
22
Apr, 2021
សេចក្តីប្រកាសព័ត៌មានស្តីពី“បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជូនរដ្ឋបាលរាជធានី ខេត្ត ទាំង២៥”
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ឱ្យដឹងថា ការពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS ជាមួយរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ នេះ នឹងធ្វើឱ្យរដ្ឋបាលរាជធានី-ខេត្ត មានមូលដ្ឋានច្បាស់លាស់ក្នុងការរៀបចំនិងអនុវត្តថវិកាឱ្យកាន់តែស្របតាមកម្មវិធី និង គោលនយោបាយរបស់រាជរដ្ឋាភិបាល, កាន់តែបានលឿនជាងមុន, មានវិន័យ, មានមូលដ្ឋានច្បាស់លាស់, មានគណនេយ្យភាពនិងតម្លាភាពចំពោះការអនុវត្តថវិកា និង ចាយចំគោលដៅប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផល ដើម្បីសម្រេចគោលដៅចុងក្រោយ គឺ ការបម្រើនូវសេវាសាធារណៈប្រកបដោយគុណភាពខ្ពស់, បានតាមតម្រូវការ និង ទាន់សភាពការជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា ។ ប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងនៅក្នុងកម្មវិធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS” ជូនថ្នាក់ដឹកនាំ និង មន្ត្រី នៃរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ នាថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២១ ក្នុងគោលបំណង ទទួលស្វាគមន៍នូវការចូលរួមអនុវត្តគម្រោង FMIS របស់រដ្ឋបាលរាជធានី ខេត្ត ទាំង ២៥ សម្រាប់ក្របខណ្ឌគម្រោង FMIS ជំហានទី៣ ជាមួយនឹងការបញ្ជ្រាបការយល់ដឹងបឋមអំពីគម្រោងនិងប្រព័ន្ធ FMIS ក៏ដូចជាការបើកផ្លូវសម្រាប់ការអនុវត្តសកម្មភាពនានាបន្តទៀត ដើម្បីត្រៀមខ្លួនប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ ២០២២ ខាងមុខ សម្រាប់ការកត់ត្រា តាមដាន និង គ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន ។
គួរបញ្ជាក់ជូនថា វឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS នៅកម្ពុជា សម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ រហូតដល់មានការអនុវត្តស្ទើរតែពេញទូទាំងប្រទេសទៅហើយ បើគិតត្រឹមជំហានទី២ នៃការអនុវត្តគម្រោងដែលទើបបញ្ចប់ក្នុងឆ្នាំ ២០២០ កន្លងទៅនេះ។ ប្រព័ន្ធ FMIS នេះ ត្រូវបានវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រប់បណ្តាក្រសួង-ស្ថាប័នដែលបានអនុវត្តរួច រួមទាំងបណ្តាដៃគូអភិវឌ្ឍន៍នានា ចំពោះការបោះជំហានយ៉ាងលឿន ដែលក្លាយជាចលករដ៏សំខាន់មួយក្នុងការជំរុញឱ្យកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាអាចឈានសម្រេចបានតាមគោលដៅតាមការគ្រោងទុក ។