតិ ដែលនឹងត្រូវអនុវត្តប្រព័ន្ធ FMIS នៅឆ្នាំ២០១៩ នេះ ។ តាមផែនការ ក្រុមការងារ នឹងបញ្ចប់ការដំឡើង Wall point នៅក្រសួង-ស្ថាប័នទាំងពីរនេះ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ។
ប្រព័ន្ធ FMIS គឺជាប្រព័ន្ធដែលធ្វើស្វ័យប្រវត្តិកម្ម និងធ្វើការរួមបញ្ចូលគ្នានូវប្រតិបត្តិការហិរញ្ញវត្ថុទាំងផ្នែកថវិកា និងរតនាគារ ក្នុងគោលដៅកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់រាជរដ្ឋាភិបាលកម្ពុជាឱ្យជឿនលឿនដូចប្រទេសក្នុងតំបន់ និងសាកលលោក។
ក្រសួង-ស្ថាប័ន នឹងទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ប្រព័ន្ធ FMIS ដូចជា៖
-ពង្រឹងគណនេយ្យភាពស្ថាប័ន និងភាពជាម្ចាស់ក្នុងការគ្រប់គ្រង និងអនុវត្តថវិកា
-កាត់បន្ថយការប្រើប្រាស់ធនធានក្នុងការរត់ការឯកសារទៅតាមនីតិវិធីនីមួយៗ
-តាមដានការអនុវត្តថវិកាបានកាន់តែមានប្រសិទ្ធភាពជាងមុន
-ទទួលបានមូលដ្ឋានគ្រឹះមួយក្នុងការពិនិត្យមើលឡើងវិញនូវនីតិវិធីអនុវត្តការងារ ដែលនាំឱ្យមានការរាំងស្ទះ ឬពន្យាពេលដល់ការអនុវត្តថិវកា
-មានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តថវិកាកម្មវិធី ដោយប្រើប្រាស់ចំណាត់ថ្នាក់ថវិកាដែលមានស្រាប់នៅក្នុងប្រព័ន្ធ
-មានភាពងាយស្រួលក្នុងការតាមដានឥណទានថវិកា
-អាចតាមដាននូវដំណើរការនៃការអនុវត្តថវិកាតាមយៈលំហូរការងារក្នុងប្រព័ន្ធ FMIS (ពេលបញ្ជូន, ពេលពិនិត្យរួច និងពេលអនុម័តរួច) ។