+855 23 43 00 63

28

Apr, 2023

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពី មុខងាររៀបចំផែនការថវិកា ជូនក្រសួង-ស្ថាប័នចំនួន ១៤ បន្ថែម (រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល)”

ដោយ៖: | Tags: , , , , , , , | មតិយោបល់: 0

នាព្រឹកថ្ងៃ អង្គារ ៦រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ខែ មេសា ឆ្នំា ២០២៣, តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ដោយប្រើប្រាស់កម្មវិធី Zoom លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពី មុខងាររៀបចំផែនការថវិកា” ជូនថ្នាក់ដឹកនាំ និង មន្រ្តី នៃក្រសួង-ស្ថាប័នចំនួន ១៤ បន្ថែម (រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល) ដែលក្នុងនោះរួមមាន ៖
១.ក្រសួងអប់រំ យុវជននិងកីឡា រួមទាំង ១-វិទ្យាសា្ថនជាតិអប់រំ, ២-វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង ៣-គណៈ កម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា;
២.ក្រសួងសុខាភិបាល រួមទាំង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍;
៣.ក្រសួងមហាផ្ទៃ រួមទាំង ១-អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ២-អគ្គ-លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ), ៣-គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញឬទារុណកម្ម (គ.ជ.ប.ទ), និង ៤-អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក;
៤.ក្រសួងធម្មការនិងសាសនា
៦.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
៧.ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច
៨.ក្រសួងការពារជាតិ
៩.ទីស្តីការគណៈរដ្ឋមន្ត្រី
១០.ក្រសួងរ៉ែ និងថាមពល
១១.ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
១២.ក្រសួងមុខងារសាធារណៈ រួមទាំង សាលាភូមិន្ទរដ្ឋបាល
១៣. ក្រសួងផែនការ
១៤. ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តី មកពីក្រសួង-ស្ថាប័នចំនួន ១៤ (រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល) ខាងលើក្នុងគោលបំណងផ្សព្វផ្សាយ និង បញ្ជ្រាបការយល់ដឹងអំពីសមិទ្ធផលថ្មីដែលបានអភិវឌ្ឍដោយក្រុមការងារគ្រប់គ្រងគម្រោង FMIS គឺមុខងារថ្មីដែលមានឈ្មោះថា “មុខងាររៀបចំផែនការថវិកា” ជូនថ្នាក់ដឹកនាំ និង មន្ត្រី នៃក្រសួង-ស្ថាប័នចំនួន ១៤ បន្ថែម (រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល) ដើម្បីមានមូលដ្ឋានរៀបចំបញ្ជីឈ្មោះថ្នាក់ដឹកនាំ និងមន្ត្រី ដែលនឹងក្លាយជាអ្នកប្រើប្រាស់ ព្រមទាំងត្រៀមចូលរួមវគ្គបណ្តុះបណ្តាល ដើម្បីមានសមត្ថភាពពេញលេញ សម្រាប់ការប្រើប្រាស់នៅក្នុង ឆ្នាំ ២០២៤ ។
មានប្រសាសន៍នៅក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា៖ មុខងាររៀបចំផែនការថវិកា មានអនុមុខងារសរុបចំនួន ៩ ដែលក្នុងនោះអនុមុខងារចំនួន ៥ ត្រូវប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ន រួមមាន ៖ ១-អនុមុខងាររៀបចំគម្រោងចំណូលថវិកា,២-អនុមុខងាររៀបចំគម្រោងចំណាយថវិកា,៣-អនុមុខងាររៀបចំគម្រោងចំណាយប្រាក់បៀវត្សមន្ត្រីរាជការ, ៤-អនុមុខងាររៀបចំសូចនាករសមិទ្ធកម្ម, និង ៥-អនុ- មុខងាររៀបចំផែនការយុទ្ធសាស្ត្រថវិកា ។ ដោយឡែកអនុមុខងារចំនួន ៤ ផ្សេងទៀតត្រូវប្រើប្រាស់ដោយអគ្គនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចជា អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានគោលនយោបាយ និង អគ្គនាយដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល ។ សម្រាប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល នឹងត្រូវប្រើប្រាស់អនុមុខងារចំនួន ៤ នៃអនុមុខងារទាំង៩ របស់មុខងាររៀបចំផែនការថវិកា រួមមាន៖ ១-អនុមុខងាររៀបចំចំណូលថវិកា; ២-អនុមុខងាររៀបចំចំណាយថវិកា; ៣-អនុមុខងាររៀបចំចំណាយប្រាក់បៀវត្សមន្ត្រីរាជការ, និង ៤-អនុមុខងាររៀបចំសូចនាករសមិទ្ធកម្ម ។ ក្រៅពីនោះនៅមាន អនុមុខងារចំនួន ៥ ផ្សេងទៀតត្រូវប្រើប្រាស់ដោយអគ្គនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យក្រសួង-ស្ថាប័នចំនួន ១៤ ដែលបានចូលរួមកម្មវិធីថ្ងៃនេះ ឱ្យបន្តចូលរួម និង ផ្តល់កិច្ចសហការល្អ ជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS បន្ថែមទៀត និង ត្រៀមកិច្ចការងារមួយចំនួន ជាពិសេសការពិនិត្យមើលនីតិវិធីអនុវត្តការងារខាងក្រៅប្រព័ន្ធ និង គិតគូរក្នុងការកាត់បន្ថយជំហាននៃរំហូរនីតិវិធី ដែលមិនមានតម្លៃបន្ថែម ពីព្រោះថា ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងសម្របសម្រួលក្នុងការតម្រឹមនីតិវិធីអនុវត្តការងារស្របតាម “ផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS (២០២០-២០២៥)”, “ផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣ (២០២១-២០២៥)” និង តាម “ផែនការរួមដំណាក់កាលទី ៤ (២០២៣-២០២៧) នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ។
ការដាក់ឱ្យប្រើប្រាស់នូវមុខងារថ្មីនេះ នៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញប្រៀបបានទៅនឹងការបន្តផ្ទេរសិទ្ធិក្នុងការកាន់កាប់ថវិកា និង ការអនុវត្តចំណាយរបស់អង្គភាពនីមួយៗកាន់តែមានលក្ខណៈពេញលេញ និង ស្វ័យប្រវត្តិ ដែលនេះគឺជាគោលដៅ និង ចក្ខុវិស័យរបស់យើងក្នុងការផ្ទេរសិទ្ធិអំណាចទៅកាន់អង្គភាព ។ “មុខងាររៀបចំផែនការថវិកា” ជាមុខងារថ្មីមួយរបស់ប្រព័ន្ធ FMIS ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ ចាប់តាំងពីឆ្នាំ ២០២១ មក, ដោយជំហានដំបូងត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្រសួងចំនួន ២ គឺ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងកិច្ចការនារី ហើយបន្តពង្រីកការប្រើប្រាស់ក្នុងឆ្នាំ ២០២២ ទៅកាន់ក្រសួង-ស្ថាប័ន ចំនួន ១១ បន្ថែម និង គ្រោងបន្តពង្រីកការប្រើប្រាស់ក្នុងឆ្នាំ ២០២៣ នេះ ទៅកាន់ក្រសួង-ស្ថាប័ន ចំនួន ១២ បន្ថែម, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំងអស់ និង អង្គភាពថវិកាថ្មីៗ ។