+855 23 43 00 63

18

Aug, 2021

សេចក្ដីប្រកាសព័ត៌មានស្ដីពី ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS ជូនថ្នាក់ដឹកនាំ និង មន្រ្តីនៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាលបន្ថែមថ្មីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ដោយ៖: | Tags: | មតិយោបល់: 0

នាថ្ងៃ ពុធ ១០ កើត ខែ ស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងនៅថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២១ ក្រុមការងារគ្រប់គ្រងគម្រោងអេហ្វអឹមអាយអេស (FMIS) បានរៀបចំកម្មវិធី “ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS” ជូនថ្នាក់ដឹកនាំ និង មន្រ្តី នៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាលបន្ថែមថ្មីចំនួន ១១ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន៖ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍, អគ្គាធិការដ្ឋាន, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល, និង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ កម្មវិធីនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី មកពីអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាលបន្ថែមថ្មីចំនួន ៩១ រូប ។

មានប្រសាសន៍នៅក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ពីតួនាទីសំខាន់និងមិនអាចខ្វះបានរបស់ប្រព័ន្ធ FMIS នៅក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅគ្រប់ដំណាក់កាល ព្រមទាំងនៅក្នុង ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ក្នុងការចូលរួមចំណែកជាមូលដ្ឋានគ្រឹះសម្រាប់ឈានឆ្ពោះទៅរកការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ឱ្យសម្រេចបានតាមគោលដៅ ដើម្បីប្រជែងឈ្នះជាមួយបណ្តាប្រទេសក្នុងតំបន់ និង អន្តរជាតិ ។

តាមរយៈការអនុវត្តគម្រោង FMIS កន្លងមក ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមការងារសម្រេចបាន ក្នុងនោះក៏ទទួលបានការកោតសរសើរពីដៃគូអភិវឌ្ឍន៍ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជុំវិញការបោះជំហានទៅមុខឥតឈប់ឈររបស់គម្រោង FMIS ដែលជាចលករដ៏សំខាន់មួយក្នុងការជំរុញនូវការអនុវត្តថវិកានៅតាមក្រសួង-ស្ថាប័ន អង្គភាពចំណាយ ឱ្យកាន់តែមានក្រឹត្យក្រម និង វិន័យក្នុងការចាយវាយឱ្យចំគោលដៅប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផល ដែលគោលដៅចុងក្រោយ គឺដើម្បីឱ្យការបម្រើនូវសេវាសាធារណៈជូនប្រជាពលរដ្ឋ បានទាន់សភាពការ និង តម្រូវការ។ 

គួរបញ្ជាក់ថា ស្រប​តាម​ ផែនការ​ពង្រីកប្រព័ន្ធ FMIS ជំហានទី២, ២០១៧២០២០ ​ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់​ជាផ្លូវការបន្ថែមរួចរាល់នៅក្រសួង-ស្ថាប័នថ្នាក់ជាតិ រួមទាំងអង្គភាពថវិកាអាណាប័ក​ផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-​ខេត្តទាំង​​២៥ និងរតនាគាររាជធានី ខេត្តទាំង ២៥ ដែលមានអ្នកប្រើប្រាស់សរុបជាង ​១១៦២ រូប។ ប្រព័ន្ធ FMIS ត្រូវបានបន្តពង្រីកការធ្វើសន្ធានកម្មទិន្នន័យជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និង ប្រព័ន្ធអេឡិចត្រូនិកគយ, ប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈ, ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, ប្រព័ន្ធគ្រប់គ្រងចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ,​ និង ប្រព័ន្ធធនាគាររបស់ធនាគារជាតិនៃកម្ពុជា និង ធនាគារពាណិជ្ជជាដៃគូ ។

ដោយឡែក សម្រាប់ “ផែនការពង្រីកប្រព័ន្ធ FMIS ជំហានទី ៣, ២០២១-២០២៥” ក៏មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងនោះ មុខងារបន្ថែមថ្មីចំនួន ២ គឺ មុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញ បានអភិវឌ្ឍរួចរាល់ និង ដាក់ឱ្យប្រើប្រាស់ផ្លូវការក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងកិច្ចការនារី ក្នុងឆ្នាំ ២០២១ នេះ ។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានអនុវត្តសកម្មភាពជាច្រើនផងដែរ (រួមមាន ការសិក្សាពីនីតិវិធីអនុវត្តការងារបច្ចុប្បន្ន និង នីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS, ការសិក្សាលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង ការកំណត់ឈ្មោះអ្នកប្រើប្រាស់ប្រព័ន្ធ) ដើម្បីត្រៀមក្នុងការពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងឆ្នាំ ២០២២ ខាងមុខ រួមមាន ១-ការប្រើប្រាស់មុខងារស្នូលនៃប្រព័ន្ធ FMIS នៅរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១១, ២-ការប្រើប្រាស់មុខងាររៀបចំផែនការថវិកានៅក្រសួង-ស្ថាប័ន ចំនួន ១១ និង ៣-ការប្រើប្រាស់មុខងារលទ្ធកម្មពេញលេញនៅក្រសួង-ស្ថាប័ន ចំនួន ៣៤ ។