+855 23 43 00 63

9

Oct, 2023

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំគណៈកម្មាការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃឆមាសទី១ ឆ្នាំ ២០២៣

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីពិនិត្យ និង ពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ក្រុមការងារបច្ចេកទេស TWG, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំដោយផ្ទាល់ នាព្រឹកថ្ងៃចន្ទ ១១កើត ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ ដែលមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍន៍ប្រចាំនៅកម្ពុជា, តំណាងអង្គការមិនមែនរដ្ឋាភិបាល, តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និង អង្គភាពពាក់ព័ន្ធ តាមរយៈតាមប្រព័ន្ធសន្និសីទវីដេអូ សរុបប្រមាណជិត ៤០០ នាក់ ។

ក្នុងនោះអង្គប្រជុំទាំងមូល ក៏បានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពនៃអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅតាមក្រសួង-ស្ថាប័ន ថា ការប្រើប្រាស់ FMIS គឺជាឧបករណ៍គន្លឹះក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយអ្នកប្រើប្រាស់ទទួលស្គាល់ថា FMIS មានតម្លាភាព, ងាយស្រួលក្នុងការគ្រប់គ្រងចំណូល-ចំណាយ, មានភាពរហ័ស និង ទាន់ពេលវេលា ជាពិសេសការអនុវត្តនីតិវិធីកាត់តម្រឹមតាម FMIS ទាំងស្រុង ។ ជាការសន្និដ្ឋាននៅក្នុងឆមាសទី១ នេះ សមិទ្ធកម្មសំខាន់ៗនៃវឌ្ឍនភាពសម្រាប់ការអនុវត្ត FMIS កាន់តែល្អប្រសើរ និង គួរឱ្យកត់សម្គាល់ ខណៈពេលដែលអ្នកប្រើប្រាស់អាចទាញយកទិន្នន័យពីក្នុងប្រព័ន្ធ យកមកប្រើប្រាស់បានតាមតម្រូវការ និង ប្រកបដោយភាពជឿជាក់ ។

នៅក្នុងកិច្ចប្រជុំនេះដែរ តំណាងដៃគូអភិវឌ្ឍន៍ បានបង្ហាញចំណាប់អារម្មណ៍ និងអបអរសាទរចំពោះកិច្ចការកែទម្រង់ហិរញ្ញវត្ថុសាធារណៈដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងសហការសម្រេចបានយ៉ាងជោគជ័យចាប់តាំងពីជំហានទី១ រហូតមកដល់ពេលនេះ ។ ទន្ទឹមនឹងនេះ តំណាងដៃគូអភិវឌ្ឍន៍ មានការចាប់អារម្មណ៍ជាខ្លាំងពាក់ព័ន្ធនឹងការតម្រឹមនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង ទៅកាន់ក្រសួង-ស្ថាប័ន និង បានស្នើសុំឱ្យមានការគិតគូរលើ ការរៀបចំផែនការសកម្មភាពលម្អិតសម្រាប់ការផ្លាស់ប្តូរលើនីតិវិធីនេះបន្ថែមទៀតឱ្យកាន់តែមានភាពប្រសើរឡើង និង ក្នុងល្បឿនលឿនតាមដែលអាចទៅអនុវត្តបាន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានថ្លែងក្នុងអង្គប្រជុំអំពីការអនុវត្ត FMIS ផងដែរថា ក្រុមការងារគ្រប់គ្រង FMIS ត្រៀមនឹងសហការជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការកំណត់ផែនទីចង្អុលផ្លូវ ដើម្បីគាំទ្រដល់ប្រសិទ្ធភាពក្នុងការប្រើប្រាស់ FMIS ។ ចំណែកឯការតម្រឹមនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង ដែលបានអនុវត្តជាមួយក្រសួង-ស្ថាប័នចាប់តាំងពីឆ្នាំ ២០២០ កន្លងមក បានស្តែងឱ្យឃើញពីប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធ មានថេរវេលាលឿនជាងមុន បើធៀបជាមួយនឹងការអនុវត្តនាពេលកន្លងមក ។ ទន្ទឹមនឹងនោះការពង្រឹងការអនុវត្តមាតិកាថវិកាឱ្យបន្តបានប្រើប្រាស់ដល់គ្រប់អង្គភាពចំណាយ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានត្រៀមខ្លួនរួចជាស្រេច និង ស្នើសុំឱ្យអង្គភាពពាក់ព័ន្ធចូលរួមការសហការ ដើម្បីអាចសម្រេចកិច្ចការនេះបានតាមការគ្រោងទុក ។