+855 23 43 00 63

9

Jan, 2024

កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រួតពិនិត្យប្រចាំឆ្នាំ ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីពិនិត្យ និង ពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំឆ្នាំ ២០២៣ នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំដោយផ្ទាល់ នាព្រឹកថ្ងៃ អង្គារ ១៣កើត ខែ មគិសិរ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២៤ ដែលមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន, តំណាងស្ថាប័ន, តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និង អង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈ ប្រព័ន្ធសន្និសីទវីដេអូ សរុបប្រមាណជិត ៤០០ រូប ។

ក្នុងអង្គប្រជុំទាំងមូលផ្តោតទៅលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៤ និង ប្រចាំឆ្នាំ ២០២៣ នៃការអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី៤ និង របកគំហើញនៃរបាយការណ៍សិក្សានិងវាយតម្លៃ អំពីការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ និង ប្រសិទ្ធភាពនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ក្នុងគោលបំណងតម្រង់វិថីកែទម្រង់កាន់តែឆ្ពោះទៅរកគន្លង នៃប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និង គណនេយ្យភាពក្នុងបរិបទជាក់ស្តែង នៃកម្ពុជា ។ ជាមួយគ្នានេះ, អង្គប្រជុំក៏បានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងការបន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ ផ្តោតសំខាន់ទៅលើ ការធ្វើស្វ័យប្រវត្តិកម្មពេញលេញនូវនីតិវិធីចំណាយថវិកាចរន្តនៅតាមក្រសួង-ស្ថាប័នមួយចំនួន និង ពង្រីកការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅគ្រប់ស្ថាប័នទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។

តាមរយៈរបាយការណ៍វាយតម្លៃលើការអនុវត្ត FMIS, ការអនុវត្ត FMIS កាន់តែមានភាពល្អប្រសើរ និង គួរឱ្យកត់សម្គាល់ ខណៈពេលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានការអភិវឌ្ឍកាន់តែច្រើន, ការរៀបចំនិម្មាបនកម្មបច្ចេកវិទ្យាព័ត៌មានកាន់តែមានភាពចំបាច់ និង ត្រូវជំរុញ ដើម្បីទាញប្រយោជន៍ជាអតិបរមាដល់ការធ្វើទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ក្នុងអង្គប្រជុំថា ទន្ទឹមនឹងការវឌ្ឍនភាពល្អប្រសើរតាមគោលដៅរំពឹងទុកក្តី, FMIS ក៏នៅមានចំនុចត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ជាអាទិ៍៖ ការពង្រីកវិសាលភាពកត់ត្រាក្នុង FMIS, ការធ្វើសន្ធានកម្មជាមួយប្រព័ន្ធផ្សេងៗ, ការចែករំលែកទិន្នន័យ និង ការពង្រីកការប្រើប្រាស់ FMIS ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពផ្តល់សេវាសាធារណៈ នៃក្រសួង-ស្ថាប័ន ។

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និង ក្រុមការងារពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ និង បុរេសកម្ម ដោយទទួលបានប្រសិទ្ធភាពគួរកត់សម្គាល់ និង ណែនាំឱ្យក្រុមការងារពាក់ព័ន្ធព្យាយាមយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីកែលម្អទៅលើចំនុចខ្វះខាតនៅក្នុងប្រព័ន្ធ ៕