+855 23 43 00 63

5

Jan, 2018

តំណាងដៃគូអភិវឌ្ឍន៍អបអរសាទរចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS នៅកម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

តាមរយៈការកត់សម្គាល់នៅក្នុងកិច្ចប្រជុំមួយស្តីពី “ការត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៧ ” ដែលបានប្រព្រឹត្តទៅនៅថ្ងៃព្រហស្បត្តិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កន្លងទៅ តំណាងដៃគូអភិវឌ្ឍន៍ប្រចាំនៅកម្ពុជា បានអបអរសាទរចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ ហៅកាត់ថា FMIS នៅជំហានទី ១ និងការវិវដ្តនៃជំហានទី ២ ដែលបាននិងកំពុងដាក់ឱ្យអនុវត្តនៅតាមក្រសួង-ស្ថាប័នចំនួន១០ ។

ជាមួយគ្នានេះផងដែរ តំណាងដៃគូអភិវឌ្ឍន៍ក៏បានសាទរចំពោះសមិទ្ធផលសំខាន់ៗជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចបានតាមរយៈកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសលើការកៀរគរចំណូល និងភាពជោគជ័យនៃការអនុវត្តគម្រោង FMIS ជំហានទី ១ ហើយកំពុងបន្តអនុវត្តជំហានទី ២ ថែមទៀត ។

កិច្ចប្រជុំដែលបានប្រព្រឹត្តទៅរយៈពេលកន្លះថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងតំណាងក្រសួង-ស្ថាប័ន បានផ្តោតសំខាន់លើការត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៧ ។ តាមរយៈរបាយការណ៍ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៧ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនានារួមមាន៖ វឌ្ឍនភាពនៃការអនុវត្តការប្រមូលចំណូលកាន់តែមានភាពរឹងមាំ, ការអនុវត្តចំណាយកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ, ចំណាត់ថ្នាក់ថវិកាទាំង ៧ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត និងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS នៅក្នុងជំហានទី ២ ដែលបាននិងកំពុងដាក់ឱ្យអនុវត្តនៅតាមក្រសួង-ស្ថាប័នចំនួន១០ នៅក្នុងឆ្នាំ ២០១៨ ។