
28
Apr, 2021
ប្រកាសព័ត៌មានអំពីកម្មវិធីសិក្ខាសាលាអន្តរជាតិ ក្រោមប្រធានបទ “ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ”
នាថ្ងៃអង្គារ ទី ២៧ ខែ មេសា ឆ្នាំ ២០២១ ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចូលរួមចែករំលែកបទពិសោធន៍ពីការអនុវត្តគម្រោង FMIS នៅកម្ពុជា ក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិ ក្រោមប្រធានបទ “ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ” ដែលរៀបចំដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង មានសមាសភាពចូលរួមពីតំណាង IMF និង អ្នកអនុវត្តគម្រោងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មកពីបណ្តាប្រទេសជាច្រើនដូចជា៖ ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, អ៊ីសតូនី, ថៃ, អូស្រ្តាលី។
ក្នុងសិក្ខាសាលាតាមរយៈប្រព័ន្ធសន្និសីទវីដេអូ ដោយប្រើប្រាស់កម្មវិធី Webex ឯកឧត្តមបានលើកឡើងពីបទពិសោធន៍ក្នុងការអនុវត្តគម្រោង FMIS ដោយជោគជ័យ មានកត្តាសំខាន់ជាច្រើន ក្នុងចំណោមកត្តាសំខាន់ផ្សេងៗទៀតនោះគឺ មានការគាំទ្រនិងប្ដេជ្ញាចិត្តខ្ពស់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេសពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី, ធនធានមនុស្ស, ការគ្រប់គ្រងការផ្លាស់ប្តូរ និង ការកសាងសមត្ថភាព ដែលអាចនាំឱ្យការអនុវត្តគម្រោង FMIS អាចបោះជំហានរហូតមកដល់ពេលបច្ចុប្បន្ន ។ ថ្វីត្បិតតែយើងបានបញ្ចប់ការងារសម្រាប់គម្រោងនាជំហានទី១ និង ទី២ បានដោយជោគជ័យហើយក៏ពិតមែន ប៉ុន្តែសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា និង ជាពិសេសនៅក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅមានចំណុចជាច្រើនទៀតដែលត្រូវបំពេញតាមរយៈការអនុវត្តគម្រោង FMIS ជំហានទី៣ និង ជំហានបន្តបន្ទាប់ទៀត ជាក់ស្ដែងគឺលើសមត្ថភាពនៃការយល់ដឹងអំពីការទាញយកផលប្រយោជន៍ឱ្យអស់សក្ដានុពលពីប្រព័ន្ធ, ការទូទាត់ទាំងស្រុងតាមប្រព័ន្ធអេឡិចត្រូនិក, ការប្រើប្រាស់មាតិកាថវិកាឱ្យបានត្រឹមត្រូវ ពេញលេញ និង គ្រប់ជ្រុងជ្រោយ, ការបិទបញ្ជីឱ្យបានឆាប់ក្រោយការិយបរិច្ឆេទអនុវត្តថវិកា, ការកែសម្រួល និង តម្រង់ទិសនីតិវិធីអនុវត្តការងារថ្មីដោយប្រើប្រាស់ប្រព័ន្ធ FMIS ទាំងស្រង, ការប្រើប្រាស់មុខងារថ្មីរបស់ប្រព័ន្ធ, និងការពង្រឹងប្រព័ន្ធសុវត្ថិភាពជាដើម ។ ក្នុងឱកាសនេះផងដែរលោក Ali Hashim ជំនាញការជាន់ខ្ពស់ និង ជាអ្នកដែលត្រូវបានទទួលស្គាល់ថាជាស្ថាបនិកនៃប្រព័ន្ធ FMIS Treasury Centric បានអបអរសាទរ, ទទួលស្គាល់ និង វាយតម្លៃខ្ពស់អំពីភាពជោគជ័យនៃការអនុវត្តគម្រោង FMIS នៅកម្ពុជាផងដែរ ។
ក្នុងនោះដែរក៏មានការធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ពីការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈពីប្រទេសផ្សេងៗទៀតដូចជា ទិដ្ឋភាពទូទៅ និង ការយល់ឃើញក្នុងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈលើប្រទេសមួយចំនួន ដែលមូលនិធិរូបិយវត្ថុអន្តរជាតិបានផ្តល់ជំនួយ, ការអនុវត្តប្រព័ន្ធ SPAN របស់ប្រទេសឥណ្ឌូនេស៊ីក្នុងការគ្រប់គ្រងការទូទាត់ចំណាយរបស់រដ្ឋាភិបាល, ការអនុវត្តប្រព័ន្ធ iGFMAS របស់ប្រទេសម៉ាឡេស៊ី ដែល បំលែងប្រព័ន្ធគ្រប់គ្រងគណនេយ្យសាធារណៈពី Modified Cash Basis ទៅ Accrual Basis ដោយប្រើប្រាស់កម្មវិធីSAP, ការចែករំលែកបទពិសោធន៍ការអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសវៀតណាម TABMIS ដោយទីប្រឹក្សាអន្តរជាតិ, ការធ្វើសន្ធានកម្មគ្រប់គ្រងទិន្នន័យហិរញ្ញវត្ថុសាធារណៈពីតំបន់ច្រើន និង ឆ្លងប្រទេសដោយប្រើប្រាស់កម្មវិធីរួមមួយរបស់ប្រទេសអ៊ីសតូនី និង កិច្ចពិភាក្សា សំណួរ ចម្លើយ និង ចែករំលែកបទពិសោធន៍ក្នុងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈពីបណ្តាអ្នកជំនាញផ្នែកនេះដែលមានបទពិសោធន៍ច្រើនឆ្នាំពីបណ្តាប្រទេសផ្សេងៗផងដែរ៕