
31
Aug, 2021
ប្រកាសព័ត៌មានស្តីពីជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប និង តំណាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF
នាថ្ងៃអង្គារ ទី ៣១ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ២:០០ រសៀល ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាកយរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបក្រុមការងារបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយលោកស្រី Delphine Moretti និង សហការីគឺលោក Kris Kauffman ទីប្រឹក្សា IMF ជួយគាំទ្រដល់គម្រោង FMIS រួមជាមួយនឹងលោក Yasuhisa Ojima ប្រធានស្ថានតំណាង IMF ប្រចាំកម្ពុជា។ កិច្ចប្រជុំប្រារព្ធឡើងក្នុងគោលបំណងបូកសរុបលទ្ធផលដែលបេសកកម្មសម្រេចបាន និង ដើម្បីគោរពស្នើសុំអនុសាសន៍ពី ឯកឧត្តមបណ្ឌិតសភាចារ្យ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះតំណាងរបស់រូបិយវត្ថុអន្តរជាតិ (IMF) និង បានថ្លែងអំណរគុណចំពោះការគាំទ្រផ្នែកបច្ចេកទេសនាពេលកន្លងមក ចាប់តាំងពីជំហានទី ២ នៃគម្រោង រហូតឈានដល់ជំហានទី ៣ នាពេលបច្ចុប្បនេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមទៅលើការប្តេជ្ញាចិត្តនៃក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងការបន្តពង្រឹងការអនុវត្តប្រព័ន្ធ FMIS ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការរៀបចំក្របខ័ណ្ឌចំណាយសាធារណៈឆ្នាំ ២០២២ ក្រោមគោលការណ៍ “ត្រៀមខ្លួនសម្រាប់អ្វីដែលអាក្រក់បំផុត និង សង្ឃឹមសម្រាប់អ្វីដែលល្អបំផុត” ក្នុងស្មារតីធានាឱ្យមានថវិកាគ្រប់គ្រាន់សម្រាប់ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង គាំទ្រដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងរយៈពេលមធ្យម ព្រមទាំងការសម្រេចបាននូវគោលដៅសំខាន់ៗរបស់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងការធ្វើឱ្យមានភាពប្រសើរឡើងនូវ “គណនេយ្យភាព តម្លាភាព ប្រសិទ្ធិភាព និង អភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថាក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏នឹងពង្រឹងប្រព័ន្ធ FMIS ឱ្យក្លាយទៅជាប្រភពនៃព័ត៌មានសម្រាប់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ និងជាឧបករណ៍គាំទ្រយ៉ាងសំខាន់ដល់ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥”។
តំណាង IMF បានជម្រាបជូន ឯកឧត្តមបណ្ឌិតសភាចារ្យ អំពីលទ្ធផលនៃបេសកកម្មលើកទី១២នេះ ដែលបេសកកម្មបានជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធរបស់គ្រមោង FMIS រួមមាន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសំខាន់ៗនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រសួងអបរំយុវជននិងកីឡា និង ក្រសួងសុខាភិបាល ដែលបានធ្វើការពិភាក្សាលើ ១.ការប្រើប្រាស់របាយការណ៍ដែលផលិតចេញពីប្រព័ន្ធ FMIS ២.ការជំរុញនូវកម្រិតអនុលោមនៃរបាយការណ៍ IPSAS Cash Basis ៣.ការប្រមូលមតិយោបល់និងការពិភាក្សាលើកម្មវិធីកញ្ចក់ថវិកា ៤.ការផ្តល់សិក្ខាសិលាខ្លីស្តីអំពីសមត្ថភាពរបស់ប្រព័ន្ធ FMIS ក្នុងការគាំទ្រដល់ការផលិតរបាយការណ៍ IPSAS។ ជាលទ្ធផលក្រុមការងារបេសកកម្មបានទទួលនូវការឆ្លើយតប និង បកស្រាយពីភាគីពាក់ព័ន្ធ ព្រមទាំងទទួលបាននូវបញ្ហាប្រឈមដែលបានលើកឡើងដោយអ្នកប្រើប្រាស់ក្នុងការប្រើប្រាស់របាយការណ៍ដែលផលិតចេញពីប្រព័ន្ធ FMIS។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានផ្តល់ជាមតិបកស្រាយ និង ពន្យល់បន្ថែមលើអ្វីដែលបានលើកឡើងដោយតំណាង IMF និង បានថ្លែងអំណរគុណចំពោះរបកគំហើញទាំងនេះ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះជំនួយគាំទ្របច្ចេកទេសរបស់បេសកកម្មលើកទី១២នេះ ព្រមទាំងបានស្នើសុំ IMF ក្នុងការផ្តល់ជំនួយគាំទ្រផ្នែកបច្ចេកទេសសម្រាប់បេសកកម្មបន្ទាប់លើការពង្រឹងនូវការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យអស់ពីសក្តានុពលពីសំណាក់អ្នកប្រើប្រាស់ តួរយ៉ាងការប្រើប្រាស់ព័ត៌មាននិងរបាយការណ៍ចេញពីប្រព័ន្ធ FMIS ជាផ្លូវការ និង សម្រាប់ធ្វើការសម្រេចចិត្តជាដើម ដូចដែលឯកឧត្តមតែងតែលើកឡើងថា “ព័ត៌មានគឺជាអំណាច”។