+855 23 43 00 63

2

Feb, 2024

តំណាងធនាគារពិភពលោកប្រចាំនៅកម្ពុជា (The World Bank) បង្ហាញការស្ងើចសរសើរពីវឌ្ឍនភាពរបស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)

ដោយ៖: | Tags: | មតិយោបល់: 0

“នេះជាភាពជោគជ័យគួរឱ្យកត់សម្គាល់មួយ ដែលក្រសួង-ស្ថាប័នចំនួន ៨ បានដំណើរការនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង ជាកត្តាចូលរួមចំណែកគាំទ្រយ៉ាងសំខាន់ក្នុងការបម្រើសេវាសាធារណៈនៅកម្ពុជា” តំណាងធនាគារពិភពលោកប្រចាំនៅកម្ពុជាបានលើកឡើង ក្នុងជំនួបកិច្ចពិភាក្សាដើម្បីត្រួតពិនិត្យទៅលើវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ។

ក្នុងកិច្ចប្រជុំនេះ ក្រុមការងារ FMIS បានបង្ហាញជូនតំណាងធនាគារពិភពលោកប្រចាំនៅកម្ពុជា នូវទិដ្ឋភាពទូទៅកម្មវិធីតាមប្រតិបត្តិការ (FMIS Monitoring Tool) នៅក្នុង FMIS អំពីការពិនិត្យ តាមដាន និង ការទាញយករបាយការណ៍ ជាពិសេសកត្តាចំណេញពេលវេលា និង ថវិកាសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រសួង-ស្ថាប័ន តាម FMIS ទាំងស្រុង ដែលនីតិវិធីចាស់មានភាពវែងអន្លាយ និង ចំណាយពេលវេលាច្រើន ។

ឆ្លើយតបទៅជំនួបពិភាក្សាយ៉ាងផុលផុស ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  បានគូសបញ្ជាក់ថា “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬ ហៅកាត់ថា FMIS” ត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាប្រព័ន្ធស្នូលតែមួយគត់នៅកម្ពុជាសម្រាប់ប្រើប្រាស់ និង ឆ្លុះបញ្ចាំង​ ការគ្រប់គ្រង ការរៀបចំ ការអនុវត្ត ការតាមដាន ការត្រួតពិនិត្យលើ​ការអនុវត្តចំណូល និងចំណាយថវិការដ្ឋ និង កិច្ចប្រតិបត្តិការហិរញ្ញវត្ថុនិងគណនេយ្យនៃថវិការដ្ឋ ព្រមទាំង​ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ។ ជាមួយការបង្ហាញនូវសមិទ្ធផលធំៗជាច្រើនដែលក្រុមការងារ FMIS បាននិងកំពុងសម្រេចបានជាបន្តបន្ទាប់ ជាពិសេសគឺ ការអភិវឌ្ឍន៍កម្មវិធីកញ្ចក់ថវិកា និង កម្មវិធីតាមដានប្រតិបត្តិការ ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ ពោលគឺអភិបាលហិរញ្ញវត្ថុ ។

ជាលទ្ធផល, ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណដល់តំណាងធនាគារពិភពលោកប្រចាំនៅកម្ពុជា ដែលតែងតែគាំទ្ររាល់សកម្មភាពរបស់ក្រុមការងារ FMIS ជាពិសេសផ្តល់ជាធាតុចូលដ៏មានសារប្រយោជន៍ ដើម្បីពង្រឹងគុណភាពរបស់ FMIS បន្ថែម ។ ទន្ទឹមនេះ តំណាងធនាគារពិភពលោកប្រចាំនៅកម្ពុជា ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមអគ្គនាយក និង ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានចំនាយពេលវេលា និង បានផ្តល់ជាធាតុចូលសំខាន់ៗ ដើម្បីដាក់បញ្ចូលទៅក្នុងរបាយការណ៍ និង ពិភាក្សាបន្តទៀតក្នុងគោលបំណងពង្រឹង និង ពង្រីកការអនុវត្ត FMIS ឱ្យកាន់តែប្រសើរឡើង ។

ជំនួបពិភាក្សាជាមួយតំណាងធនាគារពិភពលោកប្រចាំនៅកម្ពុជា (WB) និង អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ប្រព្រឹត្តិនៅថ្ងៃ ព្រហស្បតិ៍ ៧រោច ខែ បុស្ស ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅបន្ទប់ប្រជុំនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៕