+855 23 43 00 63

15

Feb, 2018

ការកាត់បន្ថយនីតិវិធីអនុវត្តការងារដែលមិនផ្តល់តម្លៃបន្ថែម នឹងជំរុញឱ្យការអនុវត្តប្រតិបត្តិការកាន់តែលឿន និងមានប្រសិទ្ធភាព

ដោយ៖: | Tags: | មតិយោបល់: 0

មានប្រសាសន៍នៅក្នុងសិក្ខាសាលាមួយស្តីអំពី “ឧត្តមានុវត្តន៍អន្តរជាតិក្នុងការអនុវត្តដំណើរការទូទាត់ ” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ចកិច្ច និង ហិរញ្ញវត្ថុ កន្លងទៅ លោក មន្ត ប្រាថ្នា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងជាប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS  ឱ្យដឹងថា រហូតមកដល់ពេលនេះ ការប្តូរនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS នៅមិនទាន់ឃើញជាលទ្ធផលនៅឡើយទេ ។ ស្របពេលជាមួយគ្នានេះ លោក មន្ត ប្រាថ្នា ក៏បានរម្លឹកទៅដល់សារមួយកាលពីឆ្នាំ២០១៤ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទៅកាន់ អគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធទាំងអស់ ឱ្យពិនិត្យមើលឡើងវិញនូវនីតិវិធីអនុវត្តការងាររបស់ខ្លួននាពេលបច្ចុប្បន្ន ក្នុងគោលបំណងកាត់បន្ថយនីតិវិធី ដែលមិនបានផ្តល់តម្លៃបន្ថែម ។ ទោះបីជាយ៉ាងនេះក្តី លោក ក៏បានលើកឡើងផងដែរ អំពីសមិទ្ធផលនៃការអនុវត្តប្រព័ន្ធ FMIS កន្លងមក ដោយក្នុងនោះប្រព័ន្ធអាចផលិតរបាយការណ៍បាន និងការតាមដានការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ ។

ផ្អែកតាមឯកសារ Good Practice Design in Payment Processing របស់លោក Mark Silins ដែលជាជំនាញការមកពីមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា  IMF បានឱ្យដឹងថា ដំណើរការនៃការទូទាត់នៅក្នុងប្រទេសកម្ពុជានៅមានលក្ខណៈនៅឆ្ងាយជាងប្រទេសផ្សេងៗនៅឡើយ ។ នៅឆ្ងាយ គឺដោយសារតែការអូសបន្លាយពេលវេលា នៃការកាត់សម្រួលនីតិវិធីអនុវត្តការងារ (Business Process) ។

ទោះបីយ៉ាងនេះក្តី លោក ជា វណ្ណារ័ត្ន អនុប្រធាននាយកដ្ឋានចំណូល-ចំណាយ នៃអគ្គនាយកដ្ឋានរតនាគារជាតិ បានឱ្យដឹងថា ការអនុវត្តការងាររបស់លោកកន្លងមក ផ្នែកខាងចំណូល មិនមានភាពស្មុកស្មាញនោះទេ ដោយការបញ្ជូនឯកសារនៅតែមាន ។ លោកបញ្ជាក់ថា “នៅក្នុងប្រព័ន្ធ យើងបានកាត់បន្ថយ ដោយដំណាក់កាលទី១ បានបញ្ចូលប្រតិបត្តិការនៅគ្រប់ មុខងារ (Module)របស់ប្រព័ន្ធ  ហើយមានភាពងាយស្រួលជាងមុន ដោយបានកាត់បន្ថយប្រើប្រាស់ឯកសារច្រើន កាត់បន្ថយពេលវេលា និងកាត់បន្ថយការជួបគ្នា និងធ្វើឡើងមានតែពីរដំណាក់កាលប៉ុណ្ណោះគឺ one add one confirm។” បើតាមការបញ្ចាក់ពីលោក ជា វណ្ណារ័ត្ន លោកពិតជាគាំទ្រយ៉ាងខ្លាំងក្នុងការកាត់សម្រួលនីតិវិធីអនុវត្តការងារឱ្យកាន់តែខ្លី ដើម្បីឱ្យការបង្វែរចំណូលទៅឱ្យថ្នាក់ខេត្ត និងថ្នាក់ក្រោមជាតិ កាន់តែមានភាពឆាប់រហ័ស និងប្រសិទ្ធភាព ។

ពាក់ព័ន្ធនឹងការកាត់សម្រួលនីតិវិធីអនុវត្តការងារនេះដែរ លោក ហួត សេរីមង្គល ប្រធានការរិយាល័យចំណូល-ចំណាយ នៃអគ្គនាយដ្ឋានរតនាគារជាតិ ក៏បានសម្តែងការព្រួយបារម្ភផងដែរ ដោយលោកបានលើកឡើងថា លោកពិតជាសាទរ ក្នុងការធ្វើឱ្យនីតិវិធីអនុវត្តការងារកាន់តែប្រសើរឡើង ហើយវាត្រូវតែមានការប្តេជ្ញាអនុវត្តផងដែរពីថ្នាក់ដឹកនាំកំពូល ប៉ុន្តែអ្វីដែលលោកព្រួយបារម្ភនោះគឺ កាលណាកាត់បន្ថយចរន្តនៃការងារកាន់តែខ្លីពេក នឹងធ្វើឱ្យបាត់ការត្រួតពិនិត្យ ។ ស្របពេលជាមួយគ្នានេះដែរ លោកក៏បានស្នើឱ្យមានការកាត់បន្ថយពេលវេលា ជាងការកាត់បន្ថយនូវជំហាន ។

ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ លោក មន្ត ប្រាថ្នា បានលើកឡើងថា ការគ្រាន់តែកាត់ពេលវេលា ដោយមិនកាត់ដំណើរការនីតិវិធីអនុវត្តការងារ គឺជារឿងទៅមិនរួច ។ ទៅមិនរួច គឺដោយសារតែ ឯកសារមិនចេះដើរខ្លួនឯង ហើយមនុស្សទេ ដែលយកពីកន្លែងមួយទៅកន្លែងមួយ ។ លោកបញ្ជាក់បន្ថែមថា “ ឧទាហរណ៍ យើងយកឯកសារទៅចុះនៅខាងរដ្ឋបាល ចុះបើខាងរដ្ឋបាលគាត់អត់នៅ ឬក៏គាត់ទុកឯកសារយើងចោល ដោយយើងកំណត់ពេលយ៉ាងយូរពីរថ្ងៃចេញពីកន្លែងចុះហ្នឹង តើវាទៅរួចឬអត់ប្រសិនបើមិនមានមនុស្សទៅយក ហើយក៏គ្មានច្បាប់កំណត់ពីចំនួនថ្ងៃដែលចុះលេខ រួចហើយឱ្យឯកសាររត់តទៅកន្លែងមួយទៀតក៏អត់មានដែរ អ៊ីចឹង យើងត្រូវគិតគូទាំងពីរ ទាំងកាត់បន្ថយជំហាន និងពេលវេលាផងដែរ ។”

ដោយឡែកលោក Mark Silins ក៏បានឆ្លើយតបទៅនឹងបញ្ហាពាក់ព័ន្ធនឹងការបាត់ការត្រួតពិនិត្យនោះដែរថា អ្វីដែលគួរតែផ្តោតជាចំបងនោះគឺមិនមែនការកាត់ចំនួននៃការត្រួតពិនិត្យនោះឡើយ ប៉ុន្តែគឺត្រូវឱ្យប្រាកដថាការត្រួតពិនិត្យនៅក្នុងប្រព័ន្ធ FMIS ត្រូវតែមានភាពត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ។  ហេតុនេះ វាមិនចាំបាច់ឡើយក្នុងការឱ្យមានការត្រួតពិនិត្យច្រើនកន្លែងនោះ ។