+855 23 43 00 63

27

Feb, 2017

ក្រសួងមុខងារសាធារណៈ៖ យើងប្ដេជ្ញាអនុវត្តប្រព័ន្ធ FMIS តែក៏នៅមានការព្រួយបារម្ភខ្លះ

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចុះមកធ្វើការបញ្ជ្រាបការយល់ដឹងស្ដីអំពីការអនុវត្តគម្រោង FMIS ក្នុងជំហានទី២ នៅទីស្ដីការក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការចូលរួមពីមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងតំណាងមកពីសាកលវិទ្យាល័យភូមិន្ទរដ្ឋបាល ប្រមាណជាង៥០រូប ដឹកនាំដោយឯកឧត្ដម អុល រ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារអនុវត្តគម្រោង FMIS នៃក្រសួងមុខងារសាធារណៈ។

ក្នុងកម្មវិធីបញ្ជ្រាបការយល់ដឹងនេះ ឯកឧត្ដម អុល រ៉ូ បានថ្លែងថា ក្រសួងមុខងារសាធារណៈយល់ឃើញពីភាពចាំបាច់នៃវត្តមានរបស់ប្រព័ន្ធ FMIS ក្នុងការងារកែទម្រង់ការងារគ្រប់គ្រងហិរញ្ញវត្ថុនៅកម្ពុជា ប៉ុន្តែឯកឧត្ដមនៅមានការព្រួយបារម្ភមួយចំនួន ជាពិសេសលើសមត្ថភាពរបស់មន្ត្រីក្នុងការទទួលយកប្រព័ន្ធថ្មីមួយនេះទៅប្រើប្រាស់។ លើសពីនេះ ឯកឧត្ដមបានគូសបញ្ជាក់អំពីកង្វល់នានាទាក់ទងនឹងឧបករណ៍បច្ចេកទេស សុវត្ថិភាព និងការដំឡើងប្រព័ន្ធ FMIS នៅក្រសួងមុខងារសាធារណៈផ្ទាល់។

ឆ្លើយតបនឹងក្ដីបារម្ភនេះ លោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា បានធានាថាក្ដីបារម្ភទាំងអស់នេះគឺមិនមែនជាបញ្ហាប្រឈម ដែលអាចរាំងស្ទះការអនុវត្តគម្រោង FMIS នោះឡើយ ដោយសារក្រុមការងារលេខាធិការដ្ឋាន បានរៀបចំរួចជាស្រេចទាំងសម្ភារបច្ចេកទេស ការឃ្លាំមើលបច្ចេកទេសសុវត្ថិភាព ការរៀបចំដំឡើងប្រព័ន្ធ FMIS នៅទីស្ដីការក្រសួងរួចជាស្រេចមកហើយ។ បន្ថែមលើនេះទៅទៀត លោកស្រីបានសង្កត់ធ្ងន់លើការរៀបចំវគ្គបណ្ដុះបណ្ដាល ដែលនឹងត្រូវធ្វើឡើងជាច្រើនលើកច្រើនសារ ដោយមានការសិក្សាវាស់ស្ទង់កម្រិតចំណេះដឹងរបស់មន្ត្រី ក្នុងគោលដៅធានាថាមន្ត្រីនឹងអាចអនុវត្តការងារក្នុងប្រព័ន្ធ FMIS បានដោយគ្មានបញ្ហា។

នៅក្នុងឆ្នាំ២០១៧នេះ ក្រសួងមុខងារសាធារណៈត្រូវចាប់ផ្ដើមទទួលអនុវត្តការងារគ្រប់គ្រងថវិកា តាមថវិកាកម្មវិធីផង និងអាចត្រូវចាប់ផ្ដើមប្រើប្រាស់សាកល្បងនូវប្រព័ន្ធ FMIS ផង។ ក្នុងន័យនេះ ប្រព័ន្ធ FMIS នឹងអាចជួយសម្រួលបានយ៉ាងច្រើនក្នុងការអនុវត្តថវិកាកម្មវិធី ដោយហេតុថានៅក្នុងប្រព័ន្ធមានការចងក្រងកម្មវិធី ចង្កោមសកម្មភាព និងមាតិកាគណនីនៃប្លង់គណនេយ្យស្តង់ដារជាដើម ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការងារប្រតិបត្តិការហិរញ្ញវត្ថុ។

ជាងនេះទៅទៀត ឯកឧត្ដម អុល រ៉ូ បានបញ្ជាក់ថាក្រុមការងារអនុវត្តគម្រោងរបស់ក្រសួងមុខងារសាធារណៈបានរៀបចំ និងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងការសិក្សាលើលំហូរអនុវត្តការងារ ក៏ដូចជាការរៀបចំផ្នែកបច្ចេកទេសផ្សេងៗ សម្រួលការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ បានដោយរលូន។

បន្ទាប់ពីការធ្វើបទបង្ហាញក្នុងការបញ្ជ្រាបការយល់ដឹង និងវេទិកាសំណួរចម្លើយរួចមក មន្ត្រីក្រសួងមុខងារសាធារណៈបានបង្ហាញអំពីការយល់ដឹងច្រើនជាងមុនអំពីប្រព័ន្ធ FMIS ហើយបានបង្ហាញការទុកចិត្តក្នុងការទទួលយកប្រព័ន្ធទៅអនុវត្តសាកល្បងនាពេលអនាគតផងដែរ។