
3
Dec, 2021
ប្រកាសព័ត៌មានស្តីពីការបើកឯកសារដេញថ្លៃជាសាធារណៈលើកញ្ចប់លទ្ធកម្ម “ពង្រឹងសមត្ថភាព និង ទំនើបកម្មមជ្ឈមណ្ឌលទិន្នន័យគម្រោង FMIS”
នាព្រឹកថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១ ដោយស្របតាមនីតិវិធីលទ្ធកម្ម គណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ និង គណៈកម្មការវាយតម្លៃការដេញថ្លៃ បានរៀបចំកិច្ចប្រជុំបើកឯកសារដេញថ្លៃជាសាធារណៈនៅចំពោះមុខអ្នកចូលរួមដាក់ដេញថ្លៃទាំងអស់ ក្រោមការដឹកនាំដោយ ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញញវត្ថុ និង ជាអនុប្រធានគណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ ដែលជាតំណាងរបស់ ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអនុប្រធានគណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ និង ជាតំណាងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃ ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនដែលចូលរួមដេញថ្លៃ តំណាងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានសហប្រតិបត្តិការ និង គ្រប់គ្រងបំណុល និង តំណាងក្រុមការងារលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ការបើកឯកសារដេញថ្លៃជាសាធារណៈពេលនេះលើកញ្ចប់លទ្ធកម្ម “ពង្រឹងសមត្ថភាព និង ទំនើបកម្មមជ្ឈមណ្ឌលទិន្នន័យគម្រោង FMIS” ដែលបានប្រើប្រាស់វិធីសាស្រ្តដេញថ្លៃប្រកួតប្រជែងក្នុងស្រុក ។ ការបើកឯកសារដេញថ្លៃជាសាធារណៈនាពេលនេះ មានក្រុមហ៊ុនចូលរួមដាក់ដេញថ្លៃចំនួនតែ ១ ក្រុមហ៊ុនប៉ុណ្ណោះ ដូច្នេះគណៈកម្មការត្រួតពិនិត្យឯកសារដេញថ្លៃសម្រេចពន្យាពេលលក់ឯកសារដេញថ្លៃរយៈពេល ១៤ថ្ងៃ បន្ថែមទៀត ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងអស់ចូលរួមដាក់ដេញថ្លៃ ៕