+855 23 43 00 63

30

Sep, 2022

កិច្ចប្រជុំស្តីពីការបង្ហាញពីនីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តគ្រប់មុខសញ្ញាក្នុងប្រព័ន្ធ FMIS ទាំងស្រុង

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២ តាមកម្មវិធី Zoom ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោង FMIS ស្តីពីការបង្ហាញពីនីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តគ្រប់មុខសញ្ញាក្នុងប្រព័ន្ធ FMIS ទាំងស្រុង ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីបច្ចេកទេសដែលអញ្ជើញមកពីអគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង,អគ្គាធិការដ្ឋាន, អគ្គនាយកដ្ឋានសហប្រតិបត្តការអន្តរជាតិ និង គ្រប់គ្រងបំណុល, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ជម្រាបអង្គប្រជុំថា ៖ យោងតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក្នុងការដាក់អនុវត្តនីតិវិធីអនុវត្តការងារថ្មីក្នុងប្រព័ន្ធ FMIS ទាំងស្រុង ដោយមិនមានក្រដាសស្នាមខាងក្រៅសម្រាប់នីតិវិធីចំណាយថវិកាចរន្តគ្រប់មុខសញ្ញានៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានពុះពារ និង ខិតខំសម្រេចជាអាទិភាពឱ្យបានទៅលើការងាររៀបចំនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងនេះ ដែលរួមមានកិច្ចការពាក់ព័ន្ធដូចជា៖ការរៀបចំកែសម្រួលលើផែនការសកម្មភាពរួម, ការរៀបចំកិច្ចប្រជុំជាច្រើនលើករួមមានកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ និង កិច្ចប្រជុំជាមួយនឹងក្រសួង-ស្ថាប័នអនុវត្ត អជ្ញាធរសវនកម្មជាតិ អង្គភាពប្រឆាំងអំពើពុករលួយ, ការរៀបចំសេចក្តីព្រាងឯកសារសេចក្តីណែនាំ ឯកសារស្តង់ដារអនុវត្តនីតិវិធីអនុវត្តការងារ (SOP) ឯកសារបណ្តុះបណ្តាល និង ឯកសារគាំទ្រនានា, ការរៀបចំអភិវឌ្ឍប្រព័ន្ធ FMIS សម្រាប់ការអនុវត្តតាមនីតិវិធីអនុវត្តការងារថ្មីទាំងស្រុង, ការរៀបចំវគ្គបណ្តុះបណ្តាល និង កិច្ចការត្រៀមសម្រាប់បង្ហាញជូនថ្នាក់ដឹកនាំ, ការដាក់ដំឡើងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការបណ្តុះបណ្តាល និង សម្រាប់អ្នកប្រើប្រាស់នៅគ្រប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលទើបបង្កើតបន្ថែមនាពេលថ្មីៗ និង ការរៀបចំក្រុមការងារពិសេសសម្រាប់ត្រៀមគាំទ្រនិងដោះស្រាយបញ្ហាបន្ទាប់ពីពេលដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារថ្មីក្នុងប្រព័ន្ធ FMIS ទាំងស្រុង ។ គោលបំណងធំរបស់កិច្ចប្រជុំថ្ងៃនេះមានចំនួន ២ គឺ ៖
១. ការធ្វើការបង្ហាញនីតិវិធីថ្មីតាមប្រព័ន្ធ FMIS នៅដំណាក់កាលអាណាប័ករហូតដល់អភិបាលហិរញ្ញវត្ថុ ដើម្បីជម្រាបជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពាក់ព័ន្ធ និង ក្រុមការងារគ្រប់គ្រងគម្រោង FMIS ឱ្យបានជ្រាបបន្ថែមអំពីការអនុវត្តនីតិវិធីថ្មីទាំងស្រុងដោយគ្មាននីតិវិធីខាងក្រៅក្នុងប្រព័ន្ធ FMIS បន្ទាប់ពីបានរៀបចំប្រព័ន្ធបានរួចរាល់ និង ការបណ្ដុះបណ្ដាលអ្នកប្រើប្រាស់ប្រព័ន្ធដែលបានរៀបចំរួចរាល់នៅថ្ងៃទី ១៩ ដល់ ២៣ ខែ កញ្ញា ឆ្នាំ ២០២២ សម្រាប់អ្នកបង្កើតប្រតិបត្តិការ, អ្នកពិនិត្យ, អ្នកអនុម័តនៅគ្រប់ដំណាក់កាល ចាប់តាំងពីដំណាក់កាលអាណាប័ក, អភិបាលហិរញ្ញវត្ថុ និង គណនេយ្យករសាធារណៈ (ទូទាត់ចំណាយថវិកា) ។
២. ការត្រៀមខ្លួនរបស់អគ្គនាយកដ្ឋានពាក់ព័ន្ធ សម្រាប់ការប្រកាសដាក់ឱ្យអនុវត្តនីតិវិធីថ្មីទាំងស្រុងតាមប្រព័ន្ធ FMIS នៅក្នុងពិធីនៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២២ ខាងមុខតាមការសម្រេចរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២២។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានមានប្រសាសន៍បន្ថែមថា ការដាក់ឱ្យអនុវត្តការងារចំណាយថវិកាចរន្តគ្រប់មុខសញ្ញាក្នុងប្រព័ន្ធ FMIS ទាំងស្រុង ជាជំហានដំបូងសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាននេះ គឺជាចំណុចចាប់ផ្ដើម ដែលនឹងជាមូលដ្ឋានសម្រាប់ការកែលម្អនីតិវិធីអនុវត្តការងារថ្មីឱ្យបានកាន់តែល្អប្រសើរជាលំដាប់ទៅតាមការអនុវត្តផែនការយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកា, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង គោលនយោបាយបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រសិទ្ធភាព និង គុណភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាជន ។