+855 23 43 00 63

25

Feb, 2015

កិច្ច​បទ​បង្ហាញ​ស្តីពី “គុណប្រយោជន៍​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ(FMIS)”

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS (FMWG) នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានរៀបចំ​បទ​បង្ហាញ​មួយ​ស្តីអំពី “គុណប្រយោជន៍​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS)” សម្រាប់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅវេលា​ម៉ោង ៣:០០ នាទី​រសៀល​នៅ​សាលប្រជុំ​ធំ អគារ​ធំ​នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។
កិច្ច​បទ​បង្ហាញ​នេះ ឯកឧត្តម​រដ្ឋមន្រ្តី​បានផ្តល់​នូវ​កិត្តិយស​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចាប់ពី​ថ្នាក់​អនុរដ្ឋលេខាធិការ​ឡើង។ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​អ្នកតំណាង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ លោក​ទីប្រឹក្សា ២ រូប​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​និង​ក្រុមការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ FIS-LG Joint Venture (Contractor)។

បទ​បង្ហាញ​បាន​ចែកចេញជា២ផ្នែក ដោយ​ផ្នែក​ទី ១ បាន​ផ្តោតទៅលើ​ទិដ្ឋភាព​រួម​នៃ​ការអនុវត្ត​គម្រោង FMIS រួមមាន​ដំណាក់កាល​អនុវត្ត​គម្រោង វឌ្ឍនភាព​របស់​គម្រោង និង​ការវិភាគ​ពី​ផលប៉ះពាល់​នៃ​ការផ្លាស់ប្តូរ ដែល​ត្រូវបាន​បង្ហាញ​ដោយ​លោក ឈា​ង យូ អនុប្រធាននាយកដ្ឋាន​ព័ត៌មានវិទ្យា និង ផ្នែក​ទី២ បាន​ផ្តោតទៅលើ ការបង្ហាញ​អំពី​ប្រព័ន្ធ FMIS ជាក់ស្តែង រួមជាមួយ​ប​នឹង​គុណប្រយោជន៍​របស់​ប្រព័ន្ធ FMIS ដែល​ត្រូវបាន​បង្ហាញ​ដោយ​លោក ម៉ៅ សត្យា ជា​ប្រធានការិយាល័យ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា។ គោលបំណង​សំខាន់ៗនៃ​ការធ្វើ​បទ​បង្ហាញ​នេះ គឺ ទី១.កៀរគរ​ការគាំទ្រ និង​ពង្រឹង​ការចូលរួម​របស់​ថ្នាក់ដឹកនាំ​នៃ​ការអនុវត្ត​ការគ្រប់គ្រង​ការផ្លាស់ប្តូរ ទី២.បង្ហាញ​ជា​សក្ខីភាព​នៃ​វឌ្ឍនភាព និង​លទ្ធផលជាក់​ស្តែង​នៃ​ការអនុវត្ត​គម្រោង FMIS ទី៣.បង្ហាញ​អំពី​សមត្ថភាព​ដោះស្រាយបញ្ហា​គន្លឺះ​ក្នុងការ​គ្រប់គ្រង និង​អនុវត្ត​ថវិកា​តាម​ប្រព័ន្ធ FMIS ជាក់ស្តែង (FMIS System Demonstration) ទី៤.បង្ហាញ​អំពី​គុណប្រយោជន៍​នៃ​ប្រព័ន្ធ FMIS ទៅតាម​វិស័យ​គ្រប់គ្រង​របស់​ថ្នាក់ដឹកនាំ និង​ទី៥.ប្រមូលយក​អនុសាសន៍​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ធ្វើជា​ធាតុ​ចូល និង​ជា​មាគ៌ា​ក្នុងការ​បន្ត​អនុវត្ត​គម្រោង FMIS ឱ្យបាន​ជោគជ័យ។

ខ្លឹមសារ​នៃ​កិច្ច​បទ​បង្ហាញ

ដំណាក់កាល និងវឌ្ឍនភាពរួមនៃការអនុវត្តគម្រោង FMIS
បច្ចុប្បន្ននេះ​ក្រុមការងារ FMWG នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់ FIS-LG CNS Joint Venture បានធ្វើការ​រួមគ្នា​ក្នុងការ​កសាង​ប្រព័ន្ធ FMIS ដែល​ប្រើប្រាស់​នូវ​ផលិតផល Oracle People Soft Financial។ ក្នុងការ​ពិនិត្យមើល​ទៅលើ​វឌ្ឍនភាព​នៃ​គម្រោង FMIS គឺ​ផ្អែកទៅលើ​តារាង​ផែនការ​ការងារ និង​ពេលវេលា​ដែល​បានកំណត់​នៅក្នុង​ផែនការមេ​របស់​គម្រោង FMIS (FMIS Project Gantt Chart) រវាង​ក្រុមការងារ FMWG និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ FMIS (Contractor) ដោយ​គិត​ត្រឹម​ដំណាច់ខែ​ធ្នូ ឆ្នាំ២០១៤ នេះ។ គម្រោង FMIS បែងចែក​ជា ៥ ដំណាក់កាល​ធំៗ ដោយឡែក​ដំណាក់កាល​ទី១ (ផែនការ​គម្រោង FMIS )និង​ទី២ (នីតិវិធី​អនុ-វត្ត​ការងារ​អនាគត និង យុទ្ធសាស្រ្ត​គ្រប់គ្រង​ការផ្លាស់ប្តូរ) បាន​បញ្ជប់​ជាស្ថាពរ ១០០%។ បច្ចុប្បន្ននេះ ការអនុវត្ត​គម្រោង FMIS គឺ​កំពុងស្ថិត​ក្នុងដំណាក់កាល​កសាង​ប្រព័ន្ធ (Construction Phase) ដែល​ដំណាក់កាល​នេះ​អនុវត្តបាន ៥១% ដោយ​កំពុង​ផ្តោតទៅលើ​ការកសាង​ប្រព័ន្ធ​ឱ្យស្រប​តាម​នីតិវិធី​អនុវត្ត​ការងារ​អនាគត ការវិភាគ​ពី​ផលប៉ះពាល់ និង ការប្រមូល​ទិន្នន័យ​មេ​សម្រាប់​កសាង​ប្រព័ន្ធ។ ចំពោះ​ដំណាក់កាល​អន្តរកាល និង​ដំណាក់កាល​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ជា​ផ្លូវការ ទើបតែ​ចាប់ដំណើរការ​បាន ៦% និង២% ដែល​ផ្តោតលើ​ការបណ្តុះបណ្តាល​ប្រព័ន្ធ ការសាកល្បង​ប្រើប្រាស់​ប្រព័ន្ធ និង​ដាក់​ប្រព័ន្ធ FMIS​ឱ្យប្រើ​ប្រាស់​តាម​ដំណាក់កាល។

ស្ថានភាព​បច្ចុប្បន្ន​នៃ​ការអនុវត្ត​គម្រោង FMIS ទាក់ទង​ទៅនឹង​ផ្នែក​ធំៗចំនួន ៤

  1. ផ្នែក​បច្ចេកវិទ្យា​របស់​ប្រព័ន្ធ
    • ការដំឡើង​មជ្ឈមណ្ឌល​ទិន្នន័យ និង​មជ្ឈមណ្ឌល​សង្រ្គោះ​ទិន្នន័យ​បានបញ្ចប់​ជាស្ថាពរ
    • បណ្តាញ Network សម្រាប់​ប្រព័ន្ធ FMIS កំពុង​រៀបចំ​តម្លើង​បណ្តើរៗ
  2. ផ្នែក​កម្មវិធី​កុំព្យូទ័រ​របស់​ប្រព័ន្ធ (Software)
    • នីតិវិធី​អនុវត្ត​ការងារ​អនាគត​សម្រាប់​ជា​ធាតុ​ចូលក្នុង​ការកសាង​ប្រព័ន្ធ​កំពុងតែ​បញ្ចប់​ដើម្បី​សម្រេច​និង​អនុម័ត
    • រចនាសម្ព័ន្ធ​មាតិកា​ថវិកា និង​លេខកូដ​បានរៀបចំ​រួចរាល់​សម្រាប់​ដាក់ចូល​ក្នុង​ប្រព័ន្ធ
    • ការរៀបចំ​កសាង​និង​ដំឡើង​ប្រព័ន្ធ (System Configuration) ត្រូវបាន​កំពុងដំណើរការ​ដែល​សម្រេចបាន​ប្រមាណ​ជាង ៤០%
  3. ផ្នែក​គ្រប់គ្រង​ការផ្លាស់ប្តូរ
    • បទ​បង្ហាញ​ជាបន្តបន្ទាប់​រួមជាមួយ​នឹង​ការបង្ហាញ​ពី​ប្រព័ន្ធ FMIS ជាក់ស្តែង ការវិភាគ​ពី​ផលប៉ះពាល់​កំពុង​រៀបចំ​បង្កើតឡើង
    • គេហទំព័រ FMIS ត្រូវបានធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ
    • ក្រុមការងារ​កំពុង​ផ្តោតលើ​ការសិក្សា​ទៅលើ​មុខងារ​នីមួយៗរបស់​ប្រព័ន្ធ FMIS ជាមួយនឹង​ក្រុមការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់
  4. ផ្នែក​បណ្តុះបណ្តាល
    • កម្មវិធី​បណ្តុះបណ្តាល​បាន​កំពុង​ចាប់ផ្តើម​សម្រាប់​មន្រ្តី​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​និង​គម​នា​គម​ន៍៍ ដោយរួមទាំង on-the-job training
    • វគ្គ​បណ្តុះបណ្តាល​សម្រាប់​មន្រ្តី​ផ្នែក​មុខងារ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​សមាជិក FMWG បាន​កំពុង​រៀបចំ​ជា  បណ្តើរៗ។

យ៉ាងណា​ម៉ិញ ផែនការ​អនុវត្ត​គម្រោង​នឹងត្រូវ​ធ្វើការកែតម្រូវ​ខ្លះ ដើម្បី​ចាប់ផ្តើម​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធ​ជា​ផ្លូវការ​បាន​នៅ​ខែ កក្កដា និង​អនុវត្ត​មុខងារ​ទាំងអស់​នៅ​ខែវិច្ឆិកា ឆ្នាំ២០១៥។ ដោយឡែក រតនាគារ​រាជធានី-ខេត្ត នឹងចូលរួម​ប្រើប្រាស់​ប្រព័ន្ធ​ក្នុង​ចន្លោះ​ពី​ខែធ្នូ ឆ្នាំ២០១៥ ដល់ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយ​ការសាកល្បង​ប្រើប្រាស់​ដើម្បី​ទទួលយក​ប្រព័ន្ធ​ជា​លើកចុងក្រោយ (Operational Acceptance Test) និង​ការបញ្ចប់​គម្រោង គឺ​នៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។
តម្រូវការ​ចាំបាច់​សម្រាប់​ត្រួតពិនិត្យ​ផ្ទៃក្នុង​នៅក្នុង​ប្រព័ន្ធ FMIS (Internal Control)
ដើម្បី​ជា​ប្រសិទ្ធភាព​ក្នុងការ​ត្រួតពិនិត្យ​ផ្ទៃក្នុង​នៃ​ការប្រើប្រាស់​ប្រព័ន្ធ FMIS​គឺ​ចាំបាច់​ត្រូវការ៖

  • ជ្រើសរើស​ធនធានមនុស្ស​ដែលមាន​ស្រាប់​ឱ្យ​ត្រូវតាម​ជំនាញ សមត្ថភាព និង​ការទទួលខុសត្រូវ (គណនេយ្យភាព)
  • កំណត់​នូវ​មុខងារ​អ្នកគ្រប់គ្រង​ទិន្នន័យ​មេ (Master data maintenance) មុខងារ​អ្នកអនុវត្ត (Operational) និង​មុខងារ​អ្នកអនុម័ត​ឬសម្រច (approvers) ឱ្យដាច់​ពីគ្នា និង
  • រាល់​ការទូទាត់​ចំណាយ​ទាំងអស់​ត្រូវធ្វើ​តាម​ប្រព័ន្ធ FMIS។

ការពិនិត្យ​លើ​ការវិភាគ​ពី​ផលប៉ះពាល់
យោងទៅតាម​គោល​ការកំណត់​ទិសដៅ​នៃ​ការរៀបចំ​នីតិវិធី​អនុវត្ត​ការងារ​អនាគត​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ កាលពី​ខែ        មិថុនា ឆ្នាំ២០១៤ កន្លងមក បានបញ្ជាក់​ថា មានតែ​ជំហាន​ពីរ​ធំៗនៅក្នុង​ប្រព័ន្ធ​គឺ Add (បញ្ចូល​ទិន្នន័យ​ឬ​ព័ត៌មាន ផ្ទៀងផ្ទាត់​ទិន្នន័យ ត្រួតពិនិត្យ​ថវិកា កែតម្រូវ និង​រក្សាទុក​ទិន្នន័យ) និង Confirm (អនុម័ត ឬ​សម្រេច) ហើយ​រាល់​ការទូទាត់​ចំណាយ​ទាំងអស់​ត្រូវធ្វើ​តាម​ប្រព័ន្ធ FMIS ដើម្បី​ធានា​ការអនុវត្ត​ប្រព័ន្ធ FMIS ប្រកបដោយ​ឧត្ត​មា​នុ​វត្ត​ន៍​ដូច​ប្រទេស​នៅក្នុង​តំបន់ និង​សកលលោក។ ទន្ទឹមនឹងនេះ​សម្រាប់​ដំណាក់កាល​ទី១  ការងារ​ត្រូវបាន​អនុវត្ត​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ FMIS (ការត្រួតពិនិត្យ និង​អនុម័ត​ផ្សេងៗ ដែល​អនុវត្ត​ដោយដៃ​នៅក្រៅ​ប្រព័ន្ធ​ត្រូវបាន​ទុកឱ្យ​នៅ​ដដែល​សិន)ប៉ុន្តែ​ការងារ​ក្រៅ​ប្រព័ន្ធ​ទាំងនេះ​នឹង​ត្រូវធ្វើ​សនិទានកម្ម(Rationalize)ដោយ​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន និង​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ។ តាមរយៈ​ការវិភាគ​ជាបឋម​លើ​នីតិវិធី​អនុវត្ត​ការងារ​បច្ចុប្បន្ន​និង​អនាគត បានបង្ហាញ​ឱ្យឃើញថា​នឹងមាន​ការកែប្រែ​នីតិវិធី​អនុវត្ត​ការងារ ការផ្លាស់ប្តូរ​តួនាទី និង​បន្ទុក​ការងារ ព្រមទាំង​មាន​តម្រូវការ​នៃ​ការកែសម្រួល​រចនាសម្ព័ន្ធ​របស់​អគ្គ-នាយកដ្ឋាន ឱ្យស្រប​ទៅតាម​ការអនុវត្ត​ប្រព័ន្ធ FMIS ដូចជា​ការកែប្រែ និង​ការផ្លាស់ប្តូរ​ការអនុវត្ត​ការងារ និង​តួនាទី​នៅក្នុង​មុខងារ​វិភាជន៍​ថវិកា (Budget Allocation) មុខងារ​គណនី​ត្រូវ​សង (Account Payable) និង​មុខងារ​ការទិញ (Purchasing) ជាដើម។ ការកែប្រែ និង​ផ្លាស់ប្តូរ​ទាំងនេះ​នឹង​តម្រូវឱ្យមាន​ការសិក្សា​បន្ថែម​លើ​ការបណ្តុះបណ្តាល​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ FMIS និង​តម្រូវការ​បង្កើត​ថ្មី​ឬ​កែសម្រួល​គោលនយោបាយ​ឬ​បទបញ្ញត្តិ​ផ្សេងៗ។

ចំពោះ​ការអនុវត្ត​ប្រព័ន្ធ FMIS ដំណាក់កាល​ទី២ គោលនយោបាយ និង​ទម្រង់ការ​គឺ​ត្រូវការ​ជាចាំបាច់ ដែល​ភាគច្រើន​ត្រូវការ​ផ្លាស់ប្តូរ​ដើម្បី​សម្រួល​ដល់​ការអនុវត្ត​ការងារ​និង​ទទួលបាន​សារៈប្រយោជន៍​ជា​អតិបរមា​ពី​ប្រព័ន្ធ តួយ៉ាងដូចជា ការផ្ទេរ​សិទ្ធ​អំណាច  ការកែសម្រួល​ច្បាប់​ឬ​នីតិបញ្ញត្តិ ការពិនិត្យ​លើ​ផលប៉ះពាល់​លើ​បុគ្គលិក​មន្រ្តីរាជការ  ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ផ្ទៃក្នុង​របស់​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ដំណើរការ​កែទម្រង់​បន្ត​ដែល​ត្រូវការ​មុខងារ​បន្ថែម​ដើម្បី​ពង្រីក​ប្រព័ន្ធ FMIS។

ចំពោះ​ការរៀបចំ​មុខងារ​សម្រាប់​ដំណាក់កាល​ទី១ ក្រុមការងារ​នឹង​ព្យាយាម​រៀបចំ​យ៉ាងណា​ដើម្បី​ចៀសវាង​ឱ្យបាន​ច្រើន​តាមដែល​អាចធ្វើ​ទៅបាន​ចំពោះ​ឧបសគ្គ​ផ្សេងៗសម្រាប់​ការឈាន​ដល់​ដំណាក់កាល​ទី ២។

ពិនិត្យមើល​លើ​គុណប្រយោជន៍​នៃ​ប្រព័ន្ធ និង​ការបង្ហាញ​ពី​ប្រព័ន្ធ FMIS​ជាក់ស្តែង
ប្រព័ន្ធ FMIS នឹង​ផ្តល់នូវ​គុណប្រយោជន៍​ជាច្រើន​ដល់​អ្នកអនុវត្ត​ផ្ទាល់​និង​ថ្នាក់ដឹកនាំ​ក្រសួង ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​រួមមាន អាច​ទទួលបាន​នូវ​ព័ត៌មាន​ថ្មីៗរហ័ស​និង​ទាន់ពេលវេលា អាច​ផលិត​របាយការណ៍​ដែល​អនុលោម​ទៅតាម​ស្តង់ដារ​អន្តរជាតិ សមត្ថភាព​ផលិត​របាយការណ៍​នឹង​កើនឡើង​នៅពេលដែល​មាន​ទិន្នន័យ​ផ្ទុក​កាន់តែច្រើន អាច​បង្ហាញឱ្យឃើញ​ច្បាស់​ពី​ទំនួលខុសត្រូវ​ច្បាស់លាស់​របស់​អ្នកអនុវត្ត​ថវិកា​នៅតាម​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ អាច​ដឹង​ច្បាស់​ពី​ដំណើរការ​នៃ​ការអនុវត្ត​ថវិកា  (ថ្នាក់ដឹកនាំ​អាច​តាមដាន​រាល់​ប្រតិបត្តិការ​ដែល​អនុវត្ត​នៅតាម​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ) អាច​ទាញយក​ទិន្នន័យ​ដែលមាន​នៅក្នុង​ប្រព័ន្ធ​មក​ធ្វើការវិភាគ​ភ្លាមៗ អាច​គ្រប់គ្រង​និង​តាមដាន​សមិទ្ធកម្ម​ការងារ​របស់​បុគ្គលិក (Staff Performance) និង​អាចធ្វើ​ការ​ព្យាករ​សាច់ប្រាក់​សម្រាប់​ការទូទាត់ ។

ជាក់ស្តែង ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ក៏បាន​ធ្វើការ​បង្ហាញ​លើ​ការអនុវត្ត​ប្រព័ន្ធ FMIS ផ្ទាល់​ជូន​ឯកឧត្តម​រដ្ឋមន្រ្តី និង​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហរិញ្ញវត្ថុ​ទៅលើ សុវត្ថិភាព​ក្នុងការ​ត្រួតពិនិត្យ   (Security Control) ការត្រួតពិនិត្យ​ថវិកា ( Budget Control) ការត្រួតពិនិត្យ​សាច់ប្រាក់ (Cash Control) នៅលើ​ប្រព័ន្ធ FMIS ការទាញយក​ព័ត៌មាន​ភ្លាមៗបាន​តាម Online ការបង្កើត​ជា​របាយការណ៍​ស្តង់ដារ​របស់ PeopleSoft និង​ការបង្កើត​របាយការណ៍​ហិរញ្ញវត្ថុ​តាម​តម្រូវការ​របស់​អ្នកប្រើប្រាស់​និង​ថ្នាក់ដឹកនាំ។

ការចូលរួម​ផ្តល់នូវ​ធាតុ​ចូល​ពី​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ
បន្ទាប់ពី​បានបញ្ចប់​កិច្ច​បទ​បង្ហាញ ឯកឧត្តម​រដ្ឋមន្រ្តី ក៏ដូចជា​ឯកឧត្តម លោកជំទាវ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចូលរួម​ផ្តល់នូវ​ធាតុ​ចូលដល់​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS ដូចខាងក្រោម៖

  1. ការកសាង​ប្រព័ន្ធ​ទៅតាម​ស្តង់ដារ​ដើម្បី​ធានាបាន​នូវ​ឧត្ត​មា​នុ​វត្ត​ន៍ ដោយ​នីតិវិធី​អនុវត្ត​ការងារ​អនាគត​នៅក្នុង​ប្រព័ន្ធ FMIS គឺមាន​តែ​ជំហាន​ពីរ​ធំៗនៅក្នុង​ប្រព័ន្ធ​គឺ Add និង Confirm និង​ត្រូវ​រក្សាទុក​ការងារ​ដោយដៃ​មួយចំនួន​នៅក្នុង​នីតិវិធី​អនុវត្ត​ការងារ​បច្ចុប្បន្ន​ជា​បណ្តោះអាសន្ន ទន្ទឹមនឹង​ការអនុវត្ត​នីតិវិធី​ការងារ​អនាគត​តាមបែប In and Out Approach សម្រាប់​ការត្រួតពិនិត្យ និង ដោះស្រាយបញ្ហា​ប្រឈម​នានា​បន្ត​នៅពេល​អនុវត្ត​ជាក់ស្តែង។ រាល់​ការទូទាត់​ចំណូល​ចំណាយ​ទាំងអស់​ត្រូវធ្វើ​តាម​ប្រព័ន្ធ FMIS ហើយ​របាយការណ៍​ហិរញ្ញវត្ថុ​ត្រូវ​ផលិត​ចេញពី​ប្រព័ន្ធ FMIS
  2. ប្រព័ន្ធ FMIS ត្រូវមាន​ប្រព័ន្ធ​តាមដាន (Track Change System និង Internal Control) ធានា​សុវត្ថិភាព       (Ensure Security) មាន​លក្ខណៈ​ទន់ភ្លន់​និង​បើកទូលាយ  (Adjustability, Able to add more modules or functions, and Upgradeable/Expandable) និង​អាចធ្វើ​សន្ធានកម្ម​ជាមួយ​ប្រព័ន្ធ​ដទៃ​ខាងក្រៅ​បាន    (External System Interface)
  3.  Maintenance and Troubleshooting តម្រូវការ​កសាង និង​បង្កើន​សមត្ថភាព​នៃ​ក្រុមការងារ​បចេ្ចកវិទ្យា​ព័ត៌មាន និង​គមនាគមន៍ (ICT) ដើម្បី​ធានា​ឱ្យបាន​ការគ្រប់គ្រង ថែទាំ​ប្រព័ន្ធ FMIS និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ទាំងមូល​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

ជាចុងក្រោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្រ្តី បានផ្តល់​នូវ​ការលើកទឹកចិត្ត​ដល់​ក្រុមការងារ FMWG លើ​ការខិតខំ​ប្រឹងប្រែង​ធ្វើការងារ និង​ផ្តល់​អនុសាសន៍​ណែនាំ​ដ៏​មានតម្លៃ​ដល់​ក្រុម​កា​ងារ FMWG ដូចខាងក្រោម៖

  1. ត្រូវ​គិតគូរ​ពី​ប្រព័ន្ធ FMIS ជាចម្បង​ក្នុងការ​រៀបចំំ​ផែនការមេ​សម្រាប់​វិស័យ​ព័ត៌មានវិទ្យា​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ទាំងមូល (IT Master Plan) ដែល​រំលេច​ពី​តម្រូវការ និង​ជំហាន​ក្នុងការ​អភិវឌ្ឍ និង​អនុវត្ត​នាពេល​អនាគត
  2. ត្រូវ​កសាង​សមត្ថភាព​ក្រុមការងារ​ខាង​ព័ត៌មានវិទ្យា​បន្ថែម​ដើម្បី​ត្រៀម​ដោះស្រាយបញ្ហា​ខាងលើ
  3. ស្នើឱ្យ​ក្រុមការងារ​ត្រូវធ្វើ​បទ​បង្ហាញ​ម្តងទៀត​ជូន​ថ្នាក់ដឹកនាំ​ទាំង​ខាង​បច្ចេកទេស​ព័ត៌មានវិទ្យា និង​នីតិវិធី​អនុវត្ត​ការងារ​អនាគត​លម្អិត​មុនពេល​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ប្រព័ន្ធ FMIS នៅ​ខែកក្កដា ឆ្នាំ២០១៥
  4. ត្រូវ​រៀបចំ​ដាក់​នូវ  Troubleshooting Center (Help Desk) តាម​បណ្តា​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ និង​នៅ​មណ្ឌលកណ្តាល (នាយកដ្ឋាន​ព័ត៌មានវិទ្យា) ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​អនុវត្ត​ប្រព័ន្ធ​ប្រកបដោយ​ភាពរលូន និង​ប្រសិទ្ធភាព
  5. ត្រូវមាន​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​បង្គោល និង​មន្ត្រី​ជំនាញ​ជាប្រចាំ​លើ​ការប្រើប្រាស់​ប្រព័ន្ធ FMIS ទៅតាម​អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន​ពាក់ព័ន្ធ
  6. ស្នើឱ្យ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​នីមួយៗគួររៀបចំ​ក្រុមការងារ​ផ្ទៃក្នុង​របស់ខ្លួន ដើម្បី​ធ្វើការ​បណ្តុះ​បណ្តាលលើការប្រើប្រាស់​ប្រព័ន្ធ FMIS នៅតាម​អគ្គនាយដ្ឋាន-នាយកដ្ឋាន​រៀងៗខ្លួន។

 

 កិច្ច​បទ​បង្ហាញ​និង​កិច្ចពិភាក្សា បានបញ្ចប់​នៅវេលា​ម៉ោង ៥:០០ នាទី ប្រកបដោយ​ភាពស្និទ្ធស្នាល និង​សាមគ្គីភាពជា​ធ្លុងមួយ។

ទាញយកកំណត់ហេតុនៃកិច្ចបទបង្ហាញ