+855 23 43 00 63

1

Apr, 2019

ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS នៅក្រសួងមហាផ្ទៃ និងក្រសួងផែនការ

ដោយ៖: | Tags: | មតិយោបល់: 0

ក្រសួងមហាផ្ទៃ និងក្រសួងផែនការ គឺជាក្រសួងចុងក្រោយក្នុងចំណោម ១៧ ក្រសួង-ស្ថាប័ន ដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចុះបញ្រ្ជាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅក្នុងឆ្នាំ២០១៩ ។ ការបញ្រ្ជាបការយល់ដឹងនៅក្រសួងទាំងពីរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នេះ កត់សម្គាល់ឃើញថា ថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងបានទទួលស្វាគមន៍ក្រុមការងារគ្រប់គ្រងគម្រោង FMIS យ៉ាងកក់ក្តៅ ព្រមទាំងមានវត្តមានថ្នាក់ដឹកនាំនិងមន្ត្រីចូលរួមយ៉ាងច្រើន ជាពិសេសការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនិងមន្ត្រីលើការធ្វើបទបង្ហាញរបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS អំពីភាពចាំបាច់នៃការអនុវត្តប្រព័ន្ធទំនើបកម្មមួយនេះ ។

គួរបញ្ជាក់ថា ក្រសួង-ស្ថាប័ន នឹងទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ប្រព័ន្ធ FMIS ដូចជា៖

-ពង្រឹងគណនេយ្យភាពស្ថាប័ន និងភាពជាម្ចាស់ក្នុងការគ្រប់គ្រង និងអនុវត្តថវិកា

-កាត់បន្ថយការប្រើប្រាស់ធនធានក្នុងការរត់ការឯកសារទៅតាមនីតិវិធីនីមួយៗ

-តាមដានការអនុវត្តថវិកាបានកាន់តែមានប្រសិទ្ធភាពជាងមុន

-ទទួលបានមូលដ្ឋានគ្រឹះមួយក្នុងការពិនិត្យមើលឡើងវិញនូវនីតិវិធីអនុវត្តការងារ ដែលនាំឱ្យមានការរាំងស្ទះ ឬពន្យាពេលដល់ការអនុវត្តថិវកា

-មានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តថវិកាកម្មវិធី ដោយប្រើប្រាស់ចំណាត់ថ្នាក់ថវិកាដែលមានស្រាប់នៅក្នុងប្រព័ន្ធ

-មានភាពងាយស្រួលក្នុងការតាមដានឥណទានថវិកា

-អាចតាមដាននូវដំណើរការនៃការអនុវត្តថវិកាតាមយៈលំហូរការងារក្នុងប្រព័ន្ធ FMIS (ពេលបញ្ជូន, ពេលពិនិត្យរួច និងពេលអនុម័តរួច) ។