
17
Feb, 2017
ក្រសួងសុខាភិបាល៖ ប្រព័ន្ធ FMIS នឹងជួយជំរុញការអនុវត្តការងារនៅក្នុងក្រសួងសុខាភិបាល
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកិត្តិយសដែលទទួលបានការអនុញ្ញាតពី ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ក្នុងការចុះផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹងស្តីអំពី ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថាប្រព័ន្ធ អេហ្វអឹមអាយអេស (FMIS) នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសុខាភិបាល។
កម្មវិធីបញ្ជ្រាបការយល់ដឹងនេះមានការចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តការងាររដ្ឋបាល និងហិរញ្ញវត្ថុចំនួនជាង៣០រូប ក្រោមការដឹកនាំរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល។
កម្មវិធីនេះបានចាប់ផ្តើមដោយការរៀបរាប់ដោយសង្ខេបអំពីស្ថានភាពបច្ចុប្បន្នទាក់ទងទៅនឹងការអនុវត្តការងារហិរញ្ញវត្ថុប្រចាំថ្ងៃ ក៏ដូចជាបញ្ហាប្រឈមនានាទាក់ទងនឹងនីតិវិធីអនុវត្តការងារហិរញ្ញវត្ថុបច្ចុប្បន្ន ដែលអាចបង្កជាភាពរអាក់រអួល និងពន្យាពេលក្នុងការអនុម័តថវិកា ហើយធ្វើឱ្យប៉ះពាល់ទៅដល់ការអនុវត្តសកម្មភាពសំខាន់ៗមួយចំនួន ក្នុងការប្រើប្រាស់ថវិកាដើម្បីអនុវត្តការងារក្នុងក្រសួង និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកជំទាវបានបន្ថែមថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នឹងធ្វើឱ្យដំណើរការនៃការអនុវត្តថវិកាមានភាពប្រសើរជាងមុន ដោយសារប្រព័ន្ធនឹងជួយសម្រួលច្រើនទៅលើការប្រតិបត្តិនីតិវីធីការងារ ជាពិសេសទាក់ទងទៅនឹងការងារហិរញ្ញវត្ថុ។ លើសពីនេះទៀត លោកជំទាវក៏បានបង្ហាញនូវចំណាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងចំពោះការឈានមកដល់ការចាប់ផ្តើមបន្តអនុវត្តគម្រោង FMIS នៅក្រសួងសុខាភិបាលផ្ទាល់។
កិច្ចប្រជុំបានបន្តដោយមានការធ្វើបទបង្ហាញស្តីអំពីចក្ខុវិស័យ និងបេសកកម្ម វឌ្ឍនភាពគម្រោងជំហានទី១ និងទិសដៅអនុវត្តជំហានទី២ រួមជាមួយផែនការអនុវត្តសកម្មភាពជំហានទី២ របស់ក្រុមការងារនៅឆ្នាំ២០១៧ ក៏ដូចជាសារៈប្រយោជន៍សំខាន់ៗ ដែលប្រព័ន្ធនឹងផ្តល់ជូនជាពិសេស ទៅដល់មន្រ្តីហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នផ្ទាល់។ ការផ្សព្វផ្សាយនេះពិតជាបានផ្តល់ នូវផ្លែផ្កាយ៉ាងប្រសើរ ដោយទទួលបានការសហការ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំហានបន្ទាប់រវាងក្រុមការងាររបស់លេខាធិការដ្ឋានគ្រប់គ្រងគម្រោង និងក្រុមការងារអនុវត្តគម្រោងផ្ទាល់របស់ក្រសួងសុខាភិបាល ក្នុងការចុះសិក្សាអំពីនីតិវិធីការងារនាពេលបច្ចុប្បន្ន ដើម្បីធ្វើការរួមគ្នាជាក្រុមតែមួយ ធានាថាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនឹងទទួលបានភាពជោគជ័យ និងសម្រួលកាងារជាច្រើនដល់ក្រសួង ក៏ដូចជាមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុទាំងអស់។