+855 23 43 00 63

28

Oct, 2020

វឌ្ឍនភាពនៃការអភិវឌ្ឍមុខងាររៀបចំផែនការថវិកាក្នុងប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ក្រោយពីប្រកាសដាក់ឱ្យអនុវត្ត នូវផែនការសកម្មភាពសម្រាប់ការរៀបចំ និង ការអភិវឌ្ឍមុខងាររៀបចំផែនការថវិកា (២០២០-២០២១) ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២០  តាមរយៈប្រព័ន្ធអេឡិចត្រូនិក ក្រោមការដឹកនាំរបស់ លោក មន្ត ប្រាថ្នា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង   FMIS ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារបានចាប់ផ្តើមអនុវត្តផែនការសកម្មភាព ដោយសម្រេចបាននូវវឌ្ឍនភាពការងារទៅតាមផែនការដែលបានគ្រោងទុក រួមមាន៖

-បានបញ្ចប់ការងារដំឡើងប្រព័ន្ធរៀបចំផែនការថវិកានៅមជ្ឈដ្ឋានអភិវឌ្ឍ (Dev Environment) និង មជ្ឈដ្ឋានតេស្តសាកល្បង (UAT Environment)

-បានធ្វើតេស្តសាកល្បងដោយជោគជ័យលើដំណើរការប្រព័ន្ធនៅក្នុងមជ្ឈដ្ឋានអភិវឌ្ឍ (Dev Environment) និង មជ្ឈដ្ឋានតេស្តសាកល្បង (UAT Environment)

-បានបញ្ចប់ការអភិវឌ្ឍ និង រៀបចំផ្នែកកំណត់ពិដានឥណទានថវិកា (Budget Ceiling) និង ការរៀបចំកញ្ចប់ថវិកា (Budget Preparation) សម្រាប់ក្រសួងចំនួនពីរ នៅក្នុងជំហានទី១ ក (Phase 1 A)

-បានធ្វើតេស្តសាកល្បង (User Acceptance Test) លើការបញ្ចូលទិន្នន័យគម្រោងចំណូល-ចំណាយរបស់ក្រសួង-ស្ថាប័នតាមរយៈតារាង Excel File ដោយអ្នកប្រើប្រាស់ នៃអគ្គនាយកដ្ឋានថវិកា ដើម្បីធានាបានថាប្រព័ន្ធត្រូវបានរៀបចំ និង អភិវឌ្ឍស្របតាមលក្ខខណ្ឌតម្រូវការរបស់អ្នកប្រើប្រាស់ ។

មុខងាររៀបចំផែនការថវិកា នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីអាចឈានឆ្ពោះទៅការអនុវត្តថវិកាសមិទ្ធិកម្ម ដែលស្របតាមទិសដៅ ជាយុទ្ធសាស្រ្តនៃការផ្សារភា្ជប់ថវិកាទៅនឹង គោលនយោបាយ និងគណនេយ្យភាពសមិទ្ធិកម្ម នៅឆ្នាំ ២០២៥​ ។​ ក្នុងនោះ មុខងាររៀបចំផែនការថវិកា នឹងក្លាយជាឧបករណ៍មួយយ៉ាងសំខាន់ក្នុងការជួយដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗរបស់អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបណ្តាក្រសួង-ស្ថាប័ន ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល ក្នុងដំណើរការរៀបចំផែនការថវិកា ដូចជា៖

  • ផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មាន ឬ ទិន្នន័យរបស់ថវិកាចរន្ត និងថវិកាមូលធន​
  • ជួយកាត់បន្ថយការចំណាយពេលវេលាក្នុងការរៀបចំ​ និងកែតម្រូវទិន្នន័យ នៅពេលមានការកែប្រែលើផែនការយុទ្ធសាស្រ្តថវិកាបីឆ្នាំរំកិល ក៏ដូចជាផែនការគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នំា បន្ទាប់ពីមានការសម្រេចឯកភាពកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំ នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ផ្តល់ភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់ បូកសរុបលើកញ្ចប់ថវិការួមរបស់បណ្តាក្រសួង-ស្ថាប័ន ក្នុងករណីមានការកែតម្រូវលើថវិកាដែលបានគ្រោងឡើង ។
  • ផ្តល់ភាពងាយស្រួលសម្រាប់ការត្រួតពិនិត្យ និង តាមដានរាល់ការចំណាយរបស់អង្គភាពថវិកានីមួយៗ ដែលអាចឱ្យយើងដឹងអំពីការចំណាយមិនចំគោលដៅ ឬ មិនស្របទៅតាមសូចនាករដែលបានកំណត់ដើមឆ្នាំ ឬ មិនស្របទៅតាមស្មារតីនៃការចរចាថវិកាប្រចាំឆ្នាំរវាងក្រសួង-ស្ថាប័ន ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ផ្តល់ភាពងាយស្រួលសម្រាប់ការកំណត់ពិដានថវិកា ក្នុងការរៀបចំគម្រោងចំណូល-ចំណាយប្រចាំឆ្នាំ
  • ជួយកាត់បន្ថយការចំណាយលើការប្រើប្រាស់ឯកសារជាក្រដាស ។