+855 23 43 00 63

28

Jun, 2021

សេចក្ដីប្រកាសព័ត៌មានស្ដីពី “វឌ្ឍនភាពការងារឆមាសទី១ឆ្នាំ ២០២១ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី ៣”

ដោយ៖: | Tags: | មតិយោបល់: 0

នាថ្ងៃចន្ទ ៤ រោច ខែ បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងនៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ ក្រុមការងារគ្រប់គ្រងគម្រោងអេហ្វអឹមអាយអេស (FMIS) បានរៀបចំកិច្ចប្រជុំស្តីពី “វឌ្ឍនភាពការងារពាក់កណ្តាលឆ្នាំ ២០២១ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣” ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងគោលបំណងតាមដាន, ត្រួតពិនិត្យវឌ្ឍនភាពការងារពាក់កណ្តាលឆ្នាំ ២០២១ និង ទិសដៅបន្តអនុវត្តគម្រោង FMIS ជំហានទី៣ ព្រមទាំងបន្តជំរុញវឌ្ឍនភាពការងារឱ្យសម្រេចបានតាមផែនការសកម្មភាព និង ដោះស្រាយនូវបញ្ហាប្រឈមដែលកំពុងជួបប្រទះ រួមទាំងផលប៉ះពាល់នៃជំងឺកូវីដ-១៩ និង បរិបទការងារពីចម្ងាយ ។

ស្ថិតក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣ និង ស្របតាមផែនការសកម្មភាពដែលបានដាក់ចេញឱ្យអនុវត្តនៅក្នុងឆ្នាំ ២០២១ ក្រុមការងារគ្រប់គ្រងគម្រោង​ FMIS បាននិងកំពុងបន្តអនុវត្តសកម្មភាពការងារ ដើម្បីសម្រេចបានតាមសូចនាករដែលបានកំណត់ ដោយផ្តោតលើការពង្រឹង និងពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS ។ នៅក្នុងពាក់កណ្តាលឆ្នាំ ២០២១ នេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាននូវវឌ្ឍនភាពដូចជា៖

  • បានពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិចំនួន២ រួមមាន លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និង ឧត្តមក្រុប្រឹក្សាសេដ្ឋកិច្ចជាតិ និង កិច្ចការត្រៀមសម្រាប់ការដ្ឋានថ្មីមួយចំនួនដូចជា រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិបន្ថែមថ្មី 
  • បានពង្រីកដាក់ឱ្យប្រើប្រាស់សាកល្បងមុខងារថ្មីចំនួន២ គឺ មុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងកិច្ចការនារី ព្រមទាំងមុខងារលទ្ធកម្មពេញលេញនៅក្រសួងព័ត៌មាន 
  • បានដាក់ដំណើរការសន្ធានកម្មរវាងប្រព័ន្ធ FMIS និង ប្រព័ន្ធបៀវត្សមន្ត្រីរាជការស៊ីវិលរបស់ក្រសួងមុខងារសាធារណៈ
  • បានពង្រីកការអនុវត្តនីតិវិធីថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប នៅក្រសួងចំនួន ៧ រួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងមុខងារសាធារណៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងសុខាភិបាល, និង ក្រសួងអប់រំ យុវជន និងកីឡា
  • បានពង្រីកការអនុវត្តនីតិវិធីថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និង ចំណាយលើបន្ទុកបុគ្គលិកផ្សេងៗដែលមានគោលរបបកំណត់ច្បាស់លាស់ នៅក្រសួង-ស្ថាប័នចំនួន ១៩
  • បានបញ្ចប់ការអភិវឌ្ឍកម្មវិធីកញ្ចក់ថវិកាជំនាន់ទី១   និង អភិវឌ្ឍបន្ថែមសម្រាប់កម្មវិធីកញ្ចក់ថវិកាជំនាន់ ទី ២
  • បានត្រៀមលើការពង្រឹងបន្ថែមលើផ្នែកសុវត្ថិភាព និង សមត្ថភាពប្រព័ន្ធ FMIS ។

ជាមួយគ្នានេះ ក្រុមការងារគ្រប់គ្រងគម្រោង​ FMIS ក៏បានលើកទិសដៅការងារបន្ត លើការពង្រឹង និងពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ត្រីមាសទី៣ និង ទី ៤ ក្នុងឆ្នាំ ២០២១ នេះរួមមាន៖

  • ពង្រីកការអនុវត្តនីតិវិធីថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និង ចំណាយលើបន្ទុកបុគ្គលិកផ្សេងៗដែលមានគោលរបបកំណត់ច្បាស់លាស់ នៅក្រសួង-ស្ថាប័ន ដែលនៅសេសសល់
  • ពង្រីកការអនុវត្តនីតិវិធីថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប នៅក្នុងក្រសួង-ស្ថាប័ន ដែលនៅសេសសល់
  • បន្តសិក្សាលើនីតិវិធីចំណាយផ្សេងទៀតក្រៅពីការបើកផ្តល់បៀវត្ស និង ទូទាត់ត្រង់ ជាពិសេសគឺការសិក្សាលើនីតិវិធីពាក់ព័ន្ធនឹងធានាចំណាយ ការធ្វើកិច្ចលទ្ធកម្ម និងការទូទាត់កិច្ចលទ្ធកម្មជាដើម
  • ដំឡើងហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់ រៀបចំប្រព័ន្ធ FMIS និង ផ្តល់វគ្គបណ្តុះបណ្តាលជូនអ្នក       ប្រើប្រាស់នៅរដ្ឋបាលរាជធានី-ខេត្ត និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៅថ្នាក់កណ្តាលបន្ថែមថ្មី ។

កិច្ចប្រជុំប្រព្រឹត្តិរហូតដល់ម៉ោង ១:០០​ រសៀល ដោយមានការចូលរួមផ្ដល់ធាតុចូលល្អៗពីគ្រប់បណ្ដាអគ្គ-នាយកដ្ឋានពាក់ព័ន្ធដែលជាសមាជិកក្រុមការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់អំពីការស្វែងរកនូវដំណោះស្រាយទៅលើបញ្ហាប្រឈមនានា ដែលអាចជាហានិភ័យប៉ះពាល់ដល់ការអនុវត្តគម្រោង FMIS ៕