+855 23 43 00 63

8

Sep, 2017

លទ្ធផលនៃការដាក់ដេញថ្លៃឧបករណ៍ផ្គត់ផ្គង់ប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចូលរូមក្នុងកិច្ចប្រជុំមួយ ដើម្បីពិនិត្យលើលទ្ធផលដំបូងនៃការវាយតម្លៃឯកសារដេញថ្លៃទាំង ២ កញ្ចប់រួមគ្នា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS  ព្រមទាំង មានការចូលរួមពីសមាជិកគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃ (រួមមានតំណាងមកពី អគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល) ក្នុងការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី២។

ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញពាក់ព័ន្ធទៅនឹងលក្ខខណ្ឌនៃឯកសារដេញថ្លៃ ដែលនៅក្នុងនោះជាលទ្ធផល រួមមាន ក្រុមហ៊ុនចំនួន ៣   ចូលរួមដេញថ្លៃសម្រាប់កញ្ចប់ឧបករណ៍ End User និងក្រុមហ៊ុនចំនួន ៤ ចូលរួមដេញថ្លៃ សម្រាប់កញ្ចប់ WAN/LAN ដែលការដាក់ដេញថ្លៃនេះ ប្រើប្រាស់រយៈពេល ២សប្តាហ៍ស្របតាមនីតិវិធីលទ្ធកម្ម។

ជាលទ្ធផលនៃអង្គប្រជុំំ គណៈកម្មការបានសម្រចជ្រើសរើសក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងអស់ដែលបានចូលរួម   ដោយឡែកការសម្រេចនេះមិនទាន់ជាផ្លូវការ១០០% ឡើយ ដោយហេតុក្រុមការងារនឹងធ្វើការពិភាក្សា ចរចារបន្ថែមទៅលើតម្លៃផ្គត់ផ្គង់ មិនឲ្យលើសពីថវិកាដែលបានគ្រោងទុក។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានបន្ថែមថា ក្រុមការងារត្រូវផ្តល់ជាដំណឹងចំពោះក្រុមហ៊ុនដែលមិនត្រូវបានជ្រើសរើសជាអ្នកផ្គត់ផ្គង់ ដើម្បីជាតម្លាភាពដល់ភាគីពាក់ព័ន្ធទាំងអស់។