+855 23 43 00 63

13

Jul, 2022

សេចក្តីប្រកាសព័ត៌មានស្តីពីកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)”

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃ ពុធ ១៥ កើត ខែអាសាឍ​​ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងនៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)” ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញបន្ថែមថ្មី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និង មន្រ្តី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ ដែលជាតួអង្គសំខាន់ត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នាពេលខាងមុខ ។

មានប្រសាសន៍នៅក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប  បានគូសបញ្ជាក់អំពីគោលដៅដ៍សំខាន់មួយគឺការផ្តល់នូវសិទ្ធិអំណាចការអនុវត្តថវិកាទៅកាន់អង្គភាពថវិកាឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ឱ្យស្របទៅនឹងគោលដៅនៃការកែទម្រង់របស់រាជរដ្ឋាភិបាលក្នុងការធ្វើវិមជ្ឈការអំណាចទៅកាន់អង្គភាពដែលមានសមត្ថភាព និង ភាពជាម្ចាស់ពេញលេញក្នុងការរៀបចំចាត់ចែង និង អនុវត្តថវិកាបានដោយខ្លួនឯង។

ស្របពេលដែលប្រព័ន្ធ FMIS នៅក្នុងឆ្នាំ ២០២២ នេះ ត្រូវបានទទួលស្គាល់ថាជាប្រភពផ្លូវការតែមួយគត់សម្រាប់ការអនុវត្តថវិកានិងប្រតិបត្តិការហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់បន្ថែមថា ប្រព័ន្ធ FMIS នឹងផ្តល់អំណាចពេញលេញដល់អ្នកប្រើប្រាស់ តាមរយៈប្រភពព័ត៌មានថវិកា និងហិរញ្ញវត្ថុ គ្រប់ជ្រុងជ្រោយ ដែលមាននៅក្នុងប្រព័ន្ធ ហើយអ្នកប្រើប្រាស់អាចទាញយកមកពិនិត្យ និង វិភាគបានទៅតាមតម្រូវការ។ បន្ថែមពីនេះ ក្រុមការងារគ្រប់គ្រងគ្រោង FMIS កំពុងតែធ្វើការអភិវឌ្ឍនូវកម្មវិធីថ្មីមួយទៀតដោយប្រើប្រាស់ឧបករណ៍វ័យឆ្លាត (Business Intelligence Tools)  ក្នុងការទាញយកទិន្នន័យចេញពីប្រព័ន្ធ FMIS ដោយរៀបចំចេញជាទម្រង់ព័ត៌មានវិភាគដែលមានលក្ខណៈសង្ខេប និង ជាក្រាហ្វ ។ ហើយនាពេលថ្មីៗកន្លងមកនេះ ក្រុមការងារក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធឯកសារឌីជីថល (FMIS Portal) ជំនាន់ទី១ សម្រាប់រដ្ឋបាលស្រុកចំនួន ៧៥ និង រដ្ឋបាលឃុំចំនួន ១៨៥ ជាការសាកល្បង ក្នុងន័យជួយសម្រួលដល់មន្ត្រីអនុវត្តថវិកានៃស្រុក និង ឃុំ ក្នុងការស្នើសុំចំណាយ ឬ ទូទាត់ តាមរយៈការស្គែនឯកសារស្នើសុំភ្ជាប់តាមប្រព័ន្ធបញ្ជូនទៅកាន់រតនាគារខេត្តតែម្ដង ដោយមិនចាំបាច់ធ្វើដំណើរទៅផ្ទាល់ទៀតឡើយ។

គួរបញ្ជាក់ជូនថា ក្នុងចំណោមអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញបន្ថែមថ្មីសរុបចំនួន១០ ដែលគ្រោងនឹងប្រើប្រាស់ប្រព័ន្ធ FMIS នាពេលខាងមុខនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានចំនួន ៦  (រួមមាន អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, និយ័តករធានារ៉ាប់រងកម្ពុជា, និយ័តករបរធនបាលកិច្ច, និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ, អគ្គ-លេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និង និយ័តករគណនេយ្យនិងសវនកម្ម)  និង ក្រសួងមហាផ្ទៃមានចំនួន ៤ (រួមមាន អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬ ទារុណកម្ម) ។

ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញបន្ថែមថ្មីសរុបចំនួន១០ នាពេលឆាប់ៗខាងមុខនេះ គឺជាភាពជោគជ័យមួយថ្មីទៀតរបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS បន្ទាប់ពីប្រព័ន្ធទំនើបកម្មមួយនេះ ត្រូវបានអភិវឌ្ឍ និង ដាក់ឱ្យប្រើប្រាស់ដោយជោគជ័យនៅគ្រប់អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួង-ស្ថាប័ន រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្ដាល និង អង្គភាពគន្លឹះៗនៅតាមរាជធានី-ខេត្ត រួមមាន មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, រតនាគារ និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ រួមជាមួយនឹងកិច្ចការងារពាក់ព័ន្ធជាច្រើនទៀតដូចជា ការធ្វើសន្ធានកម្មជាមួយប្រព័ន្ធពាក់ព័ន្ធ, ការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធទាំងស្រុងដោយមិនមានការរត់ឯកសារខាងក្រៅ និង ការអភិវឌ្ឍនិងដាក់ឱ្យដំណើរការមុខងារថ្មីៗបន្ថែមទៀតជាបន្តបន្ទាប់ ឆ្លើយតបទៅនឹងតម្រូវការរបស់អង្គភាពប្រើប្រាស់ និង កិច្ចការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។​

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានបំពេញការងារ ប្រកបដោយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវ និងបានលើកទឹកចិត្តដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញបន្ថែមថ្មី ដែលនឹងប្រើប្រាស់ប្រព័ន្ធ FMIS ឲ្យបន្តខិតខំក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS និងចូលរួមទាញ យកប្រយោជន៍ ពីប្រព័ន្ធឲ្យអស់សក្តានុពល ព្រមទាំងបន្តចូលរួមអនុវត្តសកម្មភាពគម្រោង ជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីឲ្យសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ និង ធ្វើទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជា ។