+855 23 43 00 63

27

Feb, 2024

កិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍វាយតម្លៃនៃការអនុវត្ត FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ស្របតាមផែនការ នៃការអនុវត្តសកម្មភាពគ្រប់គ្រងការផ្លាស់ប្តូរ នៅក្នុងជំហានទី៣ និង ក្នុងន័យបន្តពង្រឹងគុណភាពក្នុងការអនុវត្តគម្រោង FMIS ដែលដឹកនាំដោយ ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំពិភាក្សា សិក្សា និង ប្រមូលធាតុចូលសម្រាប់ការរៀបចំឯកសារវាយតម្លៃអំពីការប្រើប្រាស់ FMIS នៅតាមការដ្ឋានលើការប្រើប្រាស់មុខងារស្នូល FMIS, មុខងាររៀបចំផែនការថវិកា (BP), មុខងារលទ្ធកម្មពេញលេញ (PR) និង ការធ្វើសន្ធានកម្មជាមួយប្រព័ន្ធគ្រប់គ្រងបៀវត្សមន្ត្រីរាជការស៊ីវិល (PRIS) ដែលបាននឹងកំពុងអនុវត្ត FMIS ផងដែរ ។  ការវាយតម្លៃនៃការអនុវត្តនេះ ត្រូវធ្វើឡើងក្នុងកម្រិត ក្រសួង-ស្ថាប័ន (រួមទាំងអង្គភាពថវិកាអណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល) និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត សរុបចំនួន ៦២ ការដ្ឋាន ។

នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំ និង មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើចំណុចវិជ្ជមាន, បញ្ហាប្រឈម និង សំណូមពរនានារបស់អ្នកប្រើប្រាស់ដែលបានអនុវត្តនាពេលកន្លងមក ។ លទ្ធផលនៃការវាយតម្លៃនេះ បានក្លាយជាមូលដ្ឋានក្នុងការរៀបចំនូវវិធីសាស្រ្តផ្សព្វផ្សាយ និងបណ្តុះបណ្តាល, ដោះស្រាយបញ្ហាប្រឈម និង កែលម្អការអនុវត្តគម្រោង FMIS ឱ្យកាន់តែប្រសើរ និង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់បានទាន់ពេលវេលា និង ដំណើរការរលូន ។

យោងតាមការពិនិត្យឃើញនូវបញ្ហាប្រឈម និង សំណូមពរពីអ្នកប្រើប្រាស់ ក្រុមការងារការងារ FMIS បានបន្តដោះស្រាយរួចរាល់ បន្ទាប់ពីអ្នកប្រើប្រាស់បានប្រើប្រាស់ប្រព័ន្ធបានមួយរយៈ តាមរយៈការគាំទ្រដោយផ្ទាល់ និង ការគាំទ្រពីចម្ងាយ ។ តាមលទ្ធផល នៃការសិក្សានេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បាននឹងកំពុងគិតគូរលើយន្តការត្រួតពិនិត្យ និង តាមដានការប្រើប្រាស់ FMIS នៅការដ្ឋានថ្មី ព្រមទាំងមានផែនការច្បាស់លាស់សម្រាប់ការបណ្តុះបណ្តាលបំប៉នបន្ថែមជូនអ្នកប្រើប្រាស់ ។ ទន្ទឹមនឹងនោះផងដែរ អ្នកប្រើប្រាស់នៅតែមានការពេញចិត្តលើការប្រើប្រាស់ FMIS ជាពិសេសលើការអនុវត្តនីតិវិធីថ្មីតាម FMIS​ទាំងស្រុង ដែលមិនតម្រូវឱ្យមានបញ្ជូនឯកសារខាងក្រៅ FMIS នោះទេ ដោយអ្នកប្រើប្រាស់បានលើកឡើងពីអត្ថប្រយោជន៍ជាច្រើនដែល FMIS បានជួយសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុនៅតាមក្រសួង-ស្ថាប័នផ្ទាល់ ៕