+855 23 43 00 63

10

Jan, 2024

ដំណើរការពង្រឹងការអនុវត្ត FMIS នៅគ្រឹះស្ថានសាធារណៈរដ្ឋបាលនៅ រាជបណ្ឌិត្យសភាកម្ពុជា (RAC)

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងគោលដៅពង្រឹងការអនុវត្តថវិកាតាម FMIS ក៏ដូចជាការឈានឆ្ពោះទៅកាន់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រង និង អនុវត្តហិរញ្ញវត្ថុសាធារណៈតាម FMIS ទាំងស្រុង នាពេលខាងមុខនៅគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អនុវត្តតាមការណែនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ឱ្យក្រុមការងារគ្រប់គ្រងគម្រោង FMIS ត្រូវយកចិត្តទុកដាក់តាមដានការអនុវត្តថវិកាផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់ FMIS នៅការដ្ឋានទាំង ៤ ផ្ទាល់ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបន្តចុះជួបផ្ទាល់ជាមួយរាជបណ្ឌិត្យសភាកម្ពុជា (RAC) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារ FMWG, ឯកឧត្តមអគ្គលេខាធិការ, ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និង
មន្ត្រីអនុវត្តថវិកាប្រចាំនៅរាជបណ្ឌិត្យសភាកម្ពុជាផ្ទាល់ នាព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៤ ។

ឯកឧត្ដម មន្ត ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានបញ្ជាក់អំពីគោលបំណងនៃការចុះជួបផ្ទាល់នេះជូនដល់អង្គប្រជុំជ្រាបថា ដោយសារសង្កេតឃើញការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុរបស់រាជបណ្ឌិត្យសភាកម្ពុជានៅក្នុងប្រព័ន្ធមិនទាន់មានភាពគ្រប់ជ្រុងជ្រោយ និង ដើម្បីស្វែងយល់ពីបញ្ហាប្រឈម, សំណូមពរ និង ឧបសគ្គរាំងស្ទះពិតជាក់ស្ដែងរបស់រាជបណ្ឌិត្យសភាកម្ពុជា លើការប្រើប្រាស់ FMIS ។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តម យង់ ពៅ អគ្គលេខាធិការ​ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានមតិស្វាគមន៍, ថ្លែងអំណរគុណ និង បានលើកឡើងអំពីតួនាទីភារកិច្ច, ស្ថានភាពជាក់ស្ដែង, ការលំបាក និង ផែនការរបស់រាជបណ្ឌិត្យសភាកម្ពុជា ។

តាមរយៈកិច្ចប្រជុំនេះ គឺ ក្រុមការងារបានស្វែងយល់ច្បាស់អំពីស្ថានភាពពិតប្រាកដរបស់រាជបណ្ឌិត្យសភាកម្ពុជា រួមមាន៖ ១-វឌ្ឍនភាពនៃការប្រើប្រាស់ FMIS, ២-ប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលតាមអនឡាញនៅមានកម្រិត និង ជាពិសេសកាន់តែបាត់បង់នូវប្រសិទ្ធភាពនៅពេលអ្នកប្រើប្រាស់កំពុងរវល់ការងារ, ៣- កង្វះខាតធនធានមនុស្សក្នុងការប្រើប្រាស់ប្រព័ន្ធ ដើម្បីចុះប្រតិបត្តិការហិរញ្ញវត្ថុ និង ការពង្រឹងលើសមត្ថភាព និង ៤-បញ្ហាប្រឈម និង សំណូមពរ ។

ជាការឆ្លើយតប ឯកឧត្តម មន្ត ប្រាថ្នា នឹងចាត់ក្រុមការងារ FMIS ដើម្បីជួយគាំទ្រលើការចុះប្រតិបត្តិការជាក់
ស្តែងនៅរាជបណ្ឌិត្យសភាកម្ពុជា ផ្ទាល់តែម្ដងនៅថ្ងៃទី ១៧ និង ១៨ ខែ មករា ឆ្នាំ ២០២៤ បន្ថែមពីលើការគាំទ្រទូទៅ ។ ឯកឧត្តមអគ្គនាយក ក៏បានផ្តាំផ្ញើដល់អ្នកប្រើប្រាស់នៅរាជបណ្ឌិត្យសភាកម្ពុជា ឱ្យខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់ FMIS ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីមានមូលដ្ឋានក្នុងការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង ដែលមិនមានការបញ្ជូនឯកសារនៅខាងក្រៅប្រព័ន្ធទៀតនោះទេ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ នៅឆ្នាំ ២០២៥ ។

ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានចុះមកជួបផ្ទាល់ និង ដោះស្រាយបញ្ហាលំបាករបស់រាជបណ្ឌិត្យសភាកម្ពុជា និង បានប្ដេជ្ញាអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុតាម FMIS ឱ្យបានពេញលេញនៅក្នុងឆ្នាំ ២០២៤ នេះតទៅ ក៏ដូចជាបំពេញតាមសំណូមពររបស់ក្រុមការងារផងដែរ ៕