
12
Dec, 2022
សេចក្តីប្រកាសព័ត៌មានស្តីពី“បញ្ជ្រាបការយល់ដឹងស្តីពីនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងលើមុខសញ្ញាចំណាយថវិកាចរន្តមិនមានធានាចំណាយដោយឡែកសម្រាប់ក្រសួង៨”
នាថ្ងៃចន្ទ ៤ រោច ខែ មិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២២, តាមប្រព័ន្ធអនឡាញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងលើមុខសញ្ញាចំណាយថវិកាចរន្តមិនមានធានាចំណាយដោយឡែកសម្រាប់ក្រសួង ៨” ជូនដល់ថ្នាក់ដឹកនាំក្រសួង, អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល នៃក្រសួងចំនួន ៨ ដែលត្រៀមចូលរួមអនុវត្តនីតិវិធីថ្មីនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ ខាងមុខ ។
កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង, អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល នៃក្រសួងចំនួន ៨ រួមមាន៖ ១-ក្រសួងសុខាភិបាល, ២-ក្រសួងផែនការ, ៣-ក្រសួងអប់រំ យុជន និងកីឡា, ៤-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ៥-ក្រសួងសាធារណការ និងដឹកជញ្ជូន, ៦-ក្រសួងយុត្តិធម៌, ៧-ក្រសួងមុខងារសាធារណៈ និង ៨-ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ។
មានប្រសាសន៍នៅក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីសារៈសំខាន់នៃនីតិវិធីថ្មីនេះ ដែលនឹងជួយបង្កើនល្បឿនបន្ថែមមួយកម្រិតទៀត ក្នុងការអនុវត្តនីតិវិធីចំណាយថវិកាចរន្តដែលមិនមានធានាចំណាយ ដែលបច្ចុប្បន្នត្រូវចំណាយពេលវេលានិងធនធានច្រើនក្នុងការអនុវត្តនីតិវិធី ជាពិសេសដំណើរការបញ្ជូនឯកសារជាក្រដាស ចេញពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលធ្វើឱ្យមានការលំបាកក្នុងការតាមដាននូវដំណើរការឯកសារ ហើយក្នុងករណីមានកំហុសឆ្គង នោះនឹងត្រូវរុញឯកសារត្រលប់កែតម្រូវចុះឡើង និង កាន់តែធ្វើឱ្យមានភាពយឺតយ៉ាវសម្រាប់ការអនុវត្តថវិកា ។
ការអនុវត្តនីតិវិធីថ្មីនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន រួមមាន ទី១. ជំហាននៃការអនុវត្តការងារមានលក្ខណៈសាមញ្ញ ខ្លី លឿន ទី២. មានព័ត៌មានគ្រប់គ្រាន់ក្នុងការតាមដានអំពីស្ថានភាពនៃប្រតិបត្តិការចំណាយថវិកា ដោយពេលវេលានៃការរៀបចំ និង ការអនុម័តលើប្រតិបត្តិការចំណាយថវិកាត្រូវបានកត់ត្រាក្នុងប្រព័ន្ធ FMIS ជាមួយនឹងកាលបរិច្ឆេទ និង ពេលវេលាច្បាស់លាស់ ដែលអនុញ្ញាតឱ្យម្ចាស់ប្រតិបត្តិការដឹងនូវព័ត៌មាននៃការជាប់គាំងនៅដំណាក់កាលណាមួយ ទទួលបន្ទុកដោយនរណា និង ចំណាយពេលវេលាប៉ុនណា ទី៣. បញ្ឈប់ការរៀបចំនូវឯកសារជាក្រដាស ដូចជា កំណត់បង្ហាញរឿង, លិខិតស្នើសុំធានាចំណាយមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លិខិតផ្តល់ធានាចំណាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លិខិតសំណើថវិកា, អាណត្តិបើកប្រាក់, សលាកបត្រកត់ត្រាចំណាយថវិកានិងត្រួតពិនិត្យហិរញ្ញវត្ថុ, ដីកាបញ្ចេញអាណត្តិបើកប្រាក់, ដីកាបញ្ជូន និង ដីកាអមលិខិតយុត្តិការ ជាដើម និង បានផ្ដល់ផលចំណេញពាក់ព័ន្ធនឹងការកាត់បន្ថយចំណាយផ្នែករដ្ឋបាល ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវផងដែរទៅកាន់ថ្នាក់ដឹកនាំ និង តំណាងនៃក្រសួងទាំង ៨ រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ ចូលរួមធ្វើកិច្ចការមួយចំនួនដូចជា៖
១. ត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជានិច្ចលើការប្រើប្រាស់ប្រព័ន្ធ FMIS ផ្សារភ្ជាប់នឹងនីតិវិធីហិរញ្ញវត្ថុ, ហើយក្នុងករណីមិនច្បាស់នឹងចំណុចណាមួយសូមធ្វើការសាកសួរ ឬ លើកឡើងនូវសំណូមពរ ឬ បញ្ហាប្រឈមផ្សេងៗ មកកាន់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលតែងតែរង់ចាំដោះស្រាយជូន ។
២. អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិទាំងពេញលេញក្ដី និង មិនពេញលេញក្ដី ត្រូវចូលរួមកិច្ចប្រជុំពិភាក្សាដោយផ្ទាល់ជាមួយក្រុមការងារ ទៅតាមកាលវិភាគដែលបានផ្ដល់ជូនដោយ ក្រុមការងារគម្រោង FMIS ដើម្បីពិភាក្សាលម្អិតបន្ថែមស្តីពីសកម្មភាពដែលត្រូវអនុវត្តជាមួយគ្នាបន្តទៀត សម្រាប់ការត្រៀមចូលរួមអនុវត្តរួមនីតិវិធីថ្មីឆាប់ៗនេះ ជាពិសេស អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ ដែលត្រូវការការប្រឹក្សាយោបល់ច្រើនជាមួយក្រុមការងារគម្រោង FMIS និង អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួងរបស់ខ្លួន ។
៣. ត្រូវត្រៀមរៀបចំឈ្មោះថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ ដែលត្រូវទទួលបន្ទុកការងារហិរញ្ញវត្ថុតាមប្រព័ន្ធទាំងស្រុង ផ្អែកទៅតាមតួនាទីនិងការទទួលខុសត្រូវជាក់ស្តែង ព្រោះថាការអនុវត្តនីតិវិធីថ្មីនេះ មិនមានការចុះហត្ថលេខាលើឯកសារជាក្រដាសទៀតនោះទេ ដោយជំនួសការអនុម័តនៅក្នុងប្រព័ន្ធជាផ្លូវការតែម្ដង ។
៤. ត្រូវចូលរួមយកចិត្តទុកដាក់ និង មានការទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា ដើម្បីផ្ដល់ភាពជោគជ័យសម្រាប់កម្ពុជាក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
គួរជម្រាបជូនផងដែរថា បើគិតមកដល់ពេលបច្ចុប្បន្ននេះ ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមក្រសួង ស្ថាប័ន និង អង្គភាពថវិកាធំៗនៅទូទាំងប្រទេសរួចហើយ ក្នុងនោះមាន ក្រសួង-ស្ថាប័នចំនួន ៣៧ រួមជាមួយនឹងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំងអស់, រតនាគាររាជធានី-ខេត្តទាំងអស់ និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ។ វត្តមានរបស់ប្រព័ន្ធ FMIS នៅក្នុងកម្មវីធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានការកែប្រែរបៀបធ្វើការងារ ទាំងការគ្រប់គ្រង និង កត់ត្រាព័ត៌មានហិរញ្ញវត្ថុដោយដៃ មកជាការកត់ត្រា និង គ្រប់គ្រងដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ ដោយប្រព័ន្ធបានជួយដោះស្រាយនូវភាពស្មុគស្មាញមួយចំនួននៃការអនុវត្តនីតិវិធី និង ការគ្រប់គ្រងទិន្នន័យដែលមានភាពច្បាស់លាស់ និង ចំណេញពេលវេលាច្រើន ៕




























