
10
Feb, 2017
ការចុះផ្សព្វផ្សាយអំពីការអនុវត្តគម្រោង FMIS ជំហានទី២នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS (នាយកដ្ឋានព័ត៌មានវិទ្យា) បានធ្វើការផ្សព្វផ្សាយអំពីចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួនទៅ កាន់មន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់ មន្ត្រីអនុវត្តការងារគ្រប់គ្រង និង អនុវត្តថវិកាអំពីការអនុវត្តគម្រោង មុននឹងឈានដល់ការដាក់ប្រព័ន្ធ FMIS ឱ្យមន្ត្រីប្រើប្រាស់នាពេលខាងមុខ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដឹកនាំដោយឯកឧត្ដម មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (កសហវ) កិច្ចប្រជុំត្រូវបានចាប់ផ្ដើមដោយការធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធនៅជំហានទី១ ព្រមទាំងអត្ថប្រយោជន៍ និងផែនការអនុវត្តសកម្មភាពបន្ទាប់របស់ក្រុមការងារនៅឆ្នាំ ២០១៧។ កិច្ចប្រជុំនេះត្រូវបានបញ្ចប់ដោយការពិភាក្សាទាញយកធាតុចូលយ៉ាងរស់រវើក និងមានការលើកឡើងនូវចម្ងល់ បញ្ហប្រឈម ក៏ដូចជាសំណើនានា រួមជាមួយនឹងការស្វាគមន៍យ៉ាងពេញទំហឹងចំពោះវត្តមានប្រព័ន្ធ FMIS ក្នុងអគ្គលេខាធិការដ្ឋាន កសហវ។
ជាក់ស្ដែង ឯកឧត្ដម យ៉េត វីណែល អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន មានប្រសាសន៍ថា ឯកឧត្ដមគាំទ្រឱ្យមានការប្រើប្រាស់ប្រព័ន្ធ FMIS តែមួយគត់ ហើយជំរុញឱ្យមានការសិក្សាយ៉ាងច្បាស់លាស់អំពីបរិបទ និងរចនាសម្ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុនៅតាមស្ថាប័នទាំងអស់ ដើម្បីធានាការដាក់ប្រព័ន្ធប្រើប្រាស់ប្រព្រឹត្តទៅដោយរលូន។ ក្រុមការងារអគ្គលេខាធិការដ្ឋានបានប្តេជ្ញាចូលរួមសហការអនុវត្តការងាររួមគ្នា និងផ្តល់ឯកសារពាក់ព័ន្ធនានានានា ។
ឯកឧត្ដមបន្ថែមថា ការអនុវត្តគម្រោង FMIS នឹងធ្វើឱ្យមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុ ប្រឹងប្រែងធ្វើការងារលើការរៀបចំត្រៀមថវិកា ព្រោះកាលមិនទាន់មានប្រព័ន្ធគ្រប់គ្រងរួមតែមួយ មន្ត្រីមានការលំបាកក្នុងការប្រមូលព័ត៌មាន និងអាចមានភាពខ្ជះខ្ជាយក្នុងការគ្រោងថវិកាបានល្អិតល្អន់ ដោយមិនបានធ្វើលម្អិតក្នុងការរៀបចំសកម្មភាព និងចង្កោមសកម្មភាពច្បាស់លាស់នៅឡើយ។
មន្ត្រីនៃអគ្គលេខាធិការដ្ឋានក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តក្នុងការសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង ដើម្បីជំរុញឱ្យការអនុវត្តគម្រោង និង ទទួលយកប្រព័ន្ធមកប្រើប្រាស់ឱ្យបានឆាប់រហ័ស ព្រោះប្រព័ន្ធនេះនឹងជួយសម្រួលការងារយ៉ាងច្រើនសម្រាប់អគ្គលេខាធិការដ្ឋាន។
គួរបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាក្រសួងមួយក្នុងចំណោមក្រសួងទាំង១០ ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅក្នុងឆ្នាំ២០១៧នេះ ជាពិសេសគឺនៅក្នុងអគ្គលេខាធិការដ្ឋានកសហវ បន្ថែមពីលើអគ្គនាយកដ្ឋានគន្លឹះ និងរតនាគាររាជធានី-ខេត្តទាំង២៥ ដែលបានប្រើប្រាស់ប្រព័ន្ធតាំងពីឆ្នាំ២០១៦មក។