
28
May, 2021
តំណាងដៃគូអភិវឌ្ឍន៍ពិភាក្សានិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS
កាលពីព្រឹក ថ្ងៃ ព្រហស្បតិ៍ ១ រោច ខែ ជេស្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២១ តំណាងដៃគូរអភិវឌ្ឍន៍នៅកម្ពុជារួមមាន លោក Javier Castillo Alvarez តំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និង លោក Sebastien Dubost ជំនាញការអន្តរជាតិ ព្រមទាំង លោកបណ្ឌិត Sokbuntheoun So តំណាងធនាគារពិភពលោក (WB) បានបន្តបេសកកម្មរបស់ខ្លួន ដើម្បីជួបពិភាក្សាត្រួតពិនិត្យ និង វាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជំហានទី ២ និង គោលដៅបន្តក្នុងការអនុវត្តគម្រោង FMIS ជំហានទី៣ ជាមួយ ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS, និងលោក អៀច សេដ្ឋា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS អមដោយក្រុមការងារនៃលេខាធិការដ្ឋាន ។
ក្នុងកិច្ចពិភាក្សានាព្រឹកនេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបង្ហាញពីសមិទ្ធិផលធំៗ ដែលក្រុមការងារ FMIS សម្រេចបានក្នុងជំហានទី ២ និង បានបង្ហាញលម្អិតពីទិសដៅបន្តក្នុងការអនុវត្តគម្រោង FMIS នៅជំហានទី ៣ ជូន តំណាងសហភាពអឺរ៉ុប និង តំណាងធនាគារពិភពលោក ។ ឆ្លៀតក្នុងឱកាសនេះផងដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញលើមុខងារលទ្ធកម្មពេញលេញ ដែលជាមុខងារថ្មីនៃប្រព័ន្ធ FMIS ដែលត្រូវបានដាក់ឱ្យអនុវត្តសាកល្បងក្នុងឆ្នាំ ២០២១ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន និង ក្រសួងកិច្ចការនារី ។
តំណាងសហភាពអឺរ៉ុប ក៏បានចូលរួមជាមតិយោបល់ និង ជំរុញដល់ការគិតគូរលើសកម្មភាពគ្រប់គ្រងការផ្លាស់ប្តូរនៅតាមការដ្ឋាននានា ដើម្បីបន្តដល់ការអនុវត្តប្រព័ន្ធ FMIS ក្នុងកាលៈទេសៈដ៏លំបាកដែលបង្កឡើងដោយការរីករាលដាលនៃជម្ងឺកូវីដ-១៩ ឱ្យកាន់តែរលូន និង មានការចូលរួមសហការពីអ្នកពាក់ព័ន្ធបន្ថែមទៀត ។ តំណាងសហភាពអឹរ៉ុប និង តំណាងធនាគារពិភពលោកបានវាយតម្លៃខ្ពស់លើវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជំហានទី ២ និង ការរៀបចំផែនការសកម្មភាពសម្រាប់ជំហានទី ៣ ដែលមានលក្ខណៈច្បាស់លាស់ និង ការគិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេសបញ្ហាប្រឈមដែលអាចកើតមានឡើង ។