
19
Jul, 2023
បញ្ចប់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមស្ដីពី “គន្លឹះថ្មីៗបន្ថែមលើការប្រើប្រាស់ FMIS”
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមស្ដីពី “គន្លឹះថ្មីៗបន្ថែមលើការប្រើប្រាស់ FMIS” ជូនក្រសួង-ស្ថាប័ន, អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រតនាគាររាជធានី-ខេត្ត, និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ដែលបាននិងកំពុងប្រើប្រាស់ FMIS ។ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមខាងលើ ដឹកនាំដោយ លោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS មានសិក្ខាកាមចូលរួមសរុបចំនួន ១៥១៧ រូប ក្នុងនោះមានស្ត្រីចំនួន ៦២៧ រូប ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២៣ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ដោយប្រើប្រាស់កម្មវិធី Zoom ។
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមនេះ ក្រុមការងារបានដកស្រង់ពីពីបញ្ហា និង កំហុសដែលកើតឡើងជាញឹកញាប់ ដោយទទួលបានពីអ្នកប្រើប្រាស់តាមរយៈដោយផ្ទាល់ និង ប្រយោល តួយ៉ាងតាមរយៈប្រព័ន្ធជំនួយគាំទ្រ PK-The Helper ជាដើម ដែលក្រុមការងារបានដោះស្រាយជូនរួចរាល់មកចែករំលែកជូនដល់អ្នកប្រើប្រាស់ ។ ក្រុមការងារក៏បានលើកយកគន្លឹះថ្មីបន្ថែមលើការប្រើប្រាស់ FMIS មកចែករំលែកជូនដល់អ្នកប្រើប្រាស់ផងដែរ ។
ក្រសួង-ស្ថាប័ន, អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត, រតនាគាររាជធានី-ខេត្ត, និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ទទួលបានចំណេះដឹងថ្មីៗ ចំណុចគន្លឹះសំខាន់ៗពីការប្រើប្រាស់ FMIS ដែលអាចជួយសម្រួលដល់ការចុះប្រតិបត្តិការ ការប្រើប្រាស់មុខងារថ្មី និង បានយល់ពីសារៈប្រយោជន៍នៃការទាញយករបាយការណ៍ចេញពី FMIS មកប្រើប្រាស់តាមតម្រូវការជាក់ស្តែង ។ ជាមួយគ្នានេះដែរសិក្ខាកាមទាំងអស់បានចូលរួមយ៉ាងផុសផុលក្នុងការសាកសួរសំណួរ និង សំណូមពរផ្សេងៗដល់ក្រុមការងារ ដើម្បីជួយដោះស្រាយប្រកបដោយប្រសិទ្ធភាព ព្រមទាំងមានការពេញចិត្តចំពោះការរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែម ដោយអាចទទួលបាននូវចំណេះដឹងថ្មីៗ និង បច្ចុប្បន្នភាពនៃមុខងាររបស់ FMIS និង អាចចែករំលែកចំណេះដឹងថ្មីៗទាំងនោះជូនទៅអ្នកប្រើប្រាស់ផ្សេងទៀតក្នុងក្រសួង-ស្ថាប័ន និង អង្គភាពរបស់ខ្លួន ៕
[កម្រងរូបភាពក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែម]