+855 23 43 00 63

20

Oct, 2021

សេចក្ដីប្រកាសព័ត៌មានស្ដីពី“កិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទី ៣ ប្រចាំឆមាសទី ៣ ឆ្នាំ ២០២១”

ដោយ៖: | Tags: | មតិយោបល់: 0

នារសៀលថ្ងៃ អង្គារ ១៣ កើត ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងនៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងអេហ្វអឹមអាយអេស នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ “ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទី ៣ ប្រចាំឆមាសទី ៣ ឆ្នាំ ២០២១” ដែលដឹកនាំកិច្ចប្រជុំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គម្រោងអេហ្វអឹមអាយអេស និង មានការចូលរួមពីសមាជិក សមាជិកា ក្រុមការងារគ្រប់គ្រងគម្រោងអេហ្វអឹមអាយអេស និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងអេហ្វអឹមអាយអេស ផងដែរ ។

កិច្ចប្រជុំនេះ គឺមានគោលបំណងពិនិត្យ តាមដាន និង ដោះស្រាយបញ្ហាប្រឈមដែលបាននិងកំពុងអនុវត្តផ្អែកតាមផែនការសកម្មភាពដែលបានដាក់ចេញ និង បង្ហាញពីកិច្ចការងារដែលត្រូវអនុវត្តក្នុង    ត្រីមាសបន្ទាប់ដើម្បីឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បើកកិច្ចប្រជុំពីសារៈសំខាន់នៃកិច្ចប្រជុំថា ជាកិច្ចប្រជុំដែលសមាជិកក្រុមការងារទាំងអស់ត្រូវចូលរួមដើម្បីដឹងពីវឌ្ឍនភាព និង ផ្តល់មតិយោបល់ ឬ ដំណោះស្រាយលើបញ្ហាប្រឈមផ្សេងៗ ។ ឯកឧត្តម ក៏បានកោតសរសើរដល់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងអេហ្វអឹមអាយអេស និង ក្រុមការងាររបស់អគ្គនាយកដ្ឋានពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការគ្នាអនុវត្តការងារដោយសម្រេចបានលទ្ធផលច្រើនក្នុងការអនុវត្តគម្រោងអេហ្វអឹមអាយអេស បើទោះជាក្នុងពេលបច្ចុប្បន្នកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យភាគច្រើនគឺធ្វើការពីផ្ទះមិនអាចជួបគ្នាបាន ។ បើទោះជាយ៉ាងនេះក្តី ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ឱ្យបន្តចូលរួមសហការគ្នា និង តស៊ូព្យាយាមជាមួយគ្នាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និង ទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក ។

ជារួមក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១ នេះ ការអនុវត្តគម្រោងអេហ្វអឹមអាយអេសសម្រេចបាន ៨៧% ក្នុងចំណោមសូចនាករសកម្មភាពសរុបចំនួន ១៦ ក្នុងនោះមានសូចនាករសកម្មភាពចំនួន ១២ សម្រេចបាន ១០០% និង សូចនាករចំនួន ៤ សម្រេចបានប្រហែល ៧០% ។ វឌ្ឍនភាពសំខាន់ៗរបស់ក្រុមការងារគ្រប់គ្រងគម្រោងអេហ្វអឹមអាយអេសសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២១ នេះដូចខាងក្រោម៖

  • បានបញ្ចប់ការងារចាប់ផ្តើមមួយចំនួនដើម្បីត្រៀមដាក់ប្រព័ន្ធអេហ្វអឹមអាយអេសឱ្យអនុវត្តនៅ រដ្ឋបាលរាជធានី-ខេត្តទាំង២៥ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិបន្ថែមថ្មីចំនួន១០
  • បានបញ្ចប់រួចរាល់នូវការបញ្ជ្រាបការយល់ដឹង ដល់មន្ត្រីនៅ១១ក្រសួងសម្រាប់មុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញដល់ក្រសួង-ស្ថាប័នចំនួន ​៣៤
  • បានបន្តការធ្វើសន្ធានកម្មទិន្នន័យជាមួយប្រព័ន្ធប្រតិបត្តិការពាក់ព័ន្ធជាមួយធនាគារពាណិជ្ជ
  • បានរៀបចំវគ្គបណ្តុះបណ្តាលបំប៉នគន្លឹះថ្មីបន្ថែមលើការប្រើប្រាស់ប្រព័ន្ធ FMIS និង ការអនុវត្តនីតិវិធីតម្រង់ទិសថ្មីក្នុងប្រព័ន្ធអេហ្វអឹមអាយអេស និង បន្តការគាំទ្រ និង ដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់
  • បានដាក់ឱ្យប្រើប្រាស់សាកល្បង មុខងាររៀបចំផែនការថវិកានៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងកិច្ចការនារី និង មុខងារលទ្ធកម្មពេញលេញ នៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន និង ក្រសួងកិច្ចការនារី
  • បន្តការអនុវត្តផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធអេហ្វអឹមអាយអេសទាំងស្រុង ក្រៅពីការទូទាត់ការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ ដោយឈានដល់ការកែសម្រួលននីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS លើការធានាចំណាយ និង ទូទាត់ចំណាយថវិកានានា ដែលមានហានិភ័យក្នុងកម្រិតទី២
  • បានបញ្ចប់ការកែលម្អកម្មវិធីកញ្ចក់ថវិកាជំនាន់ទី១ និង បញ្ចប់ការអភិវឌ្ឍកម្មវិធីកញ្ចក់ថវិកាជំនាន់ទី២ ដោយកំពុងដាក់បង្ហាញនិងពិនិត្យទិន្នន័យជូនអគ្គនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងបន្តតាមដានទិន្នន័យក្នុងកម្មវិធីជាប្រចាំ ។

ក្នុងនោះផងដែរ ក្រុមការងារគ្រប់គ្រងគម្រោងអេហ្វអឹមអាយអេស មានផែនការការងារដែលអនុវត្តនៅត្រីមាសបន្ទាប់ដូចជា៖​ រៀបចំដំឡើងឧបករណ៍សម្ភារៈបច្ចេកវិទ្យាព័ត៌មានសម្រាប់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ និង ក្រសួង-ស្ថាប័នដែលត្រូវប្រើប្រាស់មុខងាររៀបចំផែនការថវិកា និង​មុខងារលទ្ធកម្មពេញលេញ ព្រមទាំងធ្វើការបណ្តុះបណ្តាលពីប្រព័ន្ធដើម្បីធានាថាអ្នកប្រើប្រាស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រព័ន្ធបាន ។ ពិសេសគឺការបន្តរៀបចំកែសម្រួលអនុវត្តនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ដោយរៀបចំដាក់ឱ្យអនុវត្តការធានាចំនាយ និង ទូទាត់ចំណាយថវិកាផ្សេងទៀត ក្រៅពីការទូទាត់បៀវត្ស និង ទូទាត់ត្រង់ដែលមានហានិភ័យកម្រិតទី១ និង ទី២ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងចំនួន ៧បន្ថែម ៕