+855 23 43 00 63

5

Apr, 2018

បើទោះមានការបារម្ភតិចតួចតែមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ស្វាគមន៍ដំណើរបេសកកម្មរបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីសប្តាហ៍ថ្ងៃទី២៦ ដល់ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨ ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានបន្តបេសសកម្មរបស់ខ្លួនទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្ដាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ រាជធានីភ្នំពេញ និងក្រចេះ ដើម្បីសិក្សាពីនីតិវិធីអនុវត្តការងារ និងកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ។

ក្នុងដំណើរបេសសកម្មសប្តាហ៍នេះ ក្រុមការងារលេខាធិការដ្ឋានបន្តទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដែលអនុញ្ញាតិឱ្យក្រុមការងារអាចសម្រេចបានជោគជ័យក្នុងការកំណត់អត្តសញ្ញាណ និងនីតិវិធីអនុវត្តការងារ បើទោះជាក្នុងនោះមានការបារម្ភតិចតួចពីការចាត់ចែងមន្រ្តីប្រើប្រាស់ប្រព័ន្ធនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្តី។ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើការពន្យល់ពីការចាត់តាំងមន្រ្តីប្រើប្រាស់ប្រព័ន្ធឱ្យសមស្របនឹងការងារបច្ចុប្បន្ននិងការងារក្នុងប្រព័ន្ធ ម្យ៉ាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏អាចធ្វើសំណើសុំផ្សេងៗពីការបន្ថែមមន្រ្តី ការស្នើសុំបណ្តុះបណ្តាល ឬជំនួយពីក្រុមការងារផងដែរ។

ក្នុងដំណើរបេសសកកម្មនេះ ក្រុមហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន បានសិក្សាពីទីតាំង និងគូរប្លង់អគារនៃមន្ទីរសេដ្ឋកិច្ចទាំងអស់រួចរាល់ ព្រមទាំងបានចុះទៅធ្វើការថែទាំ និងជួសជុលម៉ាស៊ីនកុំព្យូទ័រ នៅរតនាគារខេត្តផងដែរ។ សម្រាប់ក្រុមមុខងារប្រព័ន្ធ បានធ្វើការសិក្សាពីលំហូរការងារទៅតាមមុខងារនីមួយៗ និងទទួលបានឯកសារគ្រប់គ្រាន់ដែលមុខងារនីមួយៗត្រូវការ ដើម្បីយកមកសិក្សាបន្ថែម។ ក្រុមការងារថែមទាំងទទួលបាននូវអង្គការលេខ និងការបែងចែកតួនាទី ភារកិច្ចរបស់មន្ទីរផងដែរ។ យ៉ាងណាមិញ សម្រាប់បញ្ជីឈ្មោះអ្នកដែលត្រូវប្រើប្រាស់ប្រព័ន្ធ គឺខាងមន្ទីរសូមពិភាក្សាផ្ទៃក្នុងជាមុនសិនទើបផ្ញើជូនក្រុមការងារតាមក្រោយ។

គួរបញ្ជាក់ផងដែរថា សប្តាហ៍ទី១ នៃខែមេសា នេះ គឺជាបេសសកម្មបញ្ចប់របស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត កំពង់ឆ្នាំង បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន ។