+855 23 43 00 63

20

Aug, 2019

ស្វែងយល់អំពីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៃប្រទេស Moldova

ដោយ៖: | Tags: | មតិយោបល់: 0

ប្រទេសម៉ុលដូវ៉ា (Moldova) គឺជាប្រទេសមួយដែលគ្មានដែនសមុទ្រ មានទីតាំងស្ថិតក្នុងទ្វីបអឺរ៉ុបប៉ែកខាងកើត និង មានព្រំប្រទល់ជាប់ប្រទេសពីរគឺ រ៉ូមានី (Romania) និង អ៊ុយក្រែន  (Ukraine) ហើយប្រទេសនេះ ទើបតែទទួលបានឯករាជ្យភាពពីសហភាពសូវៀតនៅឆ្នាំ ១៩៩១ ប៉ុណ្ណោះ ។ ដោយសារតែលក្ខខណ្ឌភូមិសាស្ត្រ និង កាលានុវត្តភាពសេដ្ឋកិច្ចដ៏ស្ដួចស្ដើង បានធ្វើឱ្យរដ្ឋាភិបាលប្រទេសម៉ុលដូវ៉ា ព្យាយាមស្វះស្វែងរកជំនួយបច្ចេកទេសទាំងមកពីក្នុងតំបន់ និង ទូទាំងពិភពលោកមកជួយគាំទ្រ ។ តាមរយៈការទទួលបាននូវជំនួយគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និង បច្ចេកទេស ពីសំណាក់សហភាពអឺរ៉ុប (EU) និង ធនាគារពិភពលោក (World Bank), រដ្ឋាភិបាលម៉ុលដូវ៉ាបានចាប់ផ្តើមដាក់ចេញនូវចក្ខុវិស័យលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ខ្លួន នៅក្នុងឆ្នាំ ២០០៦ និង ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការពេញលេញនៅក្នុងឆ្នាំ២០១៥ ។ មួយឆ្នាំក្រោយមក នៅខែ មករា ឆ្នាំ ២០១៦ កម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (FMIS) ក៏ត្រូវបានដាក់ឱ្យអនុវត្ត ហើយក៏ជាពេលដែលក្រសួងហិរញ្ញវត្ថុម៉ុលដូវ៉ា បានអនុវត្តការកែទម្រង់មួយដែលបានអនុញ្ញាតឱ្យរតនាគារជាតិ ចាប់ផ្ដើមគិតគូរពីការកែលម្អ និង សម្រួលប្រតិបត្តិការការងារ មានដូចជា ការកាត់បន្ថយដំណាក់កាល និង នីតិវិធីអនុវត្តការងារដោយដៃ និង ប្រើប្រាស់ឯកសាររឹង (Hard Copy) និង តួនាទីរបស់រតនាគារក្នុង ប្រតិបត្តិការទូទាត់ជាដើម។

នៅដើមឆ្នាំ ២០១៨ ប្រទេសម៉ុលដូវ៉ា សម្រេចបាននូវវឌ្ឍនភាពការងារដ៏គួរឱ្យកត់សម្គាល់ និង បានចាប់ផ្ដើមធ្វើការកែទម្រង់ដ៏ស៊ីជម្រៅនៅរតនាគារ តាមរយៈការដាក់ឱ្យអនុវត្តប្រព័ន្ធបណ្ដាញការងារមួយមានឈ្មោះថា “ច្រកបៃតង” (Green Corridor) ដែលជាមជ្ឈមណ្ឌលមួយ សម្រាប់ធ្វើប្រតិបត្តិការទូទាត់ ការកាត់បន្ថយនីតិវិធី និង ប្រតិបត្តិការ ដែលមិនមានការពិនិត្យដោយផ្ទាល់ពីបុគ្គលិករតនាគារជាតិត្រូវបានធ្វើឡើងនៅក្នុងប្រព័ន្ធនេះ ។ មុខសញ្ញាទូទាត់ដែលត្រូវបានជ្រើសរើសយក គឺជាមុខសញ្ញាទាំងឡាយណាដែលមានកម្រិតហានិភ័យទាប ដែលត្រូវកំណត់តាមរយៈការធ្វើបុរេវិនិច្ឆ័យត្រួតពិនិត្យ និង តាមដាននៅក្នុងដំណាក់កាលនៃការរៀបចំគម្រោងថវិកាឬក៏ជាមុខសញ្ញាចំណាយទូទាត់ដែលមានគោលរបបច្បាស់លាស់ដូចជា បៀវត្សន៍, អាហារូបករណ៍ និង ការផ្ដង់ផ្គង់ទឹក ភ្លើង សេវាអ៊ីនធឺណិត ជាដើម ។ ការពង្រីកវិសាលភាពនៃការផ្ដល់សេវាកម្មរបស់រតនាគារ ដូចជាការប្រើប្រាស់ហត្ថលេខាអេឡិកត្រូនិក (e-signature)និង សេវាកម្មអេឡិកត្រូនិកដទៃទៀត (e-service) ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ឯកសាររឹងជាក្រដាស (Hard Copy) ។

រយៈពេលធ្វើដំណើររបស់អ្នកទទួលសេវា ក៏ត្រូវបានកាត់បន្ថយតាមរយៈសេវាកម្មរបស់ធនាគារ ដែលបានអនុញ្ញាតឱ្យធ្វើការបង់សាច់ប្រាក់ដោយផ្ទាល់តាមការណែនាំដោយប្រព័ន្ធអេឡិចត្រូនិកពីរតនាគារ ។ សមិទ្ធផលដែលកើតចេញពីការកែទម្រង់យ៉ាងមានប្រសិទ្ធភាពនេះ រតនាគារនៃប្រទេសម៉ុលដូវ៉ា បានកាត់បន្ថយចំនួនការិយាល័យក្នុងតំបន់ពី ៣៨ មកសល់ត្រឹម ៥ ការិយាល័យ រីឯចំនួន មន្ត្រីបម្រើការងារនៅការិយាល័យទាំង ៥ វិញ ក៏បានកាត់បន្ថយពី ២៥៥ រូប មកត្រឹម ៨៩ រូប ប៉ុណ្ណោះ ។ លើសពីនេះទៅទៀត មន្ត្រីនៅរតនាគារជាតិក៏ត្រូវបានកាត់បន្ថយផងដែរ ពីចំនួន ៤១  មកត្រឹម ៣០ រូប ។  យ៉ាងណាមិញ ទោះបីដំណើរការគ្រប់គ្រងការផ្លាស់ប្តូរបានជួបប្រទះបញ្ហាប្រឈមច្រើនក៏ពិតមែន ប៉ុន្តែក៏បានផ្ដល់ផលវិជ្ជមានមកវិញ តាមរយៈការដំឡើងប្រាក់ខែដល់មន្ត្រីដែលនៅសល់, វឌ្ឍនភាពនៃប្រសិទ្ធភាពការអនុវត្តកិច្ចការងារ និង ការ “កេងចំណេញពីការងារ ឬការប្រព្រឹត្តអំពើពុករលួយ” ត្រូវបានកាត់បន្ថយ ដោយសារមន្ត្រីទទួលបានភាគលាភ សមរម្យគ្រប់គ្រាន់ ។

យ៉ាងណាក្តីសម្រាប់ប្រទេសកម្ពុជាវិញ ការបាត់បង់ការងារដដែលៗ ឬ ត្រួតស៊ីគ្នា ក៏នឹងកើតមានដែរ ប៉ុន្តែកម្ពុជាមានគោលជំហរថាមិនបោះបង់ចោលមន្រ្តីណាម្នាក់ឡើយ គាត់នឹងត្រូវទទួលបានវគ្គបណ្តុះបណ្តាលចំណេះជំនាញថ្មី និង មុខងារដែលមានសារៈប្រយោជន៍ជាងមុន សម្រាប់ស្ថាប័នរបស់គាត់ ៕