
13
Jun, 2023
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប ៖ ដៃគូអភិវឌ្ឍន៍មិនជឿថាអាចសម្រេចកិច្ចការងារបានឡើយ ប្រសិនបើមិនមាន FMIS
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប ៖ ដៃគូអភិវឌ្ឍន៍មិនជឿថាអាចសម្រេចកិច្ចការងារបានឡើយ ប្រសិនបើមិនមានប្រព័ន្ធ FMIS
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោង FMIS ស្តីពីការរៀបចំនីតិវិធីពាក់ព័ន្ធនឹងកិច្ចលទ្ធកម្មតាម FMIS និងការងាររៀបចំសន្ធានកម្មរវាង FMIS និង ប្រព័ន្ធ EFMS របស់ក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប ប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានឱ្យដឹងថា កាលណាមិនប្រើប្រព័ន្ធ FMIS ដៃគូអភិវឌ្ឍន៍មិនជឿថាអាចសម្រេចការងារបានឡើយ ជាពិសេសនោះគឺមិនមានចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ឯកឧត្តមបណ្ឌិតសភាចារ្យប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ គឺចំពេលដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS ជំរុញការប្រើប្រាស់ FMIS នៅក្រសួងអប់រំ យុវជន និង កីឡា តាមពីរជម្រើសផ្សេងគ្នា ពោលគឺជម្រើសទីមួយធ្វើឡើងតាមរយៈការធ្វើសន្ធានកម្មរវាង FMIS និង EFMS និងជម្រើសទីពីរតាមរយៈការសិក្សាពីលទ្ធភាពនៃការដាក់ FMIS ឱ្យប្រើប្រាស់នៅក្នុងក្រសួងអប់រំ យុវជន និងកីឡា ផ្ទាល់តែម្តង ។
ដោយឡែក សម្រាប់កិច្ចពិភាក្សាលើការងាររៀបចំនីតិវិធីពាក់ព័ន្ធនឹងកិច្ចលទ្ធកម្មតាម FMIS ក្នុងនោះទិដ្ឋភាពទូទៅនៃមុខងារលទ្ធកម្មពេញលេញនៅក្នុង FMIS ដែលមានមុខងារគ្រប់គ្រងបញ្ជីឈ្មោះអ្នកដេញថ្លៃ ,មុខងារផែនការលទ្ធកម្ម ,មុខងារគ្រប់គ្រងការដេញថ្លៃ និង មុខងារគ្រប់គ្រងកិច្ចសន្យា រួមទាំងរំហូរនីតិវិធីថ្មីតាម FMIS ត្រូវទាមទារអោយមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ដោយសារតែរំហូរនីតិវិធីក្នុងផ្នែកលទ្ធកម្មនេះនៅមានភាពស្មុគស្មាញច្រើន ដោយសារតែបច្ចុប្បន្ននេះ នីតិវិធីថ្មីមិនអាចអនុវត្តតាមប្រព័ន្ធទាំងស្រុងបាននោះទេ តម្រូវឱ្យអ្នកប្រើប្រាស់អាចពិចារណាក្នុងការលុបបំបាត់ ឬ កាត់បន្ថយនីតិវិធីខាងក្រៅឱ្យមកខ្លី ហើយនីតិវិធីនេះនឹងអាចធ្វើការអនុវត្តបានតាមប្រព័ន្ធទាំងស្រុងនៅពេលអនុវត្តលទ្ធកម្មអេឡិកត្រូនិច ជាមួយនឹងការទទួលស្គាល់លើការប្រើប្រាស់ឯកសារជា Softcopy និង ការអនុវត្តហត្ថលេខាឌីជីថលក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល ។