+855 23 43 00 63

20

Jul, 2021

វឌ្ឍនភាពការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបៀវត្សមន្ត្រីរាជការស៊ីវិល (PRIS) មកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងមុខងារសាធារណៈ បានសហការអនុវត្តផែនការសកម្មភាពក្នុងការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យពីប្រព័ន្ធ PRIS មកប្រព័ន្ធ FMIS ដោយសម្រេចបានលើកិច្ចការជាច្រើន រួមមាន៖

១. ប្រព័ន្ធ PRIS នៃក្រសួងមុខងារសាធារណៈ បានអភិវឌ្ឍ និង កែសម្រួលមុខងារមួយចំនួន ដើម្បីអាចធ្វើស្វ័យប្រវត្តិកម្មលើការបញ្ជូនទិន្នន័យមកកាន់ប្រព័ន្ធ FMIS ដែលមានព័ត៌មានគ្រប់ជ្រុងជ្រោយដូចជា៖ លេខកូដអង្គភាព, ចំណាត់ថ្នាក់សេដ្ឋកិច្ច (អនុគណនីបៀវត្ស), ទឹកប្រាក់សរុប, ទឹកប្រាក់ពន្ធកាត់ទុកលើប្រាក់បៀវត្សទៅតាមអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញ ជាដើម ។ ទិន្នន័យដែលទទួលបានពីការធ្វើស្វ័យប្រវត្តិកម្មនេះ សុទ្ធសឹងជាព័ត៌មានចាំបាច់ និង ស្របតាមព័ត៌មានលើសន្លឹកអាណត្តិបើកផ្តល់បៀវត្ស ដែលបោះផ្សាយដោយក្រសួងមុខងារសាធារណៈ ។

២. សម្រេចជាកម្រិតបច្ចេកទេសក្នុងការផ្តល់ទិន្នន័យនៃការរៀបចំ Data Dictionary ដែលជាគំរូទិន្នន័យជាក់ស្តែងសម្រាប់ការផ្គូផ្គង (Mapping) ទៅក្នុងទម្រង់ជា “XML File” ដែលបានកែសម្រួលរួចរាល់ក្នុងទម្រង់នៃតារាងទូទាត់បៀវត្សប្រចាំខែផលិតចេញពីប្រព័ន្ធ PRIS ដែលមានទម្រង់ជាក្រដាស A3 មកជាទម្រង់ A4 វិញ ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការភ្ជាប់ “File” ទៅក្នុងប្រព័ន្ធ FMIS ។

៣. បញ្ចប់ការធ្វើតេស្តសាកល្បង ក្នុងការទាញយកទិន្នន័យស្វ័យប្រវត្តិកម្ម ដោយទទួលបានលទ្ធផលជោគជ័យដូចការគ្រោងទុក និង បានកំណត់វេលាទាញទិន្នន័យដោយស្វ័យប្រវត្តិពីប្រព័ន្ធ PRIS មកប្រព័ន្ធ FMIS ចាប់ពីថ្ងៃទី ១៥ ក្នុងសប្តាហ៍ទី ០២ នៃខែនីមួយៗ រហូតដល់ត្រឹមថ្ងៃទី ០៧ ក្នុងសប្តាហ៍ទី ០១ នៃខែបន្ទាប់ និងវេលាម៉ោង ១៧៖០០ រសៀល ។

៤. លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ចប់ការរៀបចំការបញ្ជ្រាបការយល់ដឹង និង វគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើសន្ធានកម្មទិន្នន័យពីប្រព័ន្ធ PRIS មកប្រព័ន្ធ FMIS” ជូនអ្នកប្រើប្រាស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងមុខងារសាធារណៈរួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល ។ ការសម្រេចបាននូវការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យពីប្រព័ន្ធ PRIS មកប្រព័ន្ធ FMIS នេះ នឹងគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ២០២០ -២០២៥​ ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ។ អត្ថប្រយោជន៍នៃការធ្វើស្វ័យប្រវត្តិកម្មទិន្នន័យរវាងប្រព័ន្ធទាំងពីរនេះមានជាអាទិ៍៖

– កាត់បន្ថយកំហុសឆ្គងដល់អ្នកប្រើប្រាស់

– មានភាពរហ័ស ដោយអ្នកប្រើប្រាស់នឹងចំណាយពេវេលាតិចជាងមុនក្នុងការវាយបញ្ចូលទិន្នន័យអាណត្តិបៀវត្សក្នុងប្រព័ន្ធ FMIS

– បង្កើននូវប្រសិទ្ធភាព និង ភាពទាន់ពេលវេលាក្នុងការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការស៊ីវិល ។