+855 23 43 00 63

21

Oct, 2021

ប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំជាមួយគណៈកម្មាត្រួតពិនិត្យ និងគណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ ក្នុងការរៀបចំបញ្ចប់ឯកសារដេញថ្លៃលទ្ធកម្មចំនួន២ នៃគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

នារសៀលថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាត្រួតពិនិត្យ និងគណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ ដើម្បីត្រួតពិនិត្យ ពិភាក្សា និង ផ្តល់យោបល់​​​ ក្នុងការរៀបចំបញ្ចប់ឯកសារដេញថ្លៃលទ្ធកម្មចំនួន ២ គឺ កញ្ចប់លទ្ធកម្ម “ពង្រីកសមត្ថភាព និង ទំនើបកម្មមជ្ឈមណ្ឌលទិន្នន័យ” និង កញ្ចប់លទ្ធកម្ម “សេវាផ្គត់ផ្គង់បណ្ដាញតភ្ជាប់” ដើម្បីសម្រេចមុននឹងរៀបចំប្រកាសបើកលក់ឯកសារដេញថ្លៃជាសាធារណៈ ។ កិច្ចប្រជុំអនឡាញ ដោយប្រើប្រាស់កម្មវិធី Zoom នេះ មានការចូលរួមពីគណៈកម្មាត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ ដែលមានសមាសភាពមកពី អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានសហប្រតិបត្តិការ   អន្តរជាតិ និងគ្រប់គ្រងបំណុល, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ និង ក្រុមការងារលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា ការចូលរួមផ្តល់មតិយោបល់​ក្នុងការពិភាក្សារបស់សមាជិកគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ គឺមានសារៈសំខាន់គាំទ្រដល់ការរៀបចំប្រកាសបើកលក់ឯកសារចេញថ្លៃជាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និង មានការប្រកួតប្រជែងដោយស្មើភាពត្រឹមត្រូវ និង យុត្តិធម៌ ។

សូមបញ្ជាក់ថា កញ្ចប់លទ្ធកម្ម “ពង្រីកសមត្ថភាព និង ទំនើបកម្មមជ្ឈមណ្ឌលទិន្នន័យ” មានបំណងធ្វើឱ្យមជ្ឈមណ្ឌលទិន្នន័យគម្រោង FMIS កាន់តែមានសុវត្ថិភាព និង ដើរទាន់តាមសម័យកាល  ដោយឡែក កញ្ចប់លទ្ធកម្ម “សេវាផ្គត់ផ្គង់បណ្ដាញតភ្ជាប់” គឺគាំទ្រដល់បណ្តាញតភ្ជាប់បំពាក់ប្រព័ន្ធ FMIS ទៅកាន់ការដ្ឋានគម្រោង FMIS ជំហានទី ៣ ពិសេសនៅរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅដើមឆ្នាំ ២០២២ ៕