
28
Jan, 2019
សេចក្តីជូនដំណឹងសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅក្រសួង១០ថ្មី និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
ក្នុងការអនុវត្តគម្រោង FMIS ជំហានទី២ ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យា និងឧបករណ៍សម្ភារមិនមែនបច្ចេកវិទ្យាដូចជា៖ ម៉ាស៊ិនកុំព្យូទ័រ, ម៉ាស៊ីនព្រីន, ម៉ាស៊ីនស្គេន, ខ្សែបណ្តាញតភ្ជាប់, UPS និងទូរ RACK ព្រមទាំងឧបករណ៍ការពារបណ្តាញសុវត្ថិភាព, ឧបករណ៍បែងចែកបណ្តាញ និងឧបករណ៍សម្ភារនានា ដើម្បីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត។ ក្នុងទិសដៅធានាបាននូវសុវត្ថិភាព, ស្ថិរភាពប្រព័ន្ធ FMIS និងដំណើរការដោយរលូន ឧបករណ៍សម្ភារបច្ចេកវិទ្យា និងឧបករណ៍សម្ភារមិនមែនបច្ចេកវិទ្យាទាំងនោះ មិនតម្រូវឱ្យប្រើប្រាស់ជាមួយឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅទេដូចជា Flash, External Hard Drive, ទូរស័ព្ទឆ្លាតវៃ (Smart Phone) និងឧបករណ៍អេឡិចត្រូនិចទំនើបៗបានទេ គឺប្រើប្រាស់បានតែក្នុងក្របខ័ណ្ឌរបស់ប្រព័ន្ធ FMIS តែប៉ុណ្ណោះ ។ ក្នុងន័យនេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សូមស្នើដល់ក្រសួង-ស្ថាប័នទាំង១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥រាជធានី-ខេត្ត មេត្តាជួយថែរក្សា និងកត់ត្រាចូលជាទ្រព្យសម្បត្តិរបស់គម្រោង FMIS នូវឧបករណ៍សម្ភារបច្ចេកវិទ្យា និងឧបករណ៍មិនមែនបច្ចេកវិទ្យា ដែលបានដំឡើងជូននៅតាមស្ថាប័នសាមីដូចមានក្នុងតារាងជូនភ្ជាប់។ ទន្ទឹមនឹងនេះ ដើម្បីធានានូវសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់សម្រាប់ឧបករណ៍សម្ភារបច្ចេកវិទ្យា និងឧបករណ៍សម្ភារមិនមែនបច្ចេកវិទ្យា ក្រុមការងារ សូមស្នើសុំសមាសភាពមន្ត្រីគ្រប់គ្រងទ្រព្យសម្បត្តិ ក្នុងក្របខ័ណ្ឌគម្រោង FMIS នៅតាមក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីងាយស្រួលផ្តល់ព័ត៌មាននូវរាល់ការខូចខាត ឬមានបញ្ហាផ្សេងៗ និងការផ្លាស់ប្តូរទីតាំងឧបករណ៍ ឬការផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំ និងមន្ត្រីដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ។ សូមបញ្ជាក់ថា ចំពោះម៉ាស៊ីនព្រីនធឺរ ដែលបានផ្តល់ដោយគម្រោង FMIS រាល់ការផ្លាស់ប្តូរទឹកថ្នាំ (ម៉ូឌែល HP LaserJet Pro M501n) សូមក្រសួង-ស្ថាប័នសាមីនីមួយៗ មេត្តាគ្រោងថវិកាចំណាយដោយផ្ទាល់ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកក្រុមការងារគ្រប់គ្រងគម្រោងទ្រព្យសម្បត្តិគម្រោង FMIS តាមរយៈលោក ឡាញ់ គឹមវ៉ុន ជាមន្ត្រីទទួលបន្ទុក ដែលមានលេខទំនាក់ទំនង ០១៧ ៨៥០ ៥៥១ និងតាមរយៈលោក សុខ ជុំសារឿន ជាប្រធានផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិគម្រោង FMIS មានលេខទំនាក់ទំនង ០១២ ៦២៩ ៩៥៦ ។