
21
Feb, 2019
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំ ដែលធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្តោតសំខាន់លើសេចក្តីព្រាងរបាយការណ៍ត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រីមាសទី៤ ឆ្នាំ២០១៨ ។
យោងតាមសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០១៨ ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបានលទ្ធផលដូចជា៖
-ចំណាត់ថ្នាក់ថវិកាចំនួន៤ (សេដ្ឋកិច្ច, កម្មវិធី, រដ្ឋបាល និងគម្រោង) ក្នុងចំណោមចំណាត់ថ្នាក់ទាំង៧ ត្រូវបានអនុវត្តពេញលេញតាមប្រព័ន្ធ FMIS និងចំណាត់ថ្នាក់៣ទៀតកំពុងបន្តជំរុញអនុវត្ត ។
-មុខងារស្នូលចំនួន៦ ត្រូវបានដាក់ឱ្យអនុវត្ត ។ ឆ្នាំ ២០១៩-២០២០ FMWG នឹងអភិវឌ្ឍមុខងារលទ្ធកម្ម និងថវិកា ហើយដាក់ឱ្យអនុវត្តសាកល្បងក្នុង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
-សម្ភារបច្ចេកទេស ត្រូវបានដំឡើងនៅគ្រប់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និងក្រសួង-ស្ថាប័នថ្មីៗចំនួន១០ រួមមានការដំឡើងឧបករណ៍ WAN/LAN ការភ្ជាប់បណ្តាញអគ្គិសនី កុំព្យូទ័រ ម៉ាស៊ីនបោះពុម្ភ ម៉ាស៊ីនស្កេន និងកម្មវិធី FMIS, វគ្គបណ្តុះបណ្តាល End-users ប្រមាណ ៥០០នាក់ សម្រាប់ក្រសួងថ្មីចំនួន១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ចំនួន២៥, មជ្ឈមណ្ឌលទិន្នន័យព័ត៌មានវិទ្យា FMIS ថ្មីត្រូវបានបើកដំណើរការ ។
-GDNT បិទបញ្ជីហិរញ្ញវត្ថុឆ្នាំ២០១៧ តាមប្រព័ន្ធ FMIS ។
-របាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដារមូលដ្ឋានសាច់ប្រាក់ IPSAS ត្រូវបានរៀបចំដោយសហការជាមួយជំនាញការមូលនិធិហិរញ្ញវត្ថុអន្តរជាតិ ៕