
26
Mar, 2018
ក្រសួងសេដ្ឋកិច្ចរៀបចំកម្មវិធី បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័នទាំង ១០ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ ២០១៨
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី“បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័នទាំង ១០ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ ២០១៨” នៅព្រឹកថ្ងៃចន្ទ ១០ កើត ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០១៨ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជា ប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កម្មវិធីរៀបចំឡើងក្នុងគោលបំណងសំខាន់ទី១ គឺដើម្បីឱ្យក្រសួង-ស្ថាប័ន បានស្វែងយល់កាន់តែច្បាស់លើទិដ្ឋភាពរួមរបស់ប្រព័ន្ធ FMIS និង មុខងារនីមួយៗ ដែលបាននិងកំពុងដាក់ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ន ហើយនឹងត្រូវបន្តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្រសួង-ស្ថាប័នចំនួន ១០ បន្ថែមទៀត នៅដើមឆ្នាំ ២០១៩ ។ គោលបំណងសំខាន់ទី២ គឺការបញ្រ្ជាបការយល់ដឹងស៊ីជម្រៅអំពីនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS នៃមុខងារនីមួយៗ ដែលក្រសួង-ស្ថាប័ន ត្រូវជ្រាប និង ស្វែងយល់ឱ្យបានច្បាស់ ដើម្បីត្រៀមលក្ខណៈក្នុងការសហការជាមួយក្រុមការងារនាពេលដ៏ខ្លីខាងមុខនេះ ។ ចំណែកគោលបំណងសំខាន់មួយទៀតនោះ គឺការបំផុសឱ្យមានការគិតគូរស៊ីជម្រៅលើការរៀបចំកំណត់អត្តសញ្ញាណ, តួនាទី និង ភារកិច្ច រួមទាំងការគូសព្រាងប្លង់ទីតាំងរបស់មន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ននីមួយៗ ក៏ដូចជាការគិតគូរអំពីបញ្ហាប្រឈម និង សំណូមពរនានាផងដែរ ដើម្បីជាធាតុចូលចាំបាច់សម្រាប់ក្រុមការងារយកមកគិតគូរ និង វិភាគឱ្យកាន់តែច្បាស់លាស់ក្នុងការត្រៀមចុះបំពេញការងារតាមផ្នែកនិងសកម្មភាពនីមួយៗឱ្យបានសមស្រប និង គ្រប់ជ្រុងជ្រោយ ។
កម្មវិធី“បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័នទាំង ១០ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ ២០១៨” មានការចូលរួមពីក្រុមការងារអនុវត្តគម្រោង FMIS នៃក្រសួង-ស្ថាប័នចំនួន ១០ ដែលត្រូវអនុវត្តប្រព័ន្ធក្នុងឆ្នាំ២០១៨ សរុបប្រមាណ១៣០ រូប។
គួរបញ្ជាក់ផងដែរថា ក្រុមការគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ប្រព័ន្ធ FMIS ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០១៧ ដល់ក្រសួងចំនួន១០ ដែលរួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងបរិស្ថាន, ក្រសួងមុខងារសាធារណៈ, ក្រសួងប្រៃសណីយ៍, ក្រសួងកិច្ចការនារី និងក្រសួងឧស្សាហកម្ម ។ ដោយឡែកសម្រាប់ឆ្នាំ២០១៨ នេះ ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង២៥ និងក្រសួងចំនួន១០ រួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,ក្រសួងសាធារណៈការ និងដឹកជញ្ជូន, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងពាណិជ្ជកម្ម, ក្រសួងព័ត៌មាន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៕