+855 23 43 00 63

2

Nov, 2023

កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “នីតិវិធីរជ្ជទេយ្យបុរេប្រទាន និង នីតិវិធីចលនាឥណនទានថវិកាចរន្តតាម FMIS ទាំងស្រុង” ជូនដល់ ក្រសួង-ស្ថាប័ន ចំនួន ៨ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល

ដោយ៖: | Tags: | មតិយោបល់: 0

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “នីតិវិធីរជ្ជទេយ្យបុរេប្រទាន និង នីតិវិធីចលនាឥណនទានថវិកាចរន្តតាម FMIS ទាំងស្រុង” ជូនដល់ ក្រសួង-ស្ថាប័ន ចំនួន ៨ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល ដែលដឹកនាំដោយ លោកស្រី ចាប សុវណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ពីក្រសួង-ស្ថាប័ន ទាំង ៨ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល ជាង ២០០ រូប នាព្រឹកថ្ងៃ ពុធ ៣រោច ខែ អស្សុជ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ តាមរយៈប្រព័ន្ធសន្និសីទវីដេអូប្រើប្រាស់កម្មវិធី Zoom ។

ថ្លែងក្នុងពិធីនោះ លោកស្រី ចាប សុវណ្ណា បានជម្រាបជូនអង្គពិធីថា បើគិតមកដល់ពេលបច្ចុប្បន្ននេះ FMIS ត្រូវបានដាក់ឱ្យអនុវត្តស្ទើរតែទូទាំងប្រទេសរួចទៅហើយ ដែលក្នុងនោះមាន ក្រសួង-ស្ថាប័ន ចំនួន ៣៧ រួមជាមួយនឹងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត, រតនាគាររាជធានី-ខេត្ត, រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ និង គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៤ (គ្រឹះស្ថានអង្គរ, មជ្ឍមណ្ឌលបណ្តុះធុរៈកិច្ចថ្មតេជោ, រាជបណ្ឌិតសភាកម្ពុជា, និង វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្ម) ។ បន្ថែមពីនេះ ប្រព័ន្ធឯកសារឌីជីថល (FMIS Portal) ជំនាន់ទី១ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅរតនាគាររាជធានី-ខេត្តទាំង ២៥ និង នៅគ្រប់រដ្ឋបាលក្រុង ស្រុក ឃុំ និង សង្កាត់ ទូទាំងប្រទេស ដែលមានចំនួន ១.៨៧០ ការដ្ឋាន និង អ្នកប្រើប្រាស់សរុបរហូតមកដល់ពេលនេះមានចំនួន ២.៧៨២ នាក់ ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីអគ្គនាយករង ក៏បានគូសបញ្ជាក់ថា ការអនុវត្តនីតិវិធីចលនាឥណទានថវិកាចរន្តគ្រប់មុខសញ្ញាតាម FMIS ទាំងស្រុង នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនមិនខុសពីនីតិវិធីខាងលើផងដែរ រួមមាន៖ ទី១. ជំហាននៃការអនុវត្តមានលក្ខណៈសាមញ្ញ ខ្លី លឿន ទី២. មានព័ត៌មានគ្រប់គ្រាន់ក្នុងការតាមដានអំពីស្ថានភាពនៃប្រតិបត្តិការ ទី៣. បញ្ឍប់ការរៀបចំនូវឯកសារ ដូចជា លិខិតផ្តល់គោលការណ៍អនុញ្ញាតពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តារាងឧបសម្ព័ន្ធរជ្ជទេយ្យបុរេប្រទានតាមចំណាត់ថ្នាក់សេដ្ឋកិច្ច, តារាងឧបសម្ព័ន្ធរជ្ជទេយ្យបុរេប្រទានកែសម្រួលតាមចំណាត់ថ្នាក់សេដ្ឋកិច្ច, កំណត់បង្ហាញរឿង, ប្រកាសនិយ័តកម្មឥណទានថវិកា, ប្រកាសផ្ទេរឥណទានថវិកា, ប្រកាសបន្ថែមឥណទានថវិកា, និង ដីកាអមលិខិតយុត្តិការ ជាដើម ។
លោកស្រីអគ្គនាយករង បានគូសរំលេចបន្ថែមថា ជាលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ចាប់តាំងពីឆ្នាំ ២០២០ រហូតមកដល់ឆ្នាំ ២០២៣ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ឱ្យអនុវត្តនូវនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុងនៅក្រសួង-ស្ថាប័នចំនួន ៣៤ លើនីតិវិធីចំណាយការបើកផ្តល់បៀវត្ស និង ចំណាយលើបន្ទុកបុគ្គលិកផ្សេងៗដែលមានគោលរបបកំណត់ច្បាស់លាស់ និង នីតិវិធីចំណាយទូទាត់ត្រង់ដែលមានហានិភ័យកម្រិតទាប ។ ចាប់ពីចុងឆ្នាំ ២០២២ មកដល់ ដើមឆ្នាំ ២០២៣ នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ឱ្យអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង លើគ្រប់មុខសញ្ញាចំណាយថវិការចរន្ត ជូនក្រសួង-ស្ថាប័នទាំង ៨ ដែលកំពុងមានវត្តមាននៅក្នុងកម្មវិធីនាព្រឹកនេះ ។

សូមបញ្ជាក់បន្ថែមថា កម្មវិធីនេះរៀបចំឡើងក្នុង គោលបំណងបញ្ជ្រាបការយល់ដឹងអំពី នីតិវិធីកែសម្រួលរជ្ជទេយ្យបុរេប្រទាន និង នីតិវិធីចលនាឥណទានថវិកាចរន្តគ្រប់មុខសញ្ញាតាម FMIS ទាំងស្រុង ជូនអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល នៃក្រសួង-ស្ថាប័នទាំង៨, អគ្គនាយកដ្ឋានថវិកា និង អគ្គនាយកដ្ឋានរតនាគារជាតិ ដែលនឹងត្រូវចូលរួមអនុវត្តនីតិវិធីនេះ នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២៣ ។

ជាទីបញ្ចប់, លោកស្រីអគ្គនាយករង បានសំណូមពរទៅកាន់ក្រសួងទាំង ៨ រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួន, ត្រៀមរៀបចំឈ្មោះថ្នាក់ដឹកនាំ និង មន្ត្រីជំនាញទទួលបន្ទុកនីតិវិធីចលនាឥណនទានថវិកាចរន្ត នៅតាមអង្គភាពនីមួយៗ ស្របតាមតួនាទី និង ភារកិច្ច និងត្រូវចូលរួមវគ្គបណ្តុះបណ្តាលទៅតាមកាលវិភាគដែលក្រុមការងារ FMIS បានរៀបចំ និងត្រៀមខ្លួនប្រើប្រាស់ប្រព័ន្ធដោយយកចិត្តទុកដាក់ខ្ពស់ និង មានការទទួលខុសត្រូវ ។
គួររំលឹកផងដែរថា ក្រសួង-ស្ថាប័ន ចំនួន ៨ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល ដែលបានចូលរួមនៅក្នុងកម្មវិធីបញ្ជ្រាបការយល់ដឹងនេះដែលមានដូចជា៖ ១. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ; ២. ក្រសួងបរិស្ថាន; ៣. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា; ៤. ក្រសួងធម្មការ និងសាសនា; ៥. ក្រសួងរ៉ែ និងថាមពល; ៦. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍; ៧. ក្រសួងយុត្តិធម៌ និង ៨. អាជ្ញាធរសវនកម្មជាតិ ៕