+855 23 43 00 63

24

Apr, 2024

វឌ្ឍនភាពនៃការអភិវឌ្ឍកម្មវិធី កញ្ចក់ថវិកា “Budget Mirror” ជំហានទី១ សម្រេចបានតាមការគ្រោងទុក

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS បាននិងកំពុងអភិវឌ្ឍកម្មវិធីកញ្ចក់ថវិកា “Budget Mirror” សម្រេចបានស្ទើរ ១០០ ភាគរយ ស្របតាមផែនការដែលបានគ្រោងទុក និង ត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ ។ 

គួរបញ្ជាក់ផងដែរថា កម្មវិធីកញ្ចក់ថវិកា (Budget Mirror) ជាកម្មវិធីរបាយការណ៍ឌីជីថលឆ្លាតវៃ ដែលនឹងក្លាយជាថ្នាលប្រមូលផ្តុំនូវទិន្នន័យឌីជីថលច្រើនប្រភេទទាំងទិន្នន័យហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ ហើយបំប្លែងទិន្នន័យ (Data Transforming) ជាទម្រង់ព័ត៌មានដែលអាចអានបាន, យល់បាន និង ប្រើប្រាស់សម្រាប់ការតាមដាន និង គ្រប់គ្រងការអនុវត្តហិរញ្ញវត្ថុសាធារណៈ និង ជួយដល់ការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងធុរកិច្ចរបស់ស្ថាប័ន និង រាជរដ្ឋាភិបាល ។ 

បន្ថែមលើរបៀបវារៈនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំនិងណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រង FMIS ពិនិត្យមើលការងារដែលសេសសល់ផ្សេងៗទៀត និង ពិភាក្សាបន្ថែមលើការបានត្រៀមខ្លួនរួចជាស្រេច ដោយគិតគូរយ៉ាងយកចិត្តទុកដាក់លើដំណើរការនៃការរៀបចំកម្មវិធី “ការប្រកាសដាក់ឱ្យអនុវត្តគម្រោង FMIS ទៅកាន់ការដ្ឋានថ្មីបន្ថែម និង ប្រើប្រាស់សមិទ្ធផលថ្មីៗជាផ្លូវការ ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃ ពុធ ១កើត ខែ ពិសាខ ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៤ ខាងមុខនេះ ៕