+855 23 43 00 63

9

Jan, 2024

ដំណើរការពង្រឹងការអនុវត្ត FMIS នៅគ្រឹះស្ថានសាធារណៈរដ្ឋបាល (វិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា CARDI)

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងគោលដៅពង្រឹងការអនុវត្តថវិកាតាម FMIS ក៏ដូចជាការឈានឆ្ពោះទៅកាន់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រង និង អនុវត្តហិរញ្ញវត្ថុសាធារណៈតាម FMIS ទាំងស្រុង នាពេលខាងមុននៅគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អនុវត្តតាមការណែនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ឱ្យក្រុមការងារគ្រប់គ្រងគម្រោង FMIS ត្រូវយកចិត្តទុកដាក់តាមដានការអនុវត្តថវិកាផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់ FMIS នៅការដ្ឋានទាំង ៤ ផ្ទាល់ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចុះជួបផ្ទាល់ជាមួយវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារ FMWG, នាយកវិទ្យាស្ថាន និង អ្នកគ្រប់គ្រង និង មន្រីអនុវត្តថវិកាប្រចាំនៅវិទ្យាស្ថានផ្ទាល់នាព្រឹកថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២៤ ។

ឯកឧត្ដម មន្ត ប្រាថ្នា បានបញ្ជាក់អំពីគោលបំណងនៃការចុះជួបផ្ទាល់នេះជូនដល់អង្គប្រជុំជ្រាបថា ដោយសារសង្កេតឃើញការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុរបស់វិទ្យាស្ថាននៅក្នុងប្រព័ន្ធមិនទាន់មានភាពគ្រប់ជ្រុងជ្រោយ និង ដើម្បីស្វែងយល់ពីបញ្ហាប្រឈម, សំណូមពរ និង ឧបសគ្គរាំងស្ទះពិតជាក់ស្ដែងរបស់វិទ្យាស្ថានលើការប្រើប្រាស់ FMIS ។ លោកនាយក ឡោ ប៊ុណ្ណា បានមានមតិស្វាគមន៍, ថ្លែងអំណរគុណ និង បានលើកឡើងអំពីតួនាទីភារកិច្ច, ស្ថានភាពជាក់ស្ដែង, ការលំបាក និង ផែនការរបស់វិទ្យាស្ថាន ។

តាមរយៈកិច្ចប្រជុំនេះ គឺ ក្រុមការងារបានស្វែងយល់ច្បាស់អំពីស្ថានភាពពិតប្រាកដរបស់វិទ្យាស្ថាន រួមមាន៖ ១-វឌ្ឍនភាពនៃការប្រើប្រាស់ FMIS, ២-ប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលតាមអនឡាញនៅមានកម្រិត និង ជាពិសេសកាន់តែបាត់ប្រសិទ្ធភាពនៅពេលអ្នកប្រើប្រាស់កំពុងរវល់ការងារ, ៣-បញ្ហាប្រឈម និង សំណូមពរ

ជាការឆ្លើយតប ឯកឧត្តម មន្ត ប្រាថ្នា នឹងចាត់ក្រុមការងារដើម្បីគាំទ្រការចុះប្រតិបត្តិការជាក់ស្តែងនៅវិទ្យាស្ថានផ្ទាល់តែម្ដងនៅថ្ងៃ ១១ និង ១២ ខែ មករា ឆ្នាំ ២០២៤ បន្ថែមពីលើការគាំទ្រទូទៅ ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អ្នកប្រើប្រាស់នៅវិទ្យាស្ថានឱ្យខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់ FMIS ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីមានមូលដ្ឋានក្នុងការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង ដែលមិនមានការបញ្ជូនឯកសារនៅខាងក្រៅប្រព័ន្ធពីដំណាក់កាលមួយទៅដំណាក់កាលមួយ នៅឆ្នាំ ២០២៥ ។

តំណាងវិទ្យាស្ថានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានចុះមកជួបផ្ទាល់ និង ដោះស្រាយការលំបាករបស់វិទ្យាស្ថាន និង បានប្ដេជ្ញាអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុតាម FMIS និង បំពេញតាមសំណូមពររបស់ក្រុមការងារ ។

សូមបញ្ជាក់ថា កាលពីចុងឆ្នាំ ២០២៣ ក្រុមការងារបានចុះជួបផ្ទាល់ជាមួយគ្រឹះស្ថានអង្គរ និង បានដោះស្រាយបញ្ហាប្រឈមរបស់អ្នកប្រើប្រាស់ ។ នៅថ្ងៃទី ១០ និង ១១ ខែ មករា ឆ្នាំ ២០២៤ នេះ ក្រុមការងារនឹងបន្តចុះជួបផ្ទាល់ជាមួយគ្រឹះស្ថានសាធារណៈរដ្ឋបាល ២ ទៀត គឺ រាជបណ្ឌិតសភាកម្ពុជា និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”