+855 23 43 00 63

11

Jan, 2024

ដំណើរការពង្រឹងការអនុវត្ត FMIS នៅគ្រឹះស្ថានសាធារណៈរដ្ឋបាល មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” (TSC)

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងគោលដៅពង្រឹងការអនុវត្តថវិកាតាម FMIS ក៏ដូចជាការឈានឆ្ពោះទៅកាន់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រង និង អនុវត្តហិរញ្ញវត្ថុសាធារណៈតាម FMIS ទាំងស្រុង នាពេលខាងមុខនៅគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អនុវត្តតាមការណែនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ឱ្យក្រុមការងារគ្រប់គ្រងគម្រោង FMIS ត្រូវយកចិត្តទុកដាក់តាមដានការអនុវត្តថវិកាផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់ FMIS នៅការដ្ឋានទាំង ៤ ផ្ទាល់ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបន្តចុះជួបផ្ទាល់ជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” (TSC) ដោយមានការចូលរួមពីក្រុមការងារ FMWG, ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និង មន្ត្រីអនុវត្តថវិកាប្រចាំនៅមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”ផ្ទាល់ នាព្រឹកថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៤ ។

លោក ប៊ុន ឆាយ ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានបញ្ជាក់អំពីគោលបំណង នៃការចុះជួបផ្ទាល់នេះជូនដល់អង្គប្រជុំជ្រាបថា ដោយសារសង្កេតឃើញការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុរបស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” នៅក្នុងប្រព័ន្ធមិនទាន់មានភាពគ្រប់ជ្រុងជ្រោយ និង ដើម្បីស្វែងយល់ពីបញ្ហាប្រឈម, សំណូមពរ និង ឧបសគ្គរាំងស្ទះពិតជាក់ស្ដែងរបស់មជ្ឈមណ្ឌលបណ្ដុះ
ធុរកិច្ចថ្មី “តេជោ” លើការប្រើប្រាស់ FMIS ។ ឆ្លៀតក្នុងឱកាសនេះ, លោកស្រី ប៊ុន ច័ន្ទ វឌ្ឍិកា ប្រធាននាយកដ្ឋាន នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” (TSC) បានមានមតិស្វាគមន៍, ថ្លែងអំណរគុណ និង បានលើកឡើងអំពីតួនាទីភារកិច្ច, ស្ថានភាពជាក់ស្ដែង, ការលំបាក និង ផែនការរបស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ។

តាមរយៈកិច្ចប្រជុំនេះ គឺ ក្រុមការងារបានស្វែងយល់ច្បាស់អំពី ស្ថានភាពពិតប្រាកដរបស់មជ្ឈមណ្ឌលបណ្ដុះ
ធុរកិច្ចថ្មី “តេជោ” រួមមាន៖ ១-វឌ្ឍនភាពនៃការប្រើប្រាស់ FMIS, ២-ប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលតាម
អនឡាញនៅមានកម្រិត និង ជាពិសេសនោះការបាត់បង់នូវប្រសិទ្ធភាពនៅពេលអ្នកប្រើប្រាស់កំពុងរវល់ការងារ,ការពង្រឹងលើសមត្ថភាព និង ៣-បញ្ហាប្រឈម និង សំណូមពរ ។

ជាការឆ្លើយតប លោក ប៊ុន ឆាយ នឹងចាត់ក្រុមការងារ FMIS ដើម្បីជួយគាំទ្រលើការចុះប្រតិបត្តិការជាក់
ស្តែងនៅមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ផ្ទាល់តែម្ដងនៅថ្ងៃទី ២២ និង ២៣ ខែ មករា ឆ្នាំ ២០២៤ បន្ថែមពីលើការគាំទ្រទូទៅ ។ លោកប្រធាននាយកដ្ឋាន ក៏បានផ្តាំផ្ញើដល់អ្នកប្រើប្រាស់នៅមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ឱ្យខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់ FMIS ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីមានមូលដ្ឋានក្នុងការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង ដែលមិនមានការបញ្ជូនឯកសារនៅខាងក្រៅប្រព័ន្ធទៀតនោះទេ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ នៅឆ្នាំ ២០២៥ ។

លោកស្រីប្រធាននាយកដ្ឋាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានចុះមកជួបផ្ទាល់ និងដោះស្រាយបញ្ហាលំបាករបស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និង បានប្ដេជ្ញាអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុតាម FMIS ឱ្យបានពេញលេញនៅក្នុងឆ្នាំ ២០២៤ នេះតទៅ ក៏ដូចជាបំពេញតាមសំណូមពររបស់ក្រុមការងារផងដែរ ៕