
9
Jan, 2019
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS
នៅសប្តាហ៍ទី១ ឆ្នាំ២០១៩នេះ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធ FMIS ដើម្បីកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកា ពិសេសប្រតិបត្តិការអាណត្តិប្រាក់បៀវត្សទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដែលមន្ទីរមួយចំនួនសម្រេចបានដល់១០០%។
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប បានឱ្យដឹងថា រហូតមកដល់ពេលនេះ ពោលគឺនៅថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៩ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើប្រតិបត្តិការ និងអនុម័តអាណត្តិបើកប្រាក់បៀវត្សខែមករាក្នុងប្រព័ន្ធ FMIS សម្រេចបាន ១០០% ហើយបានបញ្ជូនទៅរតនាគារខេត្តរួចហើយ។ រតនាគារខេត្ត អាចបញ្ចេញមូលប្បទានបត្រជូនគ្រប់បណ្តាមន្ទីរ អង្គភាព រដ្ឋបាលខេត្ត ក្រុង ស្រុក ទៅធនាគារដើម្បីបង្វែរប្រាក់បៀវត្សជូនមន្ត្រីរាជការ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក បានដោយរលូន។
មិនខុសគ្នានោះដែរ សម្រាប់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្វាយរៀង ក៏បានបញ្ជូល និង អនុម័តថវិកាថ្នាក់ក្រោមជាតិបានរួចរាល់ រីឯថវិកាថ្នាក់ជាតិកំពុងតែបញ្ជូល និងត្រួតពិនិត្យដើម្បីអនុម័ត ឬឯមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ ក៏បាន និង កំពុងបញ្ចូលអាណត្តិប្រាក់បៀវត្សជាបន្តបន្ទាប់ផងដែរ ។
ការទទួលបានជោគជ័យនេះ ដោយទទួលបានគាំទ្រពីមន្ត្រីជំនាញ FMIS ពីចំងាយ និងការគាំទ្រពីមន្រ្តីជំនាញមកពីរតនាគាររាជធានី-ខេត្ត ផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធ FMIS ត្រូវបានចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងជំហានទី២ នៅដើមឆ្នាំ ២០១៨ នៅក្រសួងចំនួន ១០ និងបានពង្រីកការដាក់ឱ្យប្រើប្រាស់ជាផ្លូវការទៅកាន់ក្រសួង-ស្ថាប័នថ្មីចំនួន១០ បន្ថែម និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ នៅដើមឆ្នាំ ២០១៩។ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ នឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ធ្វើការកត់ត្រា និងទាញយករបាយការណ៍ហិរញ្ញវត្ថុ និងថវិកា លើមុខងារចំនួន០៤ គឺមុខងារវិភាជន៍ថវិកា (Budget Allocate – BA), មុខងារគណនីត្រូវសង (Account Payable – AP), មុខងារទិញ (Purchase Order – PO), និងមុខងារគណនីត្រូវទារ (Account Receivable – AR)។