
29
May, 2019
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ ការដាក់បញ្ចូលចំណាត់ថ្នាក់ថវិកាទាំង៧ក្នុងប្រព័ន្ធ FMIS បង្កើតបានជាមូលដ្ឋានសម្រាប់ការកត់ត្រាគណនេយ្យគ្រប់ជ្រុងជ្រោយ និងអាចផលិតរបាយការណ៍បានទាន់ពេលវេលា
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានមានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តជាណ្តើរៗ នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដោយបានដាក់បញ្ចូលចំណាត់ថ្នាក់ថវិកាទាំង ៧ បង្កើតបានជាមូលដ្ឋានសម្រាប់ការកត់ត្រាគណនេយ្យគ្រប់ជ្រុងជ្រោយ និងអាចផលិតរបាយការណ៍បានទាន់ពេលវេលា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ មានប្រសាសន៍ដូចនេះ ក្នុងខណៈពេលដែលឯកឧត្តមថ្លែងក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៨ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា វឌ្ឍនភាពក្នុងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅក្នុងប្រទេសកម្ពុជា ប្រហែលជាមិនមានប្រទេសច្រើនទេ អាចសម្រេចបាន ជាពិសេសក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលចាប់ផ្តើមការងារនេះប្រហាក់ប្រហែលគ្នា។
ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូត និងជាប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាតំណាងដៃគូរអភិវឌ្ឍន៍ បានសាទរនិងសរសើរដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពង្រឹងនូវគណនេយ្យភាពហិរញ្ញវត្ថុ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់សេដ្ឋកិច្ចនិងមាតិកាគណនី និងការកែសម្រួលប្រព័ន្ធទូទាត់, ការកំណត់ជាក់លាក់តួនាទីនិងទំនួលខុសត្រូវថវិកានៅក្នុងក្រសួង-ស្ថាប័នតាមរយៈការបង្កើតអង្គភាពថវិកា និងការដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ព្រមទាំងការពង្រីកប្រព័ន្ធទំនើបកម្មមួយនេះទៅកាន់ក្រសួង-ស្ថាប័ន ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់បន្ថែមថា តួនាទីរបស់ប្រព័ន្ធ FMIS គឺជាឆ្អឹងខ្នងនៃកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ( PFM) ដោយផ្តល់នូវភាពស្វ័យប្រវត្តិនូវដំណើរការ ក្នុងការធ្វើផែនការ ការធ្វើប្រតិបត្តិការ និងការត្រួតពិនិត្យថវិកា។ ការអនុវត្តប្រព័ន្ធ FMIS ដំណាក់កាលទី ១ និងការបិទបញ្ចប់ការរៀបចំរបាយការណ៍ខាងក្រៅប្រព័ន្ធ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីកែលម្អរភាពទាន់ពេលវេលា និងគុណភាពនៃរបាយការណ៍នៃការអនុវត្តថវិកា។
គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រព័ន្ធ FMIS បាន និងកំពុងអភិវឌ្ឍជំហានទី ២ ដោយបានដាក់ឱ្យអនុវត្តជាផ្លូវការនៅតាមក្រសួង-ស្ថាប័នចំនួន ២០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង២៥ រាជធានី-ខេត្ត រីឯក្រសួង-ស្ថាប័នចំនួន ១៧ ផ្សេងទៀត នឹងត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅឆ្នាំ ២០២០ ខាងមុខ។