
22
Feb, 2023
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMISបានចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ដំណាក់កាលទី៣ បូក២ (PFM-TWG) 
ព្រឹកថ្ងៃ ពុធ ៣កើត ខែ ផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នំា ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីរដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ចូលរួម “កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ដំណាក់កាលទី៣ បូក២ (PFM-TWG)” ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូអនឡាញ ពីចម្ងាយ ដែលមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័ន, អង្គការសង្គមស៊ីវិល និង ដៃគូអភិវឌ្ឍន៍ ។
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញពីវឌ្ឍនភាពក្នុងការអនុវត្តគម្រោង FMIS សម្រាប់ឆ្នាំ ២០២២ ដែលសម្រេចបាន ៩៨% នៃសូចនាករដែលបានដាក់ឡើងកាលពីដើមឆ្នាំ ២០២២ ដែលរួមមានទាំងការងារពង្រីកការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់ការដ្ឋានថ្មីៗ ការអភិវឌ្ឍន៍មុខងារថ្មីបន្ថែម និង ការពង្រឹងការអនុវត្តគម្រោងលើការអភិវឌ្ឍរបាយការណ៍ក្នុងប្រព័ន្ធបន្ថែម ពិសេសការកែសម្រួលនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង ដែលថ្មីៗនេះបានដាក់ឱ្យប្រើប្រាស់នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថានលើនីតិវិធីទូទាត់ថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ។
សមិទ្ធផលសំខាន់ៗដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបានដែលជាចលករដ៏សំខាន់ដែលនាំឱ្យមានការផ្លាស់ប្តូរយ៉ាងធំមួយសម្រាប់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរួមមាន៖
– ឆ្នាំ ២០២២ បានដាក់ប្រព័ន្ធ FMIS ឱ្យប្រើប្រាស់ចំនួន ៣៥ ការដ្ឋាន និង បានដំឡើងហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធរួចរាល់ដើម្បីត្រៀមដាក់ឱ្យអនុវត្តនៅឆ្នាំ ២០២៣ បានចំនួន ១៤ ការដ្ឋាន
– ឆ្នាំ ២០២២ បានដាក់ឱ្យប្រើប្រាស់មុខងារលទ្ធកម្មពេញលេញចំនួន ៣៤ ការដ្ឋាន និង បានដំឡើងរួចរាល់ដើម្បីត្រៀមអនុវត្តនៅឆ្នាំ ២០២៣ ចំនួន ២៥ ការដ្ឋាន
– ឆ្នាំ ២០២២ បានដាក់ឱ្យប្រើប្រាស់មុខងាររៀបចំផែនការថវិកាចំនួន ១១ ការដ្ឋាន និង បានដំឡើងរួចរាល់ដើម្បីត្រៀមអនុវត្តនៅឆ្នាំ ២០២៣ ចំនួន ៣៧ ការដ្ឋាន
– បានរៀបចំ និង អភិវឌ្ឍរបាយការណ៍ក្នុងប្រព័ន្ធ FMISសរុបចំនួន ៤៣ របាយការណ៍ដែលក្នុងនោះមានទាំងរបាយការណ៍សម្រាប់ក្រសួង-ស្ថាប័ន, សម្រាប់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, សម្រាប់រដ្ឋបាលរាជធានី-ខេត្ត និង សម្រាប់រតនាគាររាជធានី-ខេត្តទាំង ២៥ និង Query តាមមុខងារសរុបចំនួន ១៧ ។ ក្នុងនោះផងដែរ ក្រសួង-ស្ថាប័ន ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញបានទាញរបាយការណ៍ប្រើប្រាស់ពីប្រព័ន្ធ FMIS ជាមធ្យមសុរបចំនួន ១,៤០០ ដងក្នុងមួយខែ, រដ្ឋបាលរាជធានី-ខេត្តបានទាញរបាយការណ៍ប្រើប្រាស់ពីប្រព័ន្ធ FMIS ចំនួន ១២០ ដងក្នុងមួយខែ, សម្រាប់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តបានទាញរបាយការណ៍ចំនួន ៨៧០ ដងក្នុងមួយខែ និង សម្រាប់រតនាគាររាជធានី-ខេត្តបានទាញរបាយការណ៍ប្រើប្រាស់ពីប្រព័ន្ធ FMIS សរុបចំនួន ៨០០០ ដងក្នុងមួយខែ ។
– ក្នុង ឆ្នាំ ២០២២ ការប្រើប្រាស់ចំណាត់ថវិកាក្នុងប្រព័ន្ធ FMIS ក៏មានការប្រើប្រាស់គួរឱ្យកត់សម្គាល់សម្រាប់ការអនុវត្តចំណាយមូលធនថ្នាក់ជាតិគឺមានការប្រើប្រាស់ ១០០% លើចំណាត់ថ្នាក់សេដ្ឋកិច្ច, ចំណាត់ថ្នាក់រដ្ឋបាល, ចំណាត់ថ្នាក់ភូមិសាស្រ្ត, ចំណាត់ថ្នាក់គម្រោង, ចំណាត់ថ្នាក់កម្មវិធី, ចំណាត់ថ្នាក់មូលនិធិបាន ៩៩ % និង ចំណាត់ថ្នាក់មុខងារបាន ៧៧% និង សម្រាប់ការអនុវត្តចំណាយមូលធនថ្នាក់ក្រោមជាតិអនុវត្តចំណាត់ថ្នាក់ថវិកាបាន ១០០% លើចំណាត់ថ្នាក់សេដ្ឋកិច្ច, ចំណាត់ថ្នាក់ភូមិសាស្រ្ត, ចំណាត់ថ្នាក់មូលនិធិ, ចំណាត់កម្មវិធី, ចំណាត់ថ្នាក់រដ្ឋបាលប្រើប្រាស់ ៩២%, ចំណាត់ថ្នាក់គម្រោង ៥១% និង ចំណាត់ថ្នាក់មុខងារ ៤០% ។ ចំណាត់ថ្នាក់ថវិកានៃការអនុវត្តថវិកាចរន្តថ្នាក់ជាតិគឺមានការប្រើប្រាស់ ១០០% លើចំណាត់ថ្នាក់សេដ្ឋកិច្ច, ចំណាត់ថ្នាក់មូលនិធិ, ចំណាត់ថ្នាក់កម្មវិធី, ចំណាត់ថ្នាក់រដ្ឋបាលប្រើប្រាស់បាន ៩៤% , ចំណាត់ថ្នាក់គម្រោង ២% និង ចំណាត់ថ្នាក់មុខងារ ១៨% និង ចំណាត់ថ្នាក់ថវិកានៃការអនុវត្តថវិកាចរន្តថ្នាក់ក្រោមជាតិគឺមានការប្រើប្រាស់ ១០០% លើចំណាត់ថ្នាក់សេដ្ឋកិច្ច, ចំណាត់ថ្នាក់ភូមិសាស្រ្ត និង ចំណាត់ថ្នាក់កម្មវិធី, ចំណាត់ថ្នាក់រដ្ឋបាលប្រើប្រាស់ ៩៤% , ចំណាត់ថ្នាក់មុខងារបាន ៤៣%, ចំណាត់ថ្នាក់មូលនិធិ ៩៩% និង ចំណាត់ថ្នាក់គម្រោង មិនមានការប្រើប្រាស់ឡើយ ។
– បានធ្វើការសន្ធានកម្មជាមួយធនាគារជាតិនៃកម្ពុជា, ធនាគារពាណិជ្ជ ដើម្បីផ្លាស់ប្តូរអត្រាការប្រាក់, ការទាញបញ្ចូលរបាយការណ៍ដោយស្វ័យប្រវត្ត, កាត់បន្ថយកំហុសឆ្គងខាងក្រៅនិងចំណេញពេលវេលា និង ការផ្ទៀងរបាយការណ៍ដោយស្វ័យប្រវត្តិ ។ ក្នុងនោះដែរប្រព័ន្ធ FMIS ក៏បានធ្វើសន្ធានកម្មជាមួយប្រព័ន្ធផ្សេងដូចជា ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS), ប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការរបស់ក្រសួងមុខងារសាធារណៈ, ប្រព័ន្ធគ្រប់គ្រងការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ, ប្រព័ន្ធ ACYUDA របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ប្រព័ន្ធគ្រប់គ្រងបំណុល (DMFAS) របស់អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល ដែលការធ្វើសន្ធានកម្មនេះទទួលបាននូវការកាត់បន្ថយការអនុវត្តការងារស្ទួនគ្នា និង កាត់បន្ថយនីតិវិធីខាងក្រៅ, ទទួលបានទិន្នន័យទាន់ពេលវេលា, សុក្រឹត្យភាព, សង្គតិភាព និង ងាយស្រួលស្វែងរកទិន្នន័យ ។ លើសពីនេះការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចដោយស្វ័យប្រវត្តិ (Electronic Fund Transfer) ក្នុងប្រព័ន្ធ FMIS ជាមួយធនាគារជាតិនៃកម្ពុជា, ធនាគារកាណាឌីយ៉ា និង ធនាគារអេស៊ីលីដា ។
– បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល (FMIS Portal ជំហានទី ១) ទៅកាន់រដ្ឋបាលស្រុកចំនួន ៧៥ និង រដ្ឋបាលឃុំចំនួន ១៨៥ ព្រមទាំងត្រៀមដាក់ឱ្យប្រើប្រាស់យ៉ាងតិចចំនួន ៥០០ រដ្ឋបាលស្រុក-ឃុំ ។
– បានបង្កើតឱ្យមានកម្មវិធីកញ្ចក់ថវិកាដែលជាកម្មវិធីរបាយការណ៍ឌីជីថលដែលនឹងក្លាយជាថ្នាលប្រមូលផ្តុំទិន្នន័យឌីជីថលទាំងទិន្នន័យហិរញ្ញវត្ថុ និង ទិន្នន័យមិនមែនហិរញ្ញវត្ថុ និង កម្មវិធីត្រួតពិនិត្យតាមដានប្រតិបត្តិការ ដែលអាចបង្ហាញពីស្ថានភាពប្រតិបត្តិការផ្សេងតាមមុខងារនីមួយៗរបស់មុខងារក្នុងប្រព័ន្ធ និង តាមដានការអនុវត្តការកែសម្រួលនីតិវិធីអនុវត្តការងារថ្មីក្នុងប្រព័ន្ធ FMIS ទាំងស្រុងផងដែរ ។
– ជាពិសេសបានដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងដោយមិនមានប្រើប្រាស់ក្រដាស្នាម សម្រាប់ឆ្នាំ ២០២២ លើនីតិវិធីចំណាយការបើកផ្តល់បៀវត្សនិងចំណាយលើបន្ទុកបុគ្គលិកផ្សេងនិងនីតិវិធីចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាបចំនួន ៣៤ ក្រសួង-ស្ថាប័ន ដែលបានកាត់តម្រឹមពីការអនុវត្តនៅ ៣០កន្លែងមកត្រឹម ១០កន្លែង និងពី ៥០ជំហានមកត្រឹម ១៣ជំហាន, និតិវិធីចំណាយថវិកាចរន្តនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងបរិស្ថាន ដែលបានកាត់បន្ថយពី៥២ជំហានមកត្រឹមក្រោម ២០ជំហាន , និង នីតិវិធីចំណាយថវិកាចរន្តមុខងារសញ្ញាដែលមិនមានធានាចំណាយជាមុនចំនួន ៨ ក្រសួង ។
សូមរំលឹកផងដែរថា កិច្ចប្រជុំបានបញ្ចប់ទៅដោយមានការចូលរួមយ៉ាងផុសផុលគួរឱ្យកត់សម្គាល់ពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសអង្គប្រជុំទាំងមូលបានធ្វើការពិភាក្សា និង ការឆ្លើយតបទៅលើមតិយោបល់របស់ដៃគូអភិវឌ្ឍន៍ ជាច្រើនចំនុច ដែលជាធាតុចូលដ៏សំខាន់នៅក្នុងការបន្តទិសដៅការងារសម្រាប់ឆ្នាំ ២០២៣ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។



























