+855 23 43 00 63

11

Oct, 2023

ការត្រៀមដាក់ឱ្យប្រើប្រាស់ FMIS ជាផ្លូវការទៅកាន់រដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ៤៤ ក្នុងពេលឆាប់ៗខាងមុខ

ដោយ៖: | Tags: | មតិយោបល់: 0

ស្របតាមផែនការសកម្មភាពនៃការអនុវត្តគម្រោង FMIS ក្នុងការពង្រីកវិសាលភាពការដាក់ឱ្យប្រើប្រាស់ FMIS ទៅកាន់រដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បាននិងកំពុងត្រួតពិនិត្យ និង រៀបចំលើការអនុវត្តនីតិវិធីការងារតាម FMIS ទាំងស្រុង ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងឆ្នាំ ២០២៤ ។ ក្នុងន័យនេះ ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំ ដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំ និង ដាក់ឱ្យអនុវត្ត FMIS នៅរដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ នៅក្នុងឆ្នាំ ២០២៤ ដែលមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ និង មន្ត្រីនៃអគ្គនាយកដ្ឋានអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៅបន្ទប់ប្រជុំអគារ ខ នៃទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃ ពុធ ១៣កើត ខែ ភទ្របទ ឆ្នាំ ថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៣។

បច្ចុប្បន្នថ្នាក់ដឹកនាំ និង មន្ត្រីនៅរដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ បាននិងកំពុងប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល FMIS Portal ជំនាន់ទី១ ដែលបានផ្លាស់ប្តូររបៀបនៃការបញ្ជូនឯកសារជាក្រដាសស្នាម (Hard-Copy) មកជាការបញ្ជូនឯកសារតាមបែបឌីជីលថល តាមរយៈកម្មវិធីទូរសព្ទទំនើប ទៅកាន់រតនាគាររាជធានី-ខេត្ត ដែលកម្មវិធីនេះបានផ្តល់សារៈប្រយោជន៍ជាច្រើន ពោលគឺ ចំណេញពេលវេលា និង ចំណាយថវិកាច្រើនជាងមុន ជាពិសេសបានកាត់បន្ថយនូវការធ្វើដំណើរផ្លូវវែងឆ្ងាយពីទីតាំងមួយទៅកាន់ទីតាំងមួយទៀត និងគ្រោះថ្នាក់ការងារជាយថាហេតុ ។ នៅក្នុងអង្គប្រជុំ ឯកឧត្តមបណ្ឌិត ឌី សុវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ បានកោតសរសើរដល់ក្រុមការងារ FMIS ដែលបានគិតគូក្នុងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល FMIS Portal ជំនាន់ទី១ ដ៏មានសារៈប្រយោជន៍នេះសម្រាប់ការងារហិរញ្ញវត្ថុ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានជួយសម្រួលដល់មន្ត្រីដែលអនុវត្តកិច្ចការហិរញ្ញវត្ថុ បានយ៉ាងច្រើន និង ទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ផ្ទាល់ផងដែរ។

ជាលទ្ធផលនៃកិច្ចពិភាក្សាយ៉ាងផុលផុស អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ បានយល់ស្រប ក្នុងការដាក់សម្រួលនីតិវិធីអនុវត្តការងារនៅរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ តាម FMIS ទាំងស្រុង នៅឆ្នាំ ២០២៤ និង សំណូមពរដល់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ឱ្យបន្តសហការជាមួយអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៅពេល FMIS បានដាក់ជូនរដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ទាំង៤៤ ដោយធ្វើយ៉ាងណាឱ្យប្រព័ន្ធនឹងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់ សម្រាប់ការអនុវត្តប្រតិបត្តិការថវិកា និង ហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និង គណនេយ្យភាព ៕