
4
Mar, 2014
កិច្ចប្រជុំបូកសរុបស្ដីពី លទ្ធផលការងារ នៃក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ
នៅរសៀលថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៤ វេលាម៉ោង ៣:៣០ រសៀល នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំបូកសរុបស្ដីពីលទ្ធផលការងារ នៃក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងការផ្ដល់នូវទសន្សៈទីពីរ និង ការវាយតម្លៃលើការងារសំខាន់ៗក្នុងការបរិការគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System ហៅកាត់ “FMIS”) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពី ក្រុមបេសកកម្ម IMF មន្ត្រីជាន់ខ្ពស់ នៃធនាគារពិភពលោក ថ្នាក់ដឹកនាំ នៃក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និង កីឡា ក្រសួងសុខាភិបាល ក្រុមការងារគ្រប់គ្រងប្រព័ន្ធ FMIS (FMWG) និង មន្រ្តីពាក់ព័ន្ធជាច្រើនរូប នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលមានសមាជិកទីប្រឹក្សាជាន់ខ្ពស់ចំនួន ៦ រូប ដឹកនាំដោយលោក David Gentry ប្រធាននាយកដ្ឋានកិច្ចការហិរញ្ញវត្ថុរបស់ IMF បានចាប់ផ្ដើមការងារចាប់ពី ថ្ងៃទី ១៣ ខែ កុម្ភៈ ដល់ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៤ ដោយបានចុះជួបជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋលេខាធិការ និង អគ្គនាយក ប្រធាននាយកដ្ឋាន មន្ត្រីជំនាញ និង មន្ត្រីក្រុមការងារ FMWG នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមទាំងឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និង ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ។ លោក David បានធ្វើបទបង្ហាញអំពីគោលបំណងសំខាន់ នៃក្រុមបេសកកម្មនេះគឺ ផ្ដល់នូវទសន្សៈទីពីរលើការវាយតម្លៃលើការងារជាសារវ័ន្តពាក់ព័ន្ធនឹងការងារគ្រប់គ្រងគម្រោង FMIS នៅ កម្ពុជា ដោយបានផ្ដល់នូវជំនឿ និង ទំនុកចិត្តបន្ថែមថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកំពុងដើរតាមគន្លងដ៏ត្រឹមត្រូវហើយក្នុងកិច្ចការគ្រប់គ្រងគម្រោង FMIS និង បានផ្ដល់់អនុសាសន៍ជាធាតុចូលក្នុងការពង្រឹងការ អនុវត្តការគ្រប់គ្រងគម្រោង FMIS រួមមាន យន្តការរៀបចំនីតិវិធីអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ ការអនុវត្តមាតិកាគណនេយ្យ ការគ្រប់គ្រងគម្រោង ការសាកល្បងពិសោធន៍ និង លក្ខខណ្ឌក្នុងការប្រគល់ទទួលប្រព័ន្ធ ពីក្រុមហ៊ុនផ្គត់ផ្គងប្រព័ន្ធ FMIS ការពង្រឹងការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលនឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS និង យុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មានរយៈពេលវែងក្នុងការពង្រីកការប្រើប្រាស់ប្រព័ន្ធនេះទៅតាមក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល ។
នៅក្នុងកិច្ចប្រជុំនេះ បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថាការគម្រោង FMIS ដែលជាគម្រោងថ្មីមួយក្នុងការពង្រឹងនូវគុណភាព តម្លាភាព គណនេយ្យភាព ភាពស័ក្ដិសិទ្ធិ ប្រសិទ្ធភាព និង មានការចូលរួមគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសពីគ្រប់ដៃគូអភិវឌ្ឍន៍ក្នុងការគ្រប់គ្រងដំណើរការអនុវត្តហិរញ្ញវត្ថុរបស់កម្ពុជា ។ នេះគឺជាគម្រោងដ៏សំខាន់បំផុត ដែលកំពុងត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល ព្រោះគម្រោងនេះ គឺជាគន្លឹះ នៃភាពជោគជ័យក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជា ។
នៅចុងបញ្ចប់ បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមបេសកកម្ម IMF ដែលបានផ្ដល់នូវទុកចិត្ត និង ធាតុចូលសំខាន់ៗ ល្អៗ សម្រាប់ការបន្តអនុវត្តគម្រោង FMIS នៅកម្ពុជា និង បានស្នើសុំឱ្យមានការបន្តជួយគាំទ្រពីបណ្ដាដៃគូអភិវឌ្ឍន៍នានា ជាពិសេស មូលនិធិរូបិយវត្ថុអន្តរជាតិ និង ធនាគារពិភពលោកក្នុងការផ្ដល់ជាជំនួយបច្ចេកទេស ដើម្បីធានាដល់ការគ្រប់គ្រង និង ការអនុវត្តគម្រោង FMIS បានដោយជោគជ័យនៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ។