+855 23 43 00 63

1

Feb, 2023

សេចក្ដីប្រកាសព័ត៌មានស្ដីពីកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីនីតិវិធីថ្មីលើមុខសញ្ញាចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ជូនក្រសួង-ស្ថាប័នចំនួន ៥”

ដោយ៖: | Tags: | មតិយោបល់: 0

នាថ្ងៃ ពុធ ១១ កើត ខែ មាឃ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១ ខែ កុម្ភៈ ឆ្នំា ២០២៣, តាមប្រព័ន្ធអនឡាញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី បញ្ជ្រាបការយល់ដឹងស្តីពីនីតិវិធីថ្មីលើមុខសញ្ញាចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ជូនក្រសួង​ស្ថាប័នចំនួន ៥ ជូនថ្នាក់ដឹកនាំ និង មន្រ្តី នៃក្រសួង-ស្ថាប័នចំនួន ៥ រួមមាន ១-ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ២-អាជ្ញាធរ​សវនកម្មជាតិ, ៣-ក្រសួងធម្មការនិងសាសនា, ៤-ក្រសួងរ៉ែនិងថាមពល និង ៥-ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងអគ្គនាយកដ្ឋានគន្លឹះនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន៖ អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គាធិការដ្ឋាន, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តី មកពីក្រសួង-ស្ថាប័នទាំង ៥ ខាងលើ ព្រមទាំងអគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គាធិការដ្ឋាន, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងគោលបំណងផ្សព្វផ្សាយ និង បញ្ជ្រាបការយល់ដឹងអំពីនីតិវិធីថ្មីដែលអនុវត្តតាមប្រព័ន្ធ FMIS ទាំងស្រុងលើមុខសញ្ញាចំណាយថវិកាចរន្ត ជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃក្រសួង-ស្ថាប័នទាំង ៥ ដែលត្រូវត្រៀមចូលរួមអនុវត្តនីតិវិធីថ្មីនេះ ដោយគ្រោងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាមប្រព័ន្ធ FMIS នៅចុងត្រីមាសទី១ ឆ្នាំ ២០២៣ នេះ ។

មានប្រសាសន៍នៅក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តាមផែនការដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៣ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តពង្រីកការអនុវត្តនីតិវិធីថ្មីរួមមាន៖ ១-នីតិវិធីថ្មីសម្រាប់មុខសញ្ញាចំណាយថវិកាចរន្តដែលមិនមានធានាចំណាយដោយឡែកនៅក្រសួងចំនួន ៨, ២-នីតិវិធីថ្មីសម្រាប់ការអនុវត្តកិច្ចលទ្ធកម្ម, ៣-នីតិវិធីថ្មីសម្រាប់ចលនាឥណទានថវិកាចរន្ត និង ៤-នីតិវិធីថ្មីសម្រាប់ចំណូលថវិកានៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ព្រមទាំងបន្តដល់ក្រសួង-ស្ថាប័នចំនួន ៥ ដែលកំពុងចូលរួមកម្មវិធីនាថ្ងៃនេះផងដែរ ។

 ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា នីតិវិធីថ្មីនេះនឹងជួយបង្កើនតម្លាភាព, គណនេយ្យភាព និង ប្រសិទ្ធភាពថែមមួយកម្រិតទៀត ក្នុងការអនុវត្តនីតិវិធីចំណាយថវិកាចរន្ត ដែលបច្ចុប្បន្នត្រូវចំណាយពេលវេលា និង ធនធានច្រើនក្នុងការអនុវត្តនីតិវិធី ជាពិសេសដំណើរការបញ្ជូនឯកសារជាក្រដាស ចេញពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលធ្វើឱ្យមានការលំបាកក្នុងការតាមដាននូវដំណើរការឯកសារ ហើយក្នុងករណីមានកំហុសឆ្គង នោះនឹងត្រូវរុញឯកសារត្រលប់កែតម្រូវចុះឡើង និង កាន់តែធ្វើឱ្យមានភាពយឺតយ៉ាវសម្រាប់ការអនុវត្តថវិកា ។

 សូមរំលឹកផងដែរថា កម្មវិធីបានបញ្ចប់ទៅដោយមានការចូលរួមយ៉ាងផុសផុលគួរឱ្យកត់សម្គាល់ពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញគ្រប់ផ្នែកពាក់ព័ន្ធ បន្ទាប់ពីលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញជូន ដែលជាធាតុចូលដ៏សំខាន់នៅក្នុងត្រៀមចូលរួមអនុវត្តនីតិវិធីថ្មីសម្រាប់ការចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ។

សូមបញ្ជាក់បន្ថែមថា ការអនុវត្តនីតិវិធីថ្មីនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន រួមមាន៖

១. ជំហាននៃការ អនុវត្តការងារមានលក្ខណៈសាមញ្ញ ខ្លី លឿន

២. មានព័ត៌មានគ្រប់គ្រាន់ក្នុងការតាមដានអំពីស្ថានភាពនៃប្រតិបត្តិការចំណាយថវិកា ការបង្កើត, ត្រួតពិនិត្យ និង ការអនុម័តលើប្រតិបត្តិការចំណាយថវិកា ដែលត្រូវបានកត់ត្រាក្នុងប្រព័ន្ធ FMIS ជាមួយនឹងកាលបរិច្ឆេទ និង ពេលវេលាច្បាស់លាស់ ព្រមទាំងអនុញ្ញាតឱ្យម្ចាស់ប្រតិបត្តិការដឹងនូវព័ត៌មាននៃរំហូរប្រតិបត្តិការបាននៅគ្រប់ដំណាក់កាល, ទទួលបន្ទុកដោយនរណា, ប្រើប្រាស់ពេលវេលាប៉ុន្មាន, ប្រតិបត្តិការត្រឹមត្រូវ ឬ ខុសដោយមូលហេតុអ្វី ជាដើម

៣. បញ្ឈប់ការរៀបចំនូវឯកសារជាក្រដាស ដូចជា កំណត់បង្ហាញរឿង, លិខិតស្នើសុំធានាចំណាយមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លិខិតផ្តល់ធានាចំណាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លិខិតសំណើថវិកា, អាណត្តិបើកប្រាក់, សាលកបត្រកត់ត្រាចំណាយថវិកានិងត្រួតពិនិត្យហិរញ្ញវត្ថុ, ដីកាបញ្ចេញអាណត្តិបើកប្រាក់, ដីកាបញ្ជូន និង ដីកាអមលិខិតយុត្តិការ ជាដើម និង បានផ្ដល់ផលចំណេញបន្ថែមពាក់ព័ន្ធនឹងការកាត់បន្ថយចំណាយផ្នែករដ្ឋបាល ។