
15
Sep, 2021
សេចក្ដីប្រកាសព័ត៌មានស្ដីពីការបញ្ជ្រាបការយល់ដឹងអំពីមុខងារលទ្ធកម្មពេញលេញនិង មុខងាររៀបចំផែនការថវិកា
នាថ្ងៃ ពុធ ៩ កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងនៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២១ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “ការបញ្ជ្រាបការយល់ដឹងអំពីមុខងារលទ្ធកម្មពេញលេញ និង មុខងាររៀបចំផែនការថវិកា” ជូនថ្នាក់ដឹកនាំ និង មន្រ្តី នៃក្រសួង-ស្ថាប័ន ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ ក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងអំពីមុខងារលទ្ធកម្មពេញលេញ និង មុខងាររៀបចំផែនការថវិកា ដែលជាមុខងារបន្ថែមថ្មីចំនួនពីរក្នុងក្របខណ្ឌប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការចាប់ផ្តើមឈានទៅអនុវត្តសកម្មភាពនានាបន្តទៀតតាមផែនការ ដើម្បីត្រៀមខ្លួនប្រើប្រាស់មុខងារថ្មីទាំងពីរនេះ ជាផ្លូវការបាននៅដើមឆ្នាំ ២០២២ ខាងមុខ។ កម្មវិធីនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី មកពីក្រសួង-ស្ថាប័ន និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិចំនួន ៣៤៧ រូប តាមរយៈប្រព័ន្ធសន្និសីទវីដេអូដោយប្រើប្រាស់កម្មវិធី Zoom។
មានប្រសាសន៍នៅក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីភាពមិនអាចខ្វះបាននៃ “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)” ក្នុងបរិការណ៍នៃការរីករាលដាលនូវជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យពិភពលោក ផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង បច្ចេកវិទ្យាព័ត៌មាន ដែលជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការធានានិរន្តរភាពការងាររបស់ស្ថាប័ន ស្របពេលដែលប្រព័ន្ធ- FMIS បាននិងកំពុងបោះជំហានទៅមុខឥតឈប់ឈរ ដោយបានដាក់ចេញបន្តនូវ “ផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣ ២០២១-២០២៥” ប្រកបដោយមហិច្ឆតា រួមជាមួយនឹង “ផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ២០២០-២០២៥” ដែលជាការធ្វើបរិវត្តកម្មឌីជី- ថលលើលំហូរនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុងដោយនឹងមិនមានការបញ្ជូនឯកសារជាក្រដាសទៀតឡើយនៅថ្ងៃអនាគត និង បានចាប់ផ្ដើមដោយជោគជ័យរួចហើយសម្រាប់ការអនុវត្តមុខសញ្ញាចំណាយដែលមានហានិភ័យទាបមួយចំនួនដូចជា ចំណាយបៀវត្ស, ចំណាយទឹក, ចំណាយភ្លើង ជាដើម ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា “អ្នកដែលយកចិត្តទុកដាក់ និង ព្យាយាមទាញយកផលប្រយោជន៍ឱ្យអស់សក្ដានុពល ពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានមុនគេ នឹងក្លាយជាអ្នកដែលទទួលជោគជ័យជាងគេនៅក្នុងអាជីពការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្រប់គ្រងបានទាំងការងារ, ពេលវេលា, ធនធានហិរញ្ញវត្ថុ និង ធនធានមនុស្ស ។ ហើយករណីនេះកំពុងបានបង្ហាញច្បាស់ជាក់ស្ដែងនៅគ្រប់ការដ្ឋាននៃប្រព័ន្ធ FMIS ដែលមានថ្នាក់ដឹកនាំ និង មន្ត្រី ដែលជ្រួតជ្រាបច្បាស់ និង អនុវត្តការងារនេះ។”
តាមរយៈការអនុវត្តគម្រោង FMIS កន្លងមក ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមការងារសម្រេចបាន ជាពិសេសការសម្រេចបាននូវការបញ្ចប់ការអភិវឌ្ឍមុខងារបន្ថែមថ្មីចំនួនពីរ គឺមុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញ និង បានដាក់ឱ្យប្រើប្រាស់សាកល្បងរួចហើយនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងកិច្ចការនារី និង ក្រសួងព័ត៌មាន និង បន្តដាក់ឱ្យអនុវត្តទៅកាន់ក្រសួង-ស្ថាប័នដែលនៅសេសសល់នៅឆ្នាំបន្តបន្ទាប់ ផ្អែកតាមផែនការជំហានទី ៣ ដែលបានដាក់ចេញ ។
គួរបញ្ជាក់ជូនថា មុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញ នឹងផ្តល់នូវអត្ថប្រយោជន៍សម្រាប់ក្រសួង-ស្ថាប័ន ដូចជា៖
១.មុខងារលទ្ធកម្មពេញលេញ មានសមត្ថភាពអាចគ្រប់គ្រងរាល់ដំណើរការនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ របស់ក្រសួង-ស្ថាប័នទាំងអស់ ដែលរួមមាន ការគ្រប់គ្រងបញ្ជីឈ្មោះអ្នកដេញថ្លៃ, ការរៀបចំផែនការលទ្ធកម្ម, ការគ្រប់គ្រងដំណើរការដេញថ្លៃ និង ការគ្រប់គ្រងកិច្ចសន្យា។
២.មុខងាររៀបចំផែនការថវិកា គ្រប់គ្រងវដ្ដនៃដំណើរការរៀបចំផែនការថវិកាប្រចាំឆ្នាំ ដែលរួមមានការរៀបចំផែនការយុទ្ធសាស្ត្រថវិកាបីឆ្នាំរំកិល, ការរៀបចំកញ្ចប់ថវិកា និង ការអនុម័តថវិកា ក្នុងក្របខណ្ឌថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ ក្រសួង-ស្ថាប័ន អាចកត់ត្រាគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំលម្អិតទៅតាមចំណាត់ថ្នាក់ថវិកា ដែលរួមមានទាំង ចំណាត់ថ្នាក់កម្មវិធី និង ចំណាត់ថ្នាក់សេដ្ឋកិច្ច និង បញ្ជូនតាមប្រព័ន្ធទៅកាន់ដំណាក់កាលនីមួយៗនៃការរៀបចំផែនការថវិកា។
ជាមួយគ្នានេះ ក្នុងន័យឱ្យការទាញយកប្រយោជន៍បានពីប្រព័ន្ធ FMIS ជាអតិបរមា ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ក៏បានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន ព្រមទាំងអង្គភាពថវិកាទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ តាមដាន និង ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនលើការប្រើប្រាស់មុខងារបន្ថែមថ្មីទាំង ២ នេះ ជាពិសេស ការប្រើប្រាស់ឱ្យអស់សក្តានុពលនូវព័ត៌មានដែលមាននៅក្នុងប្រព័ន្ធ FMIS ព្រមទាំងរបាយការណ៍ដែលអាចផលិតបានចេញពីប្រព័ន្ធ៕