
30
Jul, 2020
ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច កើនឡើង ស្របពេលដែលការប្រើប្រាស់មូលប្បទានប័ត្រថយចុះ
គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២០ នេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច (EFT-Electronic Fund Transfer) ។ ក្នុងនោះ កំណើននៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច មានការកើនឡើងពី ៦៦% ទៅ ៧១,៨% បើធៀបនឹងត្រីមាសទី៤ ក្នុងឆ្នាំ២០១៩ កន្លងទៅ។ ចំណុចសំខាន់នៃកំណើននៃការទូទាត់នេះ គឺការថយចុះនៃចំនួនការបោះផ្សាយមូលប្បទានប័ត្រ ពោលគឺថយពី ៣៣,៩% នៃត្រីមាសទី៤ ឆ្នាំ២០១៩ មកត្រឹម ២៨,១% នៃត្រីមាសទី១ ឆ្នាំ ២០២០។
គួរជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៨ កន្លងទៅ បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច (EFT) នេះ ។ EFT (Electronic Fund Transfer) ជាមុខងារនៅក្នុងប្រព័ន្ធ FMIS ដែលប្រើប្រាស់សម្រាប់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចជូនក្រុមហ៊ុនផ្គត់ផ្គង់ និងក្រសួង-ស្ថាប័ន ដោយមិនតម្រូវឲ្យមានការបោះផ្សាយមូលប្បទានប័ត្រដោយអគ្គនាយកដ្ឋានរតនាគារជាតិឡើយ។ បន្ថែមពីនេះ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច បានបង្កើនល្បឿននៃការទូទាត់បានយ៉ាងមានប្រសិទ្ធភាព ។ អគ្គនាយកដ្ឋានរតនាគារជាតិនឹងផ្ទេរទឹកប្រាក់ចេញពីគណនីនៅធនាគារជាតិ ទៅគណនីធនាគាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ ឬក្រសួង-ស្ថាប័ន ដោយផ្ទាល់តែម្តង ។